ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូណេស៊ី​ថាបណ្តា​រដ្ឋមន្ត្រី​អាស៊ាន​នឹង​ពិភាក្សា​បញ្ហា​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ថៃ


រូបឯកសារ៖ ទង់ជាតិមីយ៉ាន់ម៉ាត្រូវបានគ្រវី នៅពេលដែលជនចំណាកស្រុកមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ តវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកំណើតរបស់ពួកគេ នៅមុខអគារអង្គការសហប្រជាជាតិ ESCAP ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទង់ជាតិមីយ៉ាន់ម៉ាត្រូវបានគ្រវី នៅពេលដែលជនចំណាកស្រុកមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ តវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកំណើតរបស់ពួកគេ នៅមុខអគារអង្គការសហប្រជាជាតិ ESCAP ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក Roy Soemirat បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា សមាជិក​នៃ​ប្លុក​អាស៊ាន​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ប្រទេសថៃ​នៅ​ចុងខែ​នេះ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាមទៅភ្នាក់ងារ​សារព័ត៌មាន Reuters។​

លោក​ Roy Soemirat បាន​និយាយ​ថា តាម​ការ​អញ្ជើញ​របស់​ប្រទេស​ឡាវ ដែល​ជាម្ចាស់ផ្ទះ​អាស៊ាន​បច្ចុប្បន្ន កិច្ចប្រជុំ​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​បាន​កើតមាន​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ២០២១មក រួម​ដោយ​រួមមាន​ការ​អនុវត្តផែន​ការ​កិច្ចព្រមព្រៀង​ប្រាំ​ចំណុច​របស់​អាស៊ាន​ផង​ដែរ។

កិច្ចព្រមព្រៀង​ប្រាំ​ចំណុចនេះ​បាន​ធ្វើ​ឱ្យ​មាន​ការវិវឌ្ឍ​តិចតួច ចាប់តាំង​ពី​ការដាក់បង្ហាញក្នុងខែ​មេសា ឆ្នាំ២០២១ ត្រឹម​តែ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​យោធាមីយ៉ាន់ម៉ា​បាន​ដក​រដ្ឋាភិបាល​ជាប់ឆ្នោត​ចេញពីតំណែង។

របប​យោធា​បាន​និង​កំពុង​ប្រយុទ្ធ​នឹង​ការ​បះបោរ​ដែល​បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​ខ្លួន​បាន​ដណ្តើម​អំណាច។ រដ្ឋាភិបាល​យោធា​ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លងមកនេះ ភាគច្រើន​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​ជិតខាង​របស់ខ្លួន ឱ្យ​បញ្ឈប់​អរិភាព និង​ចូល​ទៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​គូប្រជែង​របស់​ខ្លួន។

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូលអាស៊ាន​ក្នុង​ខែតុលា ប្លុកអាស៊ាន​បាន​អំពាវនាវ​ឱ្យ «បញ្ឈប់​ជា​បន្ទាន់» នូវអំពើ​ហិង្សា និង​បង្កើត «បរិយាកាស​អំណោយផល​សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​ការសន្ទនា​ថ្នាក់ជាតិ​រួម» ដែល​ «គ្រប់គ្រង​និង​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា» ។

លោក Roy Soemirat បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេរំពឹងថា​នឹង​ចាប់ផ្តើម​នៅថ្ងៃទី២០ ខែធ្នូ ហើយ​រដ្ឋ​មន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​គេរំពឹងថា​នឹង​ចូលរួម៕

XS
SM
MD
LG