លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ ក្នុងទីក្រុងបាងកក នៅចុងសប្តាហ៍នេះ ដែលគេដឹងថានឹងមានការផ្តោតការយកចិត្តទុកដាក់ និងការពិភាក្សាអំពីបញ្ហាតំបន់ និងសកលផងដែរ។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលបានចេញផ្សាយជាសាធារណៈ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដែលថៃជាម្ចាស់ផ្ទះឆ្នាំនេះនៃកិច្ចប្រជុំប្តូរវេន ក្រោមប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»នេះ នឹងផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹង«កុងសង់ស៊ុស» ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។
រដ្ឋមន្ត្រីការប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងមួយចំនួនទៀត នឹងត្រូវអមដំណើរជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់គម្រោងការចូលរួមក្នុងកិច្ចប្រជុំជាច្រើន រួមទាំងកិច្ចប្រជុំជាមួយនឹងប្រទេសជាដៃគូអាស៊ាន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនទៀតដែរ៕