ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​កែប្រែ​ពាក្យពេចន៍​លើ​សេចក្តី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា


នៅក្នុង​រូបថតដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​នេះ បណ្ដាមេដឹកនាំ​អាស៊ាន​កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ានស្ដី​ពី​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់៉ម៉ា ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុង​រូបថតដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​នេះ បណ្ដាមេដឹកនាំ​អាស៊ាន​កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ានស្ដី​ពី​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់៉ម៉ា ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អំពី​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​ចំណុច​«មូលមតិ»​មួយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រភព​ចំនួន​៣ ដែល​បាន​ដឹង​អំពី​ឯកសារ​នោះ។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​នៅ​ពេល​បញ្ចប់​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍ ពាក្យពេចន៍​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ត្រូវ​បាន​កែប្រែ​ដោយ​មិន​រំពឹង​ទុក និង​មិន​មាន​សំណើ​មុតមាំ​ណាមួយ​ឲ្យ​ដោះលែង​ពួកគេ​នោះ​ទេ។ នេះ​បើ​យោង​តាម​ប្រភព​ចំនួន២​ដែល​បាន​បញ្ជាក់។

អវត្តមាន​នៃ​គោលជំហរ​រឹងមាំ​ទៅ​លើ​បញ្ហា​នេះ​បណ្តាល​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​ដែល​ប្រឆាំង​នឹង​កុបកម្ម​មាន​ការ​ខឹងសម្បា។ ពួកគេ​បាន​បង្កើន​ការ​រិះគន់​ថា​កិច្ចប្រជុំ​នេះ​ទទួល​បាន​ជោគជ័យ​តិចតួច​ក្នុង​របៀប​ដែល​ផ្តល់​អំណាច​ដល់​មេដឹកនាំ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សកម្មជន​នានា​ថ្លែង​ថា​មនុស្ស​ចំនួន ៣.៣៨៩ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ​មក ហើយ​មនុស្ស​ជិត​៧៥០នាក់​ត្រូវ​បាន​សម្លាប់។

«ចំណុច​មូលមតិចំនួន​៥» នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​សមាគម​នៅ​ពេល​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់ថា អាស៊ាន មិន​បាន​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​នោះទេ។​ ទោះជា​យ៉ាង​នេះ​ក្តី សេចក្តី​ថ្លែងការណ៍​នោះ​បាន​លើកលែង​ដាច់​ដោយ​ឡែកថា កិច្ចប្រជុំ​កំពូល​នេះ «បាន​ដឹងឮ» អំពី​ការ​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា។ កិច្ចប្រជុំ​កំពូល​នេះ​មាន​ការ​ចូលរួម​ដោយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​គឺ​លោក Min Aung Hlaing។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោធា​គឺ​មាន​លោកស្រី Aung San Suu Kyi ដែល​គណបក្ស​របស់​លោកស្រី​បាន​ប្រកាស​ជ័យ​ជម្នះ​លើ​ការ​បោះឆ្នោត​មុន​នឹង​មាន​រដ្ឋប្រហារ​កើតឡើង។ ប្រធានាធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​និង​ក្រុម​តំណាងរាស្ត្រ​ផ្សេងៗទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ។

មាន​ការ​ភាន់ច្រឡំ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​នោះ​បញ្ចប់​ ខណៈ​បណ្ដា​មេដឹកនាំ​និង​មន្ត្រី​ការទូត​មួយ​ចំនួន​បាន​ធ្វើ​អត្ថាធិប្បាយដោយ​ស្នើ​ថា​ ការ​មូលមតិ​គ្នា​បាន​សម្រេច​ឡើង​ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Hishammuddin Hussein បាន​ថ្លែងលើ​បណ្តាញ​សង្គម​កាលពីថ្ងៃ​អាទិត្យ​ថា៖ «ម៉ាឡេស៊ី​បាន​ជំរុញ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ និង​ជំរុញ​ឲ្យ​ប្រេសិត​តំណាង​អាស៊ាន​ម្នាក់​ជួប​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ក្រុម​មេដឹកនាំ​បាន​សម្រេច​ការ​មូលមតិ​បែបនេះ»។

មន្ត្រី​មួយ​រូប​ក្នុង​ខុទ្ទកាល័យ​លោក Hishammuddin បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters យោង​ទៅ​តាម​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ដែល​បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ។

ប្រភព​ចំនួន​២​ដែល​បាន​ឃើញ​សេចក្តី​ព្រាង​ពាក់ព័ន្ធ​នឹង​ចំណុច​មូលមតិ​នោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ជា​អនាមិក​ថា​ ពួកគេ​មាន​ការភ្ញាក់​ផ្អើល​ដែលពាក្យពេចន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​កែប្រែ ប៉ុន្តែ​ពួកគេ​មិនបាន​និយាយ​ថា​ដោយ​របៀបណា​ឬ​នៅ​ពេលណា​នោះទេ។ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters មិន​ទាន់​បាន​ឃើញ​សេចក្តី​ព្រាង​នោះ​ទេ។

នៅ​មិនទាន់មាន​ការ​ឆ្លើយតបភ្លាមៗ​ណាមួយ​ទៅ​នឹង​សំណើ​សុំការ​អធិប្បាយ​ពី​រដ្ឋមន្ត្រី​ការបរទេស​ប្រ៊ុយណេ​ ដែល​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​នៅ​ឡើយ​ទេ។

លោក Phil Robertson នាយករងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី បានថ្លែងថា អ្នកទោស​នយោបាយ​នានា​នឹង​ត្រូវ «ពាក់ព័ន្ធ​នៅ​ក្នុង​ដំណោះស្រាយ​ដែល​ត្រូវ​បាន​ចរចា​ចំពោះ​វិបត្តិ​នេះ»។

ទោះជា​យ៉ាង​នេះក្តី ​ចំណុច​មូលមតិ​ទាំង៥​ ក៏​មាន​រួមបញ្ចូល​ការ​ជំរុញ​ឲ្យ​«ភាគី​ទាំង​អស់» នៅ​មីយ៉ាន់ម៉ា​ចូលរួម​ក្នុង​កិច្ចចរចា​ផង​ដែរ។

ចំណុច​ដទៃ​ទៀត​នៃ​ការ​មូលមតិ​គឺ​ការ​បញ្ចប់​អំពើ​ហិង្សា ការ​បង្កើត​ឲ្យ​មាន​ប្រេសិត​ពិសេស​របស់​អាស៊ាន​ម្នាក់ ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​មួយ​រូប​ទៅ​កាន់​មីយ៉ាន់ម៉ា​ដើម្បី «ជួបជាមួយ​ភាគីពាក់​ព័ន្ធ​ទាំងអស់»។

នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី​លោក Lee Hsien Loong បានថ្លែងថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ ក្រុម​មេដឹកនាំ​និង​អ្នក​តំណាង​របស់​ពួកគេ​បាន​ថ្លែង​សុន្ទរកថា​ទៅ​លើ​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មេដឹកនាំ​រដ្ឋប្រហារ​លោក Min Aung Hlaing លើកឡើង​ពី​ទស្សនៈ​របស់​លោក​ចុង​ក្រោយ​គេ។

លោក Lee បានថ្លែងថា៖ «លោក [Min Aung Hlaing] បាន​ថ្លែងថា លោកបាន​ដឹងឮ​ពីអ្វី​ដែល​យើង​និយាយ ហើយ​លោក​នឹង​យក​ចំណុច​ណា​ដែល​ល្អ​ទៅ​ពិចារណា»៕


ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG