ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ពលរដ្ឋ​អាមេរិកាំង​ណា​ខ្លះ​ដែល​នឹង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​នៅ​សហរដ្ឋ​អាមេរិក?


ស្លាកសញ្ញាបោះឆ្នោត​ត្រូវបាន​ដាក់​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​អ្នក​ដែល​ទៅ​បោះឆ្នោត​មុន​កាលកំណត់ នៅ​ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋ​អាមេរិក។ ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតីសហរដ្ឋអាមេរិក​គឺ​នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ស្លាកសញ្ញាបោះឆ្នោត​ត្រូវបាន​ដាក់​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​អ្នក​ដែល​ទៅ​បោះឆ្នោត​មុន​កាលកំណត់ នៅ​ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋ​អាមេរិក។ ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតីសហរដ្ឋអាមេរិក​គឺ​នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ ពលរដ្ឋ​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​នឹង​កំណត់​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​រដ្ឋសភា​និង​ព្រឹទ្ធសភា​សម្រាប់​រយៈពេល ២ ឆ្នាំ​ខាង​មុខ និង​ក៏​ជា​ការ​បោះឆ្នោត​មួយ​សម្រាប់​ជ្រើសរើស​សមាជិក​សភា​ថ្នាក់​រដ្ឋ​និង​មន្ត្រី​ថ្នាក់​រដ្ឋ​ជា​ច្រើន​រូប​ផង​ដែរ។

ប្រសិនបើ​ការ​បោះឆ្នោត​លើក​នេះ​មាន​លំនាំ​ដូច​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​លើក​មុនៗ​ដែរ នោះ​គេ​អាច​រំពឹងទុក​ថា​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​នឹង​ចេញ​ទៅ​បោះឆ្នោត ដែល​ចំនួន​នេះ​ប្រហែល​ជា​តិច​ជាង​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ។

ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew (Pew Research Center) កាលពី​ខែ​សីហា​បាន​រក​ឃើញ​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​តែ ៣៦% ប៉ុណ្ណោះ​បាន​និយាយ​ថា ពួកគេ «បាន​គិត​ពិចារណា​ច្រើន» ចំពោះ​ការ​បោះឆ្នោត​លើក​នេះ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ អ្នក​ដែល​បាន​គិត​ថា​នឹង​ចេញ​ទៅ​បោះឆ្នោត​គឺ​ទំនងជា​ពលរដ្ឋ​ស្បែក​ស​វ័យ​ចំណាស់​ច្រើន​ជាង​ពលរដ្ឋ​ទូទៅ។

ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បង្ហាញ​ថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ៥០% ដែល​មាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​បាន​គិត​ពិចារណា​ច្រើន​អំពី​ការ​បោះឆ្នោត​លើក​នេះ បើ​ប្រៀប​ជាមួយ​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ២០% ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៩ ឆ្នាំ។

បើ​យោង​តាម​ការ​ស្ទង់មតិ​នេះ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​គិត​ពិចារណា​ខ្លាំង​ជាង​គេ​ចំពោះ​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​លើក​នេះ​គឺ​ជាតិសាសន៍​ស្បែក​ស​ដែល​មាន​ចំនួន ៤០% ហើយ​បន្ទាប់​មក​គឺ​ជាតិសាសន៍ Hispanic ដែល​មាន​ចំនួន ៣០% ជាតិ​សាសន៍​ស្បែក​ខ្មៅ​ចំនួន ២៧% និង​ជាតិ​សាសន៍​អាស៊ី​ចំនួន ១៧%៕

XS
SM
MD
LG