ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​មាន​«ភាព​ចលាចល»


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ការកាត់បន្ថយ​ឱនភាព​នៅក្នុង​បន្ទប់ Roosevelt នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ការកាត់បន្ថយ​ឱនភាព​នៅក្នុង​បន្ទប់ Roosevelt នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។

ដោយ​រង​សម្ពាធ​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បញ្ហា​អតិផរណា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រិះគន់​ខ្លាំងៗ​កាលពី​ថ្ងៃ​ចន្ទ​លើ​គណបក្ស​សាធារណរដ្ឋ ដោយ​បាន​ព្រមាន​ថា ផែនការ​សេដ្ឋកិច្ច​របស់​គណបក្ស​នេះ​នឹង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រសិនបើ​គណបក្ស​នេះ​ឈ្នះ​បាន​ការ​គ្រប់គ្រង​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Biden បាន​ថ្លែង​ដូច្នេះ នៅ​ពេល​ដែល​លោក​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​ក្រុម​បុគ្គលិក​វ័យ​ក្មេង​ដ៏​ស្វាហាប់​របស់​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ (DNC) នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មាធិការ​នេះ។

ដោយ​មាន​រយៈពេល​ប្រហែល​តែ ២ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ចូល​មក​ដល់ ការ​ស្ទង់មតិ​កន្លង​មក​បាន​បង្ហាញ​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​ជាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​អាសនៈ​រដ្ឋសភា​និង​មាន​ការ​ប្រជែង​ប្រកៀក​ប្រកិត​គ្នា​សម្រាប់​អាសនៈ​ព្រឹទ្ធសភា។

លោក Biden បាន​លើកឡើង​អំពី​ការ​បញ្ជាក់​របស់​ថ្នាក់​ដឹកនាំ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ថា​ពួកគេ​ប្រហែល​ជា​នឹង​មិន​ព្រម​អនុម័ត​ឱ្យ​មាន​ការ​បង្កើន​កម្រិត​បំណុល​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​នោះ​ឡើយ។ ការ​ធ្វើ​ដូច្នេះ​អាច​បណ្ដាល​ឱ្យ​សហរដ្ឋ​អាមេរិក​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​មិន​កាត់​បន្ថយ​អាទិភាព​ចំណាយ​មួយ​ចំនួន​របស់​លោក Biden។

លោក Biden បាន​និយាយ​ដូច្នេះ​ថា៖ «គណបក្ស​សាធារណរដ្ឋ​បាន​តាំងចិត្ត​យក​សេដ្ឋកិច្ច​ធ្វើ​ជា​ចំណាប់​ខ្មាំង។ វា​គ្មាន​អ្វី​ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ជាង​រឿង​នេះ​ទេ។ ...គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ខូច​ខ្ទេចខ្ទាំ»។

លោក Biden បាន​បន្ថែម​ថា លោក​នឹង​មិន​ឯកភាព​តាម​ការ​ព្យាយាម​ណា​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ចង់​ឱ្យ​កាត់​បន្ថយ​កម្មវិធី​ចំណាយ​មួយ​ចំនួន​ដូចជា​កម្មវិធី​ផល​ប្រយោជន៍​សន្តិសុខ​សង្គម​សម្រាប់​អ្នក​ចូល​និវត្តន៍​ជាដើម​នោះ​ឡើយ។

ទិន្នន័យ​ស្ទង់មតិ​របស់ Reuters/Ipsons បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​មាន​ការ​ខ្វាយខ្វល់​ខ្លាំង​បំផុត​រឿង​អតិផរណា និង​បន្ទាប់មក​រឿង​ការងារ អំពើ​ហិង្សា​ដោយសារ​កាំភ្លើង និង​សិទ្ធិ​រំលូត​កូន។

គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក Biden នេះ ដោយ​អ្នកស្រី Emma Vaugh ដែល​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​នេះ បាន​និយាយ​ថា៖ «អ្នក​បោះឆ្នោត​ដឹង​ថា នៅ​ពេល​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​រដ្ឋាភិបាល សហរដ្ឋ​អាមេរិក​ជួប​បញ្ហា​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ឧក្រិដ្ឋកម្ម​ច្រើន​ជាង​មុន ហើយ​ប្រទេស​ជាតិ​តម្រង់​ឆ្ពោះ​ទៅ​រក​ទិសដៅ​ខុស»៕

XS
SM
MD
LG