ពលរដ្ឋខ្មែរអាមេរិកាំងចង់ឃើញការផ្ទេរអំណាចដំណើរការដោយរលូន នៅពេលដែលពួកគេសង្កេតឃើញការរៀបចំការផ្ទេរតំណែងប្រធានាធិបតីស.រ.អា.ប្រព្រឹត្តទៅដោយសន្តិវិធីជាង២៤០ឆ្នាំ។ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងបានថ្លែងថា ការតម្កល់ច្បាប់ជាធំការមានឆន្ទៈបម្រើប្រទេសជាតិ ហើយនឹងការជួយដល់អ្នកកាន់អំណាចថ្មីបានចូលកាន់មុខតំណែង គឺជាការឆ្លុះបញ្ចាំងថា មេដឹកនាំនយោបាយក្នុងប្រទេសគឺជាអ្នកគិតគូរពីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋជាធំ។
នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោក លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ាដែលត្រៀមចេញពីមុខតំណែង បានសន្យាថា នឹងជួយឲ្យមានការផ្ទេរអំណាច ដោយសន្តិវិធីទៅកាន់ប្រធានាធិបតីជាប់ឆ្នោតគឺ លោក ដូណាល់ ត្រាំ ដូចដែលលោកប្រធានាធិបតី ចច ដាប់ប៊ែយូ ប៊ូស បានធ្វើចំពោះរូបលោកដែរ។
សន្ទរកថាចុងក្រោយនៅសប្តាហ៍នេះ បាននាំឲ្យពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនចង់ឃើញថា ការផ្ទេរអំណាចនៅកម្ពុជា ដែលពុំធ្លាប់កើតមានដោយរលូននោះ អាចប្រព្រឹត្តទៅដោយសន្តិវិធី ដូចនៅស.រ.អា និងមានការរៀបចំទុកច្បាស់លាស់អំពីរឿងនេះមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានចាត់ទុកថា នេះជាកេរមតក៌នៃដំណើរការប្រជាធិបតេយ្យជាង២៤០ឆ្នាំរបស់ស.រ.អា. ឬការផ្ទេរអំណាចលើកទី៥៨ ចំពោះប្រធានាធិបតីលើកទី៤៥ ដែលគ្មានប្រវត្តិក្រាញអំណាច និងរកលេសបន្តកាន់អំណាចនោះទេ។
លោកគុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋម៉ារីឡែន បានកត់សម្គាល់ថា តាមលោកសង្កេតមើលទៅសហរដ្ឋអាមេរិក គេយកច្បាប់រដ្ឋធម្មនុញ្ញជាគោល ហើយផលប្រយោជន៍ជាតិជាធំ។ លោកថា ប្រធានាធិបតីណាក៏ដោយឲ្យតែផុតអាណត្តិ៤ឆ្នាំឬ៨ឆ្នាំរបស់ខ្លួន ត្រូវតែចុះចេញពីអំណាច ដើម្បីទុកឱកាសឲ្យប្រធានាធិបតីថ្មីណាមួយឬគណបក្សថ្មីឡើងមកកាន់អំណាចបន្ត។
«យើងពុំដែលឃើញការផ្ទេរតំណែងណាមួយនៅក្នុងស.រ.អា.នេះ ដែលជួបប្រទះនឹងការប្រទាញប្រទង់ ប្រទូសរ៉ាយគ្នា ឬក៏ធ្វើចម្បាំងរាំងជល់អីនោះ ក៏អត់ឃើញដែរ។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកាំងនេះ កាលណាមានបេក្ខជនណាឈ្នះឆ្នោតហើយ គឺថាគេត្រូវទទួលស្គាល់ រាប់ចាប់តាំងពីសាធារណជនទូទៅពេញផ្ទៃប្រទេសទាំងមូល ហើយនឹងទោះបីនៅក្នុងគណបក្សដែលចាញ់ឆ្នោតនោះក្តី ត្រូវតែអបអរសារទរ ហើយមកជួយរៀបចំប្រារព្ធពិធីផ្ទេរតំណែងនេះដោយសន្តិវិធី និងដោយរលូន ពុំឲ្យមានបញ្ហាច្របូកច្របល់គ្នាទេ»។
លោកបន្តថា រឿងនេះខុសពីប្រទេសមួយចំនួននៅលើពិភពលោក ដែលអ្នកឈ្នះតែងតាមកម្ទេចអ្នកចាញ់ ហើយអ្នកចាញ់នៅតែតស៊ូប្រឆាំងវិញ នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលមើលទៅមិនមែនជារបៀបថ្លៃថ្នូរ និងជាអ្នកនយោបាយចាស់ទុំ ដែលគិតគូរពីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋជាធំដូចដែលបានស្បថសច្ចាប្រណិធានថា ជាអ្នកបម្រើឬអ្នកស្នេហាជាតិពិតប្រាកដ ដែលមានគោលដៅកសាងប្រទេសជាតិឲ្យរីកចម្រើន។
«វាខុសពីប្រទេសតូចតាចមួយចំនួនដ៏ទៃទៀតដែលពុំទាន់មានស្មារតីជាតិនិយមច្បាស់លាស់ ក្នុងចំណោមអ្នកដឹកនាំហ្នឹង គឺថាតែងតែមានការប្រទាញប្រទង់គ្នាថាមានតែខ្លួនទេ អាចបំរើប្រទេសកើត បក្សដ៏ទៃទៀត បេក្ខជនដ៏ទៃទៀតហ្នឹងគឺថាមិនមានសមត្ថភាព ឬក៏ក្បត់ជាតិ ឬក៏ចេះតែលាបមុខ លាភពណ៌គ្នាទៅ។ ម្លោះហើយវាកើតទៅជាទំនាស់ វាកើតទៅជាសង្គ្រាម កាប់សម្លាប់គ្នា ចាប់គ្នាដាក់គុក ទៅវិញទៅមកមិនចេះចប់។ អាហ្នឹងគឺថា វាខ្វះស្មារតីជាតិនិយម និងខ្វះគំនិតស្នេហាជាតិហើយ»។
លោកគុជ ច័ន្ទលី ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងដ៏ទៃទៀតប្រាថ្នាចង់ឃើញការផ្ទេរអំណាចក្នុងនយោបាយប្រទេសកំណើត គឺប្រទេសកម្ពុជាប្រព្រឹត្តទៅដោយសន្តិវិធីគ្មានការក្រាណអំណាច គ្មានការរកលេសចាប់ចង គ្មានការរកលេសចោទប្រកាន់ហើយគ្មានការរកលេសមិនឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលពលរដ្ឋបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើគណបក្ស និងបេក្ខជន តាមឆន្ទៈរបស់ពលរដ្ឋ។
«ខ្ញុំចង់ឃើញការផ្ទេរតំណែងនៅស្រុកខ្មែរយើងអនុវត្តដូចនៅស្រុកអាមេរិកអញ្ចឹង គឺថាយើងត្រូវឲ្យមានការគោរពដល់អ្នកឈ្នះ ហើយអ្នកចាញ់ត្រូវតែគោរពអ្នកឈ្នះ ហើយអ្នកឈ្នះត្រូវតែទទួលស្គាល់ គុណសម្បត្តិខ្លះដែលអ្នកចាញ់មាន។ ហើយកុំឲ្យតាមកម្ទេចអ្នកចាញ់ ហើយអ្នកចាញ់កុំឲ្យតាមឆាឆៅរករឿងហេតុអ្នកឈ្នះ ឲ្យមានការផ្ទេរតំណែងហ្នឹង ដោយរលូនដោយសេចក្តីថ្លៃថ្នូរដូចប្រទេសគេអញ្ចឹង»។
លោក ព្រហ្ម សៅនរ៉ា ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ វីជីនៀ បានថ្លែងថា លោកចង់ឲ្យរបៀបផ្ទេរតំណែងក្នុងប្រទេសកម្ពុជាធ្វើដោយសន្តិវិធី ដូចនៅស.រ.អា.តែនៅកម្ពុជាមានតែការក្រាញអំណាច និងមិនព្រមអនុវត្តច្បាប់។
«អាហ្នឹងវាជារឿងមួយ អ្នកដែលកាន់អំណាចទេ ដែលមិនព្រមធ្វើ។ តាមការពិតទៅវាត្រូវមានក្រុម ឬ Team មួយទៅប្តូរអំណាចហើយស្រេច រៀបចំស្រេចប្តូរម្តងមួយៗ»។
លោកថា នៅស.រ.អា.ក្រុមរបស់លោកអូបាម៉ា បានផ្លាស់ប្តូរជាបន្តបន្ទាប់តាមក្រសួងនិងកន្លែងធ្វើការងារ ជាពិសេសចំពោះមន្ត្រីដែលទទួលការតែងតាំងពីប្រធានាធិបតី គឺគ្មានការរអាក់រអួលនោះទេ។
«អាហ្នឹងវាជារឿងត្រឹមត្រូវតាមច្បាប់គេ វាត្រូវធ្វើអញ្ចឹងតែម្តង គឺអត់មានត្រូវរអាក់រអួលអត់មានទាល់តែសោះ។ ស្រុកគេគឺថា កាលណាប្រធានាធិបតីជាប់ឆ្នោតហើយ គេឲ្យមានការរៀបចំគណៈរដ្ឋមន្ត្រីហើយ គេរៀបចំមុនហើយស្រេច។ ហើយគណៈរដ្ឋមន្ត្រីនីមួយៗហ្នឹង គេយកទៅដេញទៅដោល ហើយរដ្ឋមន្ត្រីណាដែលគេមិនឲ្យដាក់ហ្នឹងគឺគេប្តូរហើយជាស្រេច។ ចប់សេចក្តី គឺគេមានគណៈកម្មាការមួយសម្រាប់រៀបចំផ្ទេរអំណាច»។
ទោះជាការរៀបចំផ្ទេរតំណែងត្រូវគេគិតថា គ្មានការរារាំងក្តី តែក៏មានការរំពឹងទុកថា នឹងមានបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីថ្មី ក្នុងថ្ងៃផ្ទេរអំណាច ឬពិធីផ្ទេរតំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទាក់ទងនឹងរឿងអនាគតជនអន្តោប្រវេសន៍ រឿងជីវិភាព និងច្បាប់ធានារាប់រងសុខភាព ហើយនឹងបញ្ហាចោទប្រកាន់ប្រទេសរុស្ស៉ីដែលលបចូលយកព័ត៌មានតាមប្រព័ន្ធកុំព្យូទ័រ ធ្វើឲ្យមានបញ្ហាដល់ការបោះឆ្នោតនៅស.រ.អា.។ តែមិនមែនប្រឆាំងនឹងការឡើងកាន់តំណែងទេ។
លោកបណ្ឌិត ទន់ សុវណ្ណ ពលរដ្ឋខ្មែរក្នុងរដ្ឋម៉ារីឡែន បានថ្លែងថា ស.រ.អា.គេមានច្បាប់ ហើយនឹងមានសេរីភាពក្នុងការធ្វើការតវ៉ា។ នៅពេលដែលពលរដ្ឋមិនពេញចិត្តនឹងរឿងអ្វីមួយ គេមិនអាចរារាំងពលរដ្ឋបានទេ។ តែលោកថា លោករស់នៅក្នុងសហរដ្ឋអាមេរិកជាង៤០ឆ្នាំហើយ គ្មានភាពរកាំរកូសក្នុងការផ្ទេរតំណែងប្រធានាធិបតីទេ។ ទោះជាគេបានរិះគន់គ្នាក្នុងយុទ្ធនាការបោះឆ្នោតក្តី តែគេបានអត់ឱន និងបង្រួបបង្រួមគ្នាធ្វើការជាមួយគ្នាក្រោយការបោះឆ្នោត ហើយបំភ្លេចចោលបញ្ហាដែលបានកើតឡើង។
លោកបន្ថែមថា នៅក្នុងសហរដ្ឋអាមេរិកការផ្ទេរតំណែង នឹងមានភាពរលូនដោយសារគេយកច្បាប់ជាគោល ហើយមន្ត្រីធ្វើការក្នុងរដ្ឋការត្រូវប្រកាន់និន្នាការអព្យាក្រឹត ទោះជាខ្លួនចូលចិត្តគណបក្សណាក្តី បើពុំដូច្នោះទេនឹងត្រូវបណ្តេញចេញ។ មួយវិញទៀតការរៀបចំផ្ទេរតំណែងតាមក្រសួង និងទីភ្នាក់ងារនានាត្រូវបានបញ្ជូនឬរៀបចំមន្ត្រីដែលធ្វើការក្នុងស្ថាប័ននានានោះ ទោះជាប្រកាន់គណបក្សណាក៏ដោយក៏មិនអាចលាក់ព័ត៌មានចំពោះមន្ត្រីថ្មីបានដែរ។
«ពីព្រោះអីគេយករដ្ឋធម្មនុញជាធំ គឺថាគេតោងតែផ្ទេរតំណែងអញ្ចឹង អ្នកដែលធ្វើការក្នុងរដ្ឋាភិបាលហ្នឹង គឺអត់មានគណបក្សណាទេ សូម្បីតែយើងនៅក្នុងគណបក្សណាក៏ដោយ យើងអត់អាចធ្វើកិច្ចការហ្នឹងឲ្យគណបក្សហ្នុងបានទេ បើមិនអញ្ចឹងគឺខុសច្បាប់ហើយ។ តែខុសច្បាប់ហ្នឹង គេអាចដេញចេញហើយ»។
លោកបានបន្តថា រឿងនេះវាខុសពីកម្ពុជា ដែលគណបក្សកាន់អំណាចនៅបន្តកាន់អំណាច ហើយមិនសម្រួលការផ្ទេរអំណាចកាលពីឆ្នាំ១៩៩៣។ លោក ទន់ សុវណ្ណបានថ្លែងថា នៅប្រទេសកម្ពុជាមានការលំបាកក្នុងការផ្ទេរអំណាច ដោយសារមន្ត្រីរាជការភាគច្រើនត្រូវចូលទៅក្នុងគណបក្សកាន់អំណាច ដើម្បីអាចធ្វើការបាន។ ហើយរឿងនេះមិនបង្កលក្ខណៈងាយស្រួលក្នុងការផ្ទេរអំណាចទេ បើសិនជាគណបក្សកាន់អំណាចមិនចង់ផ្ទេរអំណាច ហើយក៏ធ្វើឲ្យខូចខាតដល់ការផ្ទេរអំណាច។
«មកពីអីទេ មកពីអ្នកមានអំណាចសព្វថ្ងៃចង់បៀមអំណាចនៅហ្នឹង គឺថាធ្វើអត់ឲ្យមានការផ្លាស់ប្តូរបានស្រួលបួលទេ ពីព្រោះអី អ្នកកាន់អំណាចឥឡូវចង់តែបន្តអំណាចរបស់ខ្លួនតទៅទៀត។ ដូចយើងធ្លាប់ឃើញហើយកាលពីឆ្នាំ១៩៩៣ ដែលមានអ៊ុនតាក់រៀបចំឲ្យមានការបោះឆ្នោតលើកដំបូងឃើញទេ ហ៊ុន សែនចាញ់ឆ្នោតហើយ គាត់មិនចុះចេញធ្វើម៉េចគាត់។ គាត់នៅមានអំណាចអញ្ចឹង។ ដល់អញ្ចឹងទៅតោងតែ ចែកអំណាចគ្នា។ យើងឈ្នះឆ្នោត ហើយអត់ហ៊ានយកអំណាចមកពេញខ្លួនទេ ពីព្រោះខាងណោះគេអត់ចុះ ហេតុដូច្នេះហើយយើងតោងចែកអំណាចគ្នា។ មិនដែល មាននៅក្នុងប្រទេសណាហើយ ដែលឈ្នះឆ្នោតហើយទៅចែកអំណាចដល់អ្នកដែល ចាញ់ឆ្នោតហ្នឹងទេ ព្រោះអីបើមិនចែកអំណាចទេ គេអត់ចុះចេញ ក៏យើងមិនដឹងទៅធ្វើម៉េចគេដែរ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តកាន់អំណាចជាង៣០ឆ្នាំហើយ ក្រោយពេលចាញ់ឆ្នោតនៅឆ្នាំ១៩៩៣ នៅពេលអ៊ុនតាក់បានរៀបចំឲ្យមានការបោះឆ្នោតដំបូង បន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១។ ការតវ៉ាជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខ បានធ្វើឲ្យគណបក្សប្រជាជន ដែលជាគណបក្សចាញ់ត្រឡប់ទៅជាឈ្នះ ហើយបានធ្វើឲ្យគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចែកអំណាច។
លោក តាន់ វិបុល ពលរដ្ឋខ្មែរនៅក្នុងរដ្ឋ វីជីនៀ បានថ្លែងថា លោកចង់ឃើញការផ្ទេរអំណាចដោយសន្តិវិធីនៅសហរដ្ឋអាមេរិកកើតឡើងក្នុងប្រទេសកម្ពុជាដោយឆន្ទៈមិនមែនការក្រាញអំណាច ឬក៏តាមទ្រឹស្តីអ្នកណាមានអាវុធនៅតែឈ្នះ ទោះបីជាចាញ់នោះទេ។
«គឺទាល់ម្នាក់ៗមានឆន្ទៈ ហើយឆន្ទៈហ្នឹង គឺឆន្ទៈពិតប្រាកដ មិនមែនឆន្ទៈនៅលើតែបបូរមាត់ទេ មិនមែននៅលើតែចុងស្លាប់ប៉ាកការ ឥតបានការហ្នឹងទេ។ តែឆន្ទៈហ្នឹងគឺយើងធ្វើបង្ហាញថា យើងធ្វើមែនដើម្បីយើងចាញ់ យើងសឿង យើងចុះមែន។ រឿងហេតុអីបានយើងចាញ់យើងនៅតែចង់នៅទៀត ព្រោះប្រជាជនមានចង់ឲ្យយើងទៀតឯណា។ អញ្ចឹងហើយបានជាគេបោះឆ្នោតឲ្យយើងចុះ។ ដូចខ្ញុំអញ្ចឹង សូមជំរាបត្រឡប់មកក្រោយវិញ ខ្ញុំអត់បានបោះឆ្នោតជូនលោកប្រធានាធិបតី ត្រាំ ទេ។ ខ្ញុំបោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុន តែនៅពេលលោក ត្រាំ ឈ្នះ ខ្ញុំទទួល»។
ការថ្លែងរបស់ពលរដ្ឋខ្មែរអាមេរិកាំង គឺមុនពេលមិនយូរប៉ុន្មានដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧នេះ។ គណបក្សជាច្រើនកំពុងត្រៀមតតាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលត្រួតត្រាប្រទេសកម្ពុជាជាង៣ទសវត្សរ៍។ ក្តីបារម្ភនេះត្រូវគេលើកយកមកជជែកគ្នាជាហូរហែរអំពីការណ៍ដែលគណបក្សកាន់អំណាច មិនប្រគល់អំណាចជូនអ្នកឈ្នះ។ តែមេដឹកនាំខ្មែរលោកហ៊ុន សែន ម្តងម្កាលបានសន្យាថា លោកនឹងផ្ទេរអំណាចដោយសន្តិវិធី។
លោក គល់ បញ្ញា នាយកប្រត្តិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាឈ្មោះ ខុមហ្វ្រែល បានកត់សម្គាល់ថា ប្រទេសកម្ពុជាមិនមានការសាកល្បងផ្ទេរអំណាចពីគណបក្សកាន់អំណាចទៅគណបក្សមួយផ្សេងទៀតទេ គឺនៅមានជាបញ្ហា។
«ហើយនីតិវិធីយើងមានដែរនៅក្នុងរដ្ឋធម្មនុញ្ញយើង ហើយនឹងនីតិវិធីក្នុងច្បាប់បោះឆ្នោត។ ប៉ុន្តែយើងប្រហែលជាត្រូវដកពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងចំពោះការផ្ទេរអំណាចមួយដោយសន្តិវិធី។ ហើយខ្ញុំជឿថា ប្រហែលជាមិនមានបញ្ហាអីទេការផ្ទេរអំណាចហ្នឹង។ ប្រហែលវាគ្រាន់តែអាចពេលអនុវត្តមានការលំបាកខ្លះ នឹងមានដំណើរការទៅជាធម្មតាទេ ប្រហែលជាអាចលើកនេះ មិនដូចជាទសវត្សរ៍១៩៩០។ នៅពេលនោះ វាមានបញ្ហារឿងលើកដំបូងនៃការអនុវត្តនៃការផ្ទេរអំណាច»។
នៅក្នុងប្រទេសកម្ពុជាការផ្ទេរអំណាច ឬមុខតំណែងតម្រូវឲ្យធ្វើតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ដែលពិធីនោះមានដំណើរការនីតិវិធីច្បាប់ជាច្រើនហូរហែរ ដោយរួមទាំងការបង្កើតសភាក្រោយការបោះឆ្នោត ការចាត់តាំងនាយករដ្ឋមន្ត្រីដោយព្រះមហាក្សត្រចេញពីគណបក្សជាប់ឆ្នោត ហើយរៀបចំគណៈរដ្ឋមន្ត្រី ដើម្បីឲ្យសភាផ្តល់ការទុកចិត្តដោយសំឡេង៥០ភាគរយបូក១។
លោកគល់ បញ្ញា កត់សម្គាល់ថា តាំងពីទសវត្សរ៍១៩៩០មក បញ្ហាសំខាន់គឺរឿងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដោយភាគីនានាចាត់ទុកថា មានការក្លែងបន្លំ ជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌។ តែទោះជាមានរឿងដូច្នេះក្តី បញ្ហាការតវ៉ា និងពហិកាមិនចូលប្រជុំសភាក្នុងគោលដៅធ្វើឲ្យគាំងដំណើរការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនេះ នឹងមិនអាចកើតឡើងបានទៀតទេ ដោយសារប្រទេសកម្ពុជាបានបង្កើតនីតិវិធីមួយថា ប្រសិនណាបើគណបក្សណាពហិកាមិនចូលប្រជុំសភាដើម្បីបង្កើតស្ថានប័ននេះក្រោយការបោះឆ្នោតទេ នោះនឹងមានការបែកចែកអាសនៈរបស់គណបក្សដែលពហិកានោះ ទៅដល់គណបក្សផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកគុល បញ្ញា បានចាត់ទុកថា នីតិវិធីការផ្ទេរអំណាចនៅសហរដ្ឋអាមេរិក មានការរៀបចំបានច្បាស់ល្អ មានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកឈ្នះក្នុងការរៀបចំគណៈរដ្ឋមន្ត្រី ដែលលោកនៅតែសង្ឃឹមថា រឿងនេះនឹងកើតឡើងដូចគ្នាក្នុងប្រទេសកម្ពុជានៅពេលអនាគត៕