ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំង​ពីរ​សម្ដែង​ទស្សនៈ​ផ្សេង​គ្នា​ចំពោះ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​របស់​គ.ជ.ប


រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។
រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប ថា​ រយៈពេល​ដែល​បាន​ផ្ដល់​ជូន​សម្រាប់​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ មុន​ពេល​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​​នេះ​មាន​ភាព​សមស្រប។

តំណាង​គណបក្ស​នយោបាយ​ធំៗ​ពីរ​បាន​ផ្ដល់​ទស្សនៈ​ផ្សេងៗ​គ្នា​ ចំពោះ​សេចក្ដី​ព្រាង​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បាន​ដាក់​សេចក្ដី​ព្រាង​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ សម្រាប់​ការ​ពិភាក្សាជា​សាធារណៈ​ មុន​ពេល​សេចក្ដី​ព្រាង​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ខែ​មករា​នេះ។

លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ គ.ជ.ប​ ត្រូវ​រឹត​បន្តឹង​ចំពោះ​សកម្មភាព​របស់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ ដោយ​មិន​ឲ្យ​ធ្វើសកម្មភាព​នយោបាយ ​ក្នុង​ពេល​បោះឆ្នោត​ដោយ​លោក​យល់​ថា​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​មិនមែន​ជា​បុគ្គល​សាធារណៈ​នោះ​ឡើយ។

លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

​«បើ​ឲ្យ​មន្ត្រី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​បាន​ អា​ហ្នឹង​មិន​អាច​បញ្ជាក់​បាន​ថា​ ម៉ោង​ណា​ ម៉ោង​ណា​ទេ​ ពីព្រោះ​គាត់​អត់​មាន​ក្របខ័ណ្ឌ​មន្ត្រីមុខងារ​សាធារណៈ​ផង»។

លោក​ស្រី​ ម៉េង​ សុភារី តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រក​ឃើញ​ចំណុច​ដែល​ត្រូវ​កែសម្រួល​ចំនួន​៣៧​ចំណុច​ ដែល​រួមមាន​ការ​កំណត់​ទីតាំង​សាធារណៈ​ឲ្យ​បាន​ច្បាស់សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ នីតិ​វិធី​នៃ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ ​និង​ការ​បោះឆ្នោត​ឡើងវិញ​ជា​ដើម។

លោក​ស្រី​បន្ត​ថា​ ពេល​ដែល​ គ.ជ.ប​ ផ្ដល់​ជូន​សម្រាប់​ការ​កែសម្រួល​សេចក្ដី​ព្រាង​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នេះ​គឺ​មាន​រយៈ​ពេល​ខ្លី។

«ជា​គំនិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​យល់​ឃើញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ គឺ​ឃើញ​ថា​ ពេលវេលា​ហ្នឹង​គឺ​វា​ខ្លី​ពេក​ ហើយ​យើង​មិនបាន​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​ចាស​ហើយ​យើង​ជឿ​ថា​ នៅ​មាន​ចំណុច​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​មានការ​កែប្រែ​ ក៏ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​ខ្លី​ យើង​មើល​អត់​អស់។ អញ្ចឹង​ យើង​ពិនិត្យ​បាន​ឃើញ​៣៧​ចំណុច​ហ្នឹង»។

លោក​ស្រី​ ម៉េង​ សុភារី​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​ប្រឆាំង​ ​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
លោក​ស្រី​ ម៉េង​ សុភារី​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​ប្រឆាំង​ ​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

លោក​ស្រី​ ម៉េង​ សុភារី​ បញ្ជាក់​ថា​ គ.ជ.ប​ បាន​ទទួល​យក​សំណើ​កែប្រែ​សេចក្ដី​ព្រាង​ដដែល​នេះ​ តែ​ពាក់​កណ្ដាល​នៃ​ចំណុច​ត្រូវ​កែសម្រួល​នានា​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ស្នើ​ឡើង​នោះ។

​យោង​ទៅ​តាម​សេចក្ដី​ព្រាង​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ បាន​ឲ្យ​ដឹង​អំពី​ការ​ស្នើ​សុំ​កែសម្រួល​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​នេះ​ ពី​ខាង​គណបក្ស​នយោបាយ​ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ សហភាព​អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា​ JICA​ ព្រមទាំង​សភា​ ព្រឹទ្ធសភា​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ក្រសួង​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុង​ប្រតិបត្តិការ​ការ​បោះឆ្នោត​ ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌។

គ.ជ.ប​ បាន​ទទួល​យក​សំណើ​ជាច្រើន​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ​ និង​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ត្រង់​ចំណុច​កំណត់​រយៈពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ គ.ជ.ប​ បាន​យល់​ព្រម​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ព្រម​កែសម្រួល​ថា៖ «ការ​ឃោសនា​បោះឆ្នោត​ត្រូវ​បើក​រយៈពេល​១៥​ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​ ក្នុង​នោះ​ការ​ឃោសនា​បោះឆ្នោត​ ត្រូវ​ដំណើរ​ការ​១៤​ថ្ងៃ​ និង​ត្រូវ​បញ្ឈប់​ក្នុង​រយៈពេល​២៤​ម៉ោង​ មុន​ថ្ងៃ​បោះ​ឆ្នោត»។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ (Comfrel) ប្រាប់​ VOA​ ថា​ រយៈពេល​ដែល​ គ.ជ.ប ផ្ដល់​ជូន​ភាគី​ពាក់​ព័ន្ធ​នានា​ សម្រាប់​ពិនិត្យ​លើ​សេចក្ដី​ព្រាង​នេះ​គឺ​មាន​ចំនួន​តិច​ ព្រោះ​ គ.ជ.ប​ ទើប​តែ​បាន​ទាម​ទារ​អនុសាសន៍​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ហើយ​មក​ដល់​ដើម​ខែ​នេះ​ គ.ជ.ប​ ស្រាប់​តែ​ដាក់​សេចក្ដី​ព្រាង​នេះ​ឲ្យ​មាន​ការ​ពិភាក្សា​តែ​ម្ដង។

យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ បន្ទាប់​ពី​ការ​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ​ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៥​ មក​ដល់​ថ្ងៃ​ទី​៦មករា​នេះ​ គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​ផ្ដល់​យោបល់បាន​ដឹង​អំពី​ការ​កែ​ប្រែ​ចំណុច​ខ្វះខាត​នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែសីហា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែសីហា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

លោក​បញ្ជាក់​បន្ថែម​ថា អង្គការ​របស់​លោក​បាន​លើក​សំណើ​សំខាន់​មួយ​ទៅ​ គ.ជ.ប។​ សំណើ​នោះ​សុំ​ឲ្យ​គ.ជ.ប​ ពិចារណា​លើ​ការ​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

«រឿង​មួយ​ដែល​យើង​យក​ទុកដាក់​សំខាន់​ហ្នឹង​ គឺ​បញ្ហា​រឿងចង់​ឲ្យ​ គ.ជ.ប​ ពង្រឹង​ការ​បញ្ជូន​លទ្ធ​ផល​បោះឆ្នោត។ អា​១១០២អីហ្នឹង​ ដែល​គេ​យក​ទៅ​ដាក់​ប៉ុស្តិ៍​ផ្សាយ​វែបសាយ​ ហើយ​នៅ​ការិយាល័យ​បោះឆ្នោត​គួរ​តែ​ដាក់​ ​គួរ​តែ​ transfer [ផ្ទេរ] វា​គួរតែ​បញ្ជូន​តាម​ប្រព័ន្ធ​online​ អី​ហ្នឹង​ដើម្បី​ដាក់​ផ្សាយ​នៅ​វែបសាយ​របស់​ គ.ជ.ប​ ឬ​ក៏​នៅ​ក្នុង​ប្រព័ន្ធ​ណាមួយ​ ដែល​ប្រជាពលរដ្ឋ​អាច​ទៅ​មើល​បាន​ដែរ ព្រោះ​នៅ​ពេល​ដែល​គាត់​មិន​អាច​ទៅ​ការិយាល័យ​បោះឆ្នោត​មើល​ ប៉ុន្តែ​គាត់​ក៏​អាច​មើល​នៅ​តាម​អ៊ីនធឺណិត​អី​ដែរ»។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ម៉ោង​សម្រាក​នៃ​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ថា​ រយៈពេល​ដែល​បាន​ផ្ដល់​ជូន​សម្រាប់​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ មុន​ពេល​ដាក់​ឲ្យ​មាន​ការ​ពិភាក្សានេះ​មាន​ភាព​សមស្រប។

លោក​បន្ថែម​ថា​ ការ​រៀបចំ​ការ​បោះឆ្នោត​ជា​ដំណើរការ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ពេល​វេលា​ជាក់​លាក់​ និង​ត្រូវ​ធ្វើ​ទៅ​តាម​ការ​គ្រោង​ទុក។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី៥ ខែមករា ឆ្នាំ២០១៧ ​អំពីការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី៥ ខែមករា ឆ្នាំ២០១៧ ​អំពីការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

«ចរិត​បោះ​ឆ្នោត​ គឺ​ប្រតិបត្តិការ​ រៀប​ចំ​ប្រាំ​ឆ្នាំ​ ដើម្បី​បោះឆ្នោត​ម្ដង​ បើ​សិន​ជា​ថ្ងៃ​ហ្នឹង​អត់​បាន​បោះ​ យើង​ស្រមៃ​មើល​ថា​តើ​មាន​រឿង​អី​កើត​ឡើង​បាទ។​ អញ្ចឹង​ គ.ជ.ប​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ គ.ជ​.ប​ គឺ​ជា​ស្ថាប័ន​បង្គោល​ គឺ​ជា​ស្ថាប័ន​ស្នូល​ ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​បោះឆ្នោត​នេះ​ឲ្យ​បាន​បាទ»។

កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ។

​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១.៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១.៥៩២​ និង​ចំនួន​ក្រុម​ប្រឹក្សា​មាន​ដល់​ទៅ​៨.២៩២ ​ដោយ​ត្រួតត្រា​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​សឹង​តែ​ទាំងអស់។

ចំណែក​ឯ​គណបក្ស​ជំទាស់​របស់​លោក​ សម​ រង្ស៉ី​ និង​លោក ​កឹម​ សុខា ​បាន​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៤០ ​និង​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជិត​៣.០០០​នៅ​ទូទាំង​ប្រទេស។

​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ​ទទួល​បាន​អាសនៈ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១​ និង​មាន​សមាជិក​ចំនួន​១៥១​ទូ​ទាំង​ប្រទេស៕

XS
SM
MD
LG