ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបឯកសារ៖ ទង់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដាក់បង្ហាញនៅក្នុងសាលប្រជុំមួយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។
រូបឯកសារ៖ ទង់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដាក់បង្ហាញនៅក្នុងសាលប្រជុំមួយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

កម្ពុជា-អាស៊ាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

បន្ទាប់ពី​មាន​ភាព​ចម្រូង​ចម្រាស​លើ​វិបត្តិ​នយោបាយនៅ​មីយ៉ាន់​ម៉ា​ ដែល​នឹង​ជា​ចំណុច​ក្តៅ​មួយ និង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​និង​សកលលោក​នា​អំឡុង​វិបត្តិ​កូវីដ១៩ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចាប់ពី​ថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែ​កុម្ភៈ​នេះ។

១៩:៣៤ ១៥.២.២០២២

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ជួប​សំណេះសំណាល​ជាមួយ​លោក ប្រាក់ សុខុន មុន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ពុធ

លោក Vivian Balakrishnan រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី បាន​បង្ហាញ​ភាព​រីករាយ​របស់​លោក នៅ​ក្នុង​ជំនួប​សំណេះសំណាល​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយ​លើក​ឡើង​ថា «សិង្ហបុរី​គាំទ្រ​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរវេន និង​តំណែង​របស់​លោក​ ប្រាក់ សុខុន ក្នុង​នាម​ជា​បេសកជន​ពិសេស​តំណាង​ឲ្យ​អាស៊ាន​ប្រចាំ​មីយ៉ាន់ម៉ា»។ លោក Balakrishnan បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សារ​មួយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។

ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​របប​យោធា លោក Vivian Balakrishnan រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី បាន​លើក​ឡើង​ថា៖ «ភាគី​សិង្ហបុរី​និង​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​អនុវត្ត​ភ្លាមៗ​និង​ឲ្យ​បាន​ពេញ​លេញ​ទៅ​តាម​ចំណុច​ព្រមព្រៀង​ដោយ​ឯកច្ឆ័ន្ទ​ទាំង ៥ (របស់​អាស៊ាន) ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​សម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​របស់​អាស៊ាន​ទៅ​កាន់​ប្រទេស​មីយ៉ាន់មឡា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ (​ក្នុង​វិបត្តិ​នយោបាយ​មីយ៉ាន់ម៉ា)»៕

១៩:៥៤ ១៥.២.២០២២

មីយ៉ាន់ម៉ា​ថា ខ្លួន «ចៀស​មិនរួច» ដែល​មិន​អាច​បញ្ជូន​អ្នក​តំណាង​ឱ្យ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ពេល​ខាងមុខ

របប​យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អាច «ចូលរួម ឬ​ចាត់តាំង​អ្នក​តំណាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន» នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ខាង​មុខ​នេះទេ ដោយសារតែ​សមាជិក​អាស៊ាន​មួយ​ចំនួន​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​អតីត​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន ដែល​ការ​សម្រេច​នោះ «ផ្ទុយ​នឹង​គោលការណ៍​និង​ការ​អនុវត្ត​នៃ​តំណាង​ស្មើភាព​គ្នា​ក្នុង​អាស៊ាន»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ។

អានអត្ថបទ​ទាំងស្រុង

២១:៤៥ ១៥.២.២០២២

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ឡាវ និង​សិង្ហបុរី បាន​ទៅ​ដល់​ភ្នំពេញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន តែថៃ និង​ព្រុយណេ ចូលរួមតាមប្រព័ន្ធអនឡាញ

មន្ត្រី​ជាន់​ខ្ពស់នៃ​ក្រសួង​ការបរទេស​មក​ពី​ប្រទេស​ហ្វីលីពីន​ លោក Teodoro L. Locsin Jr ពី​ប្រទេស​ឡាវ លោក Saleumxay Kommasith និងពី​ប្រទេស​សិង្ហបុរី​ លោក Vivian Balakrishnan បាន​ធ្វើដំណើរទៅ​ដល់​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​ព្រុយណេ បាន​សម្រេច​ចូលរួម​កិច្ច​ប្រជុំ​នេះ​តាម​ប្រព័ន្ធ​អនឡាញ។ នេះបើ​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា៕

១៩:២១ ១៦.២.២០២២

មន្ត្រី​ក្រសួង​ការ​បរទេស​របប​ភូមា​ចូល​ប្រជុំ​ឧត្ដម​មន្ត្រី​អាស៊ាន​តែ​នឹង​មិន​ចូល​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស

មន្ត្រី​ការទូត​នៃ​ក្រសួង​ការ​បរទេស​របប​សឹក​ភូមា​បាន​ចូល​រួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រី​ការ​បរទេស​អាស៊ាន​តាម​វីដេអូ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ដែល​កម្ពុជា​រៀបចំ​ តែ​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ឡើយ។ ​នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។​

ក្រុម​ឧត្ដម​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​បាន​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ​សូហ្វីតែល ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​

លោក ​ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ប្រាប់​វីអូអេ​ថា៖​ «ឧត្ដម​មន្ត្រី​មីយ៉ាន់ម៉ា​បាន​ចូល​រួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រី​ [អាស៊ាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ]​ តាម​ប្រព័ន្ធ​អន​ឡាញ​ តែ​មិន​ចូល​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ឡើយ»។​

ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស​អាស៊ាន​បាន​បន្ត​ហាម​ប្រាម​មិន​ឱ្យ​មេ​ដឹកនាំ​និង​ប្រមុខ​ការ​ទូត​របប​សឹក​ភូមា​ចូលរួម​ប្រជុំ​កម្រិត​នយោបាយ​ទេ​ ក្រោម​ហេតុ​ផល​កង្វះ​វឌ្ឍន​ភាព​លើ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​រវាង​អាស៊ាន​និង​របប​សឹក​នេះ។​

អាស៊ាន​ដែល​មាន​កម្ពុជា​ជា​ប្រធាន​បាន​អនុលោម​តាម​បណ្ដា​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ ជុំវិញ​សមាស​ភាព​ចូលរួម​នៃ​របប​សឹក​ភូមា​ត្រឹម​កម្រិត​ «តំណាង​មិន​មែន​នយោបាយ»។​

របប​សឹក​ភូមា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មន្ត្រី​កម្រិត​មិន​មែន​នយោបាយ​នៅ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​នឹង​មិន​ចូល​រួម​ប្រជុំ​កម្រិត​រដ្ឋមន្ត្រី​នោះ​ទេ។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​អះអាង​ថា​ វិធី​សាស្រ្ត​រឹង​ពេក​នឹង​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឡើយ​ បើ​ទោះ​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ទៅ ​១០ ​ឆ្នាំ​ទៀត​ក៏​ដោយ។​

របប​សឹក​ភូមា​បាន​ចូល​កាន់​អំណាច​ក្រោយ​រដ្ឋ​ប្រហារ​ នៅ​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១​ ហើយ​អំពើ​ហិង្សា​ក្រោយ​រដ្ឋ​ប្រហារ​នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច ​១៥៥៣​ នាក់​ស្លាប់ ​និង​ជាង ​១ ​ម៉ឺន​នាក់​ត្រូវ​បាន​របប​សឹក​ចាប់​ឃុំ​ខ្លួន។​ នេះ​បើ​តាម​អ្នក​ឃ្លាំ​មើល៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG