ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកប្រឆាំង​តវ៉ា បាន​ដុត​អគារ​នៅ​រដ្ឋ Wisconsin ក្រោយ​ការប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស


ក្រុមអ្នកតវ៉ា​បាំងមុខ​ពី​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​បាញ់​ដោយ​ប៉ូលិស​នៅ​ខាងក្រៅ​អគារ​តុលាការ​ស្រុក Kenosha នៅ​ល្ងាច​ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅ​ក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin។
ក្រុមអ្នកតវ៉ា​បាំងមុខ​ពី​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​បាញ់​ដោយ​ប៉ូលិស​នៅ​ខាងក្រៅ​អគារ​តុលាការ​ស្រុក Kenosha នៅ​ល្ងាច​ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅ​ក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin។

ការ​ដុត​អគារ​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ឧបករណ៍​បង្រ្កាប​កុបកម្ម នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ប៉ូលិស​ បាន​បាញ់​ទៅ​លើ​បុរស​ស្បែក​ខ្មៅ​​ឈ្មោះ ​​Jacob Blake អាយុ២៩ឆ្នាំ កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រុម​អ្នក​តវ៉ា​ប្រឆាំងក្នុង​ទី​ក្រុង Kenosha​ រដ្ឋ​ Wisconsin ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក បាន​ដុត​អគារ​ភាគ​ច្រើន​នៃ​សង្កាត់​ពាណិជ្ជកម្មរបស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ក្នុង​ទី​ក្រុង​នេះ ក្នុង​យប់​ទី​២​នៃ​ការ​តវ៉ា​របស់​ខ្លួន។ ការ​ប្រឆាំង​តវ៉ា​នេះ ​កើត​មាន​ឡើងក្រោយ​ពេល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ​ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យរបួសនៅ​ចំពោះ​មុខ​កូនប្រុស​ទាំង​បី​របស់​គាត់​ កាលពី​ថ្ងៃអាទិត្យ។​

ការ​ដុត​អគារ​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ឧបករណ៍​បង្រ្កាប​កុបកម្ម នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ប៉ូលិស​ បាន​បាញ់​ទៅ​លើ​បុរស​ស្បែក​ខ្មៅឈ្មោះ Jacob Blake អាយុ២៩ឆ្នាំ កាល​ពី​ថ្ងៃ​អាទិត្យ។ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ​មិន​បាន​គោរព​នូវបម្រាម​គោចរ​ដែល​បាន​ដាក់​ចេញ​នៅ​យប់​ថ្ងៃចន្ទ​ដល់​ព្រឹក​ថ្ងៃអង្គារទេ។​

បើ​តាម​សម្តី​របស់​ឪពុក​ជន​រង​គ្រោះ​ស្បែក​ខ្មៅ​រូប​នេះ​ បាន​ឲ្យ​ដឹ​ងថា​ កូន​ប្រុស​របស់​គាត់​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ជា​ច្រើន​គ្រាប់​នោះ​ ទទួ​ល​រង​របួស​ធ្ងន់​ និងស្ថិត​ក្នុង​ស្ថាន​ភាពនឹងនរ បន្ទាប់​ពី​គ្រូពេទ្យ​ធ្វើ​ការ​វះ​កាត់​មុខ​របួស​រួច​មក។​

ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​បី​ខែ​ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​លោក George Floyd ក្នុង​ទី​ក្រុង Minneapolis រដ្ឋ Minnesota ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​ ដែល​ពេល​នោះ​ បណ្តាល​ឲ្យ​មាន​រលក​បាតុកម្មប្រឆាំង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​ និងការ​រើសអើង​ជាតិ​សាសន៍​ក្នុង​សហរដ្ឋ​អាមេរិក។ ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​ក៏​កំពុង​បន្ត​កើត​ឡើងនៅ​តំបន់​ផ្សេង​ទៀត​នៃ​សហរដ្ឋ​អាមេរិក រួម​ទាំង​នៅ​ទី​ក្រុង​ Portland រដ្ឋ Oregon ភាគ​ខាង​លិច​ប្រទេស​ ដែល​នៅ​ទី​នោះមាន​ការ​តវ៉ា​ជា​ច្រើន​ខែ​មក​ហើយ៕

XS
SM
MD
LG