លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា អញ្ជើញទៅកាន់វិមាន Capitol នៅថ្ងៃពុធនេះដើម្បីប្រមែប្រមូលពួកសមាជិកសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យឱ្យការពារសេចក្តីព្រាងច្បាប់របស់លោកស្តីពីការថែរក្សាសុខភាពដែលគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ។ លោកអនុប្រធានាធិបតីជាប់ឆ្នោត Mike Pence ក៏នឹងអញ្ជើញទៅកាន់សភាដែរដើម្បីនិយាយជាមួយពួកសាធារណរដ្ឋអំពីរបៀបវារៈរបស់ពួកគេដែលមានរួមបញ្ចូលការលប់ចោលកម្មវិធីនេះដែលបានត្រូវនិយាយយោងជាញឹកញយថា «Obamacare»។
ការប្រជុំទាំងពីរនេះធ្វើឱ្យលេចឡើងនូវការតស៊ូមតិធំមួយក្នុងបណ្តាការតស៊ូមតិធំៗនៅពេលដែលតំណែងកំពូលក្នុងសេតវិមានបានត្រូវផ្ទេរពីលោកប្រធានាធិបតីអូបាម៉ាទៅឱ្យប្រធានាធិបតីជាប់ឆ្នោត Donald Trump។
សភាស.រ.អា.បានអនុម័តច្បាប់ស្តីពីការថែរក្សាសុខភាពមានឈ្មោះថា Affordable Care Act កាលពីឆ្នាំ២០១០នៅពេលដែលក្រុមប្រជាធិបតេយ្យត្រួតត្រាសភាតំណាងរាស្ត្រអាមេរិកាំងនិងព្រឹទ្ធសភាស.រ.អា.ហើយលោកអូបាម៉ាក៏បានឋិតនៅក្នុងតំណែងប្រធានាធិបតីដែរ។ នៅថ្ងៃទី២០ខែមករា ការប្រមូលផ្តុំអំណាចនេះបានធ្លាក់ក្នុងកណ្តាប់ដៃពួកសាធារណរដ្ឋវិញ។
លោក Trump បានហៅ Obamacare ថាជាកម្មវិធីមួយ «មិនល្អ» អស់សោហ៊ុយច្រើនណាស់ ហើយនៅពេលលោកនិយាយថាលោកចង់លប់កម្មវិធីនេះចោល លោកមិនបានបង្ហាញគោលសំខាន់ៗនៃផែនការដែលនឹងជំនួស Obamacare ទេ។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថាលោកអូបាម៉ានឹងពិភាក្សាជាមួយក្រុមប្រជាធិបតេយ្យថាធ្វើបែបណាដើម្បីទប់ទល់នឹងគោលបំណងរបស់ពួកសាធារណរដ្ឋក្នុងការលប់កម្មវិធីថែរក្សាសុខភាពនេះ៕