ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបត្យករ ​វិស្វករ ​និង​អ្នកសាសនា ​រិះរក​​វិធី​ជួស​ជុល​ព្រះវិហារ Notre Dame ​ឡើង​វិញ


នេះ​ជា​ទិដ្ឋភាព​របស់​វិហារ Notre Dame ដែល​ថត​ពី​កំពូល​អគារ Montparnasse កាលពី​ថ្ងទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។
នេះ​ជា​ទិដ្ឋភាព​របស់​វិហារ Notre Dame ដែល​ថត​ពី​កំពូល​អគារ Montparnasse កាលពី​ថ្ងទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

នាយក​រដ្ឋមន្ត្រី​បារាំង បាន​អំពាវនាវ​ឲ្យ​មានការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ជួស​ជុល​កំពួច​ស្រួច​នៅឯ​ព្រះ​វិហារ Notre Dame ដែល​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និយាយ​ថា ​លោក​ចង់​ឲ្យ​ការ​ជួស​ជុល​នោះរួច​រាល់ក្នុង​រយៈ​ពេល​៥​ឆ្នាំ។​ ក៏ប៉ុន្តែ ​ព្រះវិហារ​នោះ​មិនមែន​ត្រឹម​តែ​ជា​ទីកន្លែង​បេតិកភណ្ឌ​វប្ប​ធម៌​របស់​អង្គការ​យូណេស្កូ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ជា​កន្លែង​សាសនា​ផងដែរ។ តើ​ការ​ជួស​ជុល​ព្រះ​វិហារ​នេះ ត្រូវ​ការ​ជំរុញ​អ្វី​ខ្លះ? តើ​ការ​ជួស​ជុលព្រះ​វិហារ​នេះឲ្យ​ដូច​ដើម​ ឬ​ក៏​ជួសជុល​ឲ្យ​ទៅ​ជាទម្រង់​ថ្មី?។

អគ្គិភ័យបាន​ត្រូវ​ពន្លត់ ​ប្រាក់​រាប់​លាន​ដុល្លារ​បាន​ត្រូវ​គេ​សន្យា​ផ្តល់​ឲ្យ ​ហើយ​គេឃើញ​មាន​ឆន្ទៈនយោបាយ​នៅ​ក្នុងការចាប់​ផ្តើម​ជួសជុលព្រះ​វិហារ Notre Dame ​នោះ​ឡើង​វិញ។

គ្រោង​ថ្ម​ក្នុង​ព្រះ​វិហារ​នោះ ​បាន​ការ​ពារផ្នែកខាង​ក្នុង​ភាគ​ច្រើន​របស់អាគារ​នោះ ​ក៏ប៉ុន្តែ ដំបូល​ធ្វើ​ពី​ឈើ​និងកំពូល​ស្រួច​តាម​បែប Neogothic ក្នុង​សតវត្សរ៍ទី១៩ ​បាន​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ។ នាយករដ្ឋ​មន្ត្រី​បារាំង​លោក Edouard Philippe បាន​អំពាវនាវ​ឲ្យ​មាន​ការ​សាងសង់​កំពូល​ស្រួច​ថ្មី​ដែល​យក​លំនាំ​តាមរបៀបសម័យថ្មី​សព្វថ្ងៃ​នេះ។ ​តើការណ៍​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?។

ប៉ម​ស្រួច​របស់​វិហារ Notre Dame បាន​ដួលរលំ នៅ​ក្នុង​ពេល​មាន​អគ្គិភ័យ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ០១៩។ (Instagram/@nicolas_marang)
ប៉ម​ស្រួច​របស់​វិហារ Notre Dame បាន​ដួលរលំ នៅ​ក្នុង​ពេល​មាន​អគ្គិភ័យ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ០១៩។ (Instagram/@nicolas_marang)

លោក Julio Bermudez ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​ស្ថាបត្យកម្មនិងសំ​ណង់​នៅឯ​សាកល​វិទ្យាល័យ​អាមេរិកាំង​ឬ University of America ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។​ លោក​និយាយថា ​អ្នក​ដែល​ជួស​ជុល​ព្រះ​វិហារ Notre Dame ​នឹង​ត្រូវ​សម្រេច​ថា​តើ​ត្រូវ​រក្សា​អត្តសញ្ញាណ​សតវត្សរ៍​ទី២១​នៅ​លើព្រះវិហារ​នេះ​ឬ​ក៏​អត់?

លោក Julio Bermudez និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា យើង ​អាច​ពិភាក្សា​អំពី​បញ្ហា​នេះ ថា​តើ​យើង​ចង់ជួសជុល​ព្រះ​វិហារ​នេះ​ឲ្យ​ដូច​ដើម​បាន​កម្រិត​ណាឬ​ថាតើ​យើង​គួរ​ជួស​ជុល​វាឲ្យ​ស្របតាម​កាលៈ​ទេសៈបច្ចុប្បន្ន​នេះ»។

ការ​ព្រួយ​កង្វល់​មួយ​គឺ​ស្ថាន​ភាព​នៃ​បង្អួច​រូបផ្កា​កូលាប​ធំៗ៣​នៅ​ក្នុង​ព្រះ​វិហារ ​នេះ​គឺ​ថា​តើ​អគ្គិភ័យ​និង​ទឹក​បាន​ប៉ះពាល់​អ្វីខ្លះ​ដល់​បង្អួចរូប​ផ្កាកូលាប​ទាំង​នោះ? ​លោក​ស្រី Virginia Raguin ជា​សាស្ត្រាចារ្យ​ដ៏ល្បីល្បាញម្នាក់​ខាង​មនុស្ស​ជាតិ​នៅ​ឯ​មហាវិទ្យា​ល័យ Holy Cross។ លោកស្រី ​និយាយថា ​បង្អួច​រូបផ្កា​កូលាប​នោះ ​នឹង​ត្រូវ​ពិនិត្យ​មើល​ដោយ​ក្រុម​អ្នក​ជំនាញ​សាកលលោក ក៏ប៉ុន្តែ​គេត្រូវ​រង់ចាំ​ថា ​អាគារ​នោះ​ត្រូវ​មាន​សុវត្ថិភាព​ជាមុន​សិន។លោកស្រី Virginia Raguin និយាយ​ថា៖ «ពួក​គេ ​នឹង​ត្រូវ​វាយ​តម្លៃ​លំនឹង​របស់​បង្អួច​ហើយ​បន្ទាប់​មក​ពួកគេ ​នឹង​ធ្វើ​ការ​សម្រេច​ថាតើ​ពួក​គេ​អាច​ធ្វើ​ឲ្យ​បង្អួច​ទាំង​នោះ​មាន​លំនឹង​ដូចដើម​ដែរ​ឬ​ទេ។ពួកគេត្រូវការ​វាយ​តម្លៃ​បង្អួច​ទាំង​នោះ ថា​តើ​ត្រូវ​ធ្វើ​ឲ្យ​មាន​លំនឹង​នៅនឹងកន្លែងនោះ​ឬថាតើ​ពួកគេ​ចាំបាច់យក​វា​ចេញ​ហើយ​បន្ទាប់​មកត្រូវធ្វើ​ឲ្យ​វារឹងមាំ​ឡើង​វិញ​ឬ​ក៏​យ៉ាង​ណា​នោះ?។

លោក​ស្រី Karpali Krusche ជា​ព្រឹទ្ធបុរសជំនួយ​សម្រាប់​ការស្រាវ​ជ្រាវ ​អាហារ​រូបករណ៍​ និង​ការងារ​ឆ្នៃប្រឌិត​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​នៅឯ​សាកល​វិទ្យាល័យ Notre Dame ក្នុង​រដ្ឋ Indiana សហរដ្ឋ​អាមេរិក។ លោក​ស្រី ក៏​ជា​អ្នកជំនាញ​ក្នុងការ​ការពារ​វត្ថុ​ប្រវត្តិសាស្ត្រ​ហើយ​បាន​ធ្វើ​ការ​លើ​ការ​ថែរក្សា​តាម digital នូវ​ប្រាសាទ Taj Mahal ក្នុង​ប្រទេស​ឥណ្ឌា​ហើយ​នឹង​នៅ​ទីធ្លា​ Belvedere ​របស់​វិមាន​វ៉ាទីកង់។ លោកស្រី​និយាយថា ​ការជួសជុល​ព្រះ​វិហារ Notre Dame ​ឡើង​វិញ ផ្តល់ឱកាសមួយ​ដើម្បី​សិក្សា​ថាតើ​ត្រូវ​ការពារ​មហន្តរាយ​នៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច​ម្តេច។ លោកស្រី Karpali Krusche និយាយ​ថា៖ «ដូច្នេះ ​ការ​ជួសជុល​នេះ​នឹង​ក្លាយ​ជា​ការ​សំខាន់​ដើម្បី​យល់ដឹង​ថាតើ​យើង​អាច​ការ​ពារប្រាសាទ​ទាំង​នោះចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឬគ្រោះ​មហន្ត​រាយដោយមនុស្សឬ​ការវាយ​ប្រហារ​ដែល​អាច​កើត​មាន​ឡើង​ដល់ប្រាសាទ​ល្បី​ៗបែប​នោះ​នៅ​ទូទាំង​សាកល​លោក​យ៉ាង​ដូចម្តេច»។

លោក Kevin Murphy ជា​សាស្ត្រាចារ្យ​ខាងប្រ​វត្តិ​សិល្បៈ​នៃ​សាកល​វិទ្យាល័យ​ Vanderbilt ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋ​អាមេរិក ​និយាយថា ​ទី​កន្លែង​នោះ​មាន​សារៈ​សំខាន់​ដល់​អ្នក​ដែល​មិន​មាន​ជំនឿ​សាសនា ​ដូច្នេះ ​ការ​ជួស​ជុលព្រះវិហារ​នោះ​ឡើងវិញ​ជាឧត្តម​ភាព​មួយ។ លោក Kevin Murphy ថា៖ «មនុស្ស​ជា​ច្រើន​ដែល​មិនមែន​ជា​អ្នកកាន់​សាសនា​កាតូលិកដែល​ទៅ​ទី​នោះនិង​មាន​អារម្មណ៍ចង់​ឲ្យ​មាន​សាងសង់​ព្រះវិហារ​នោះឡើង​វិញ​ទាំង​ស្រុង ទោះ​បី​ធ្វើ​ពី​វត្ថុ​ធាតុដើម​និង​រចនាបថ​ណា​ក៏ដោយ»។

ពួក​អ្នក​ជួស​ជុល​ព្រះវិហារ​នោះ ក៏​នឹង​ត្រូវ​សម្រេចថាតើ​ជួស​ជុលដំបូល​ព្រះវិហារនោះ​ឡើង​វិញ​ដោយប្រើ​ឈើ​ ឬ​សម្ភារៈ​ផ្សេង​ទៀត។​ពី​ព្រោះ​តែ​ការ​ខ្វះខាត​ឈើ ​ធ្នឹម​ធំៗធ្វើ​ពីដើម​សែន ​ដែល​បាន​ទ្រទ្រង់​ដំបូលកាល​ពី​ពេល​មុន អាច​មិនធ្វើ​បាន​ដូចដើម​ទេ។​ ហើយ​ការ​រារាំង​មិន​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មួយ​ទៀត ​កើតឡើងគឺ​ជារឿង​សំខាន់​បំផុត។ លោក Kobi Karp ជា​ស្ថាបត្យករ​ដែល​ក្រុម​របស់​លោក​បាន​គូ​ប្លង់​និង​ស្ថាបនា​អាគារ​ពាណិជ្ជកម្ម​ និងជា​អាគារ​សម្រាប់​ប្រើផ្នែក​ផ្សេង​ទៀត​នៅពាស​ពេញ​សាកល​លោក។ លោក​និយាយថា ​ទោះ​បីជា ​ដំបូល​នោះ ត្រូវបាន​ជួស​ជុល​ឡើង​វិញ​ដូច​កាល​ពី​ពេល​មុន​ក៏ដោយ ក៏​ដំបូល​នោះ ​នឹង​ត្រូវដាក់​បញ្ជូល​ឧបករណ៍ការ​ពារ​កុំឲ្យ​ភ្លើងឆេះ​និង​សម្ភារៈ​ការពារ​អគ្គិភ័យ។ លោក Karp ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​ឥឡូវនេះ ​យើង ​មាន​ឱកាស​ពិតប្រាកដមួយ​ដើម្បី​ប្រើ​ប្រាស់​ចំណេះ​ដឹង​ខាង​សុវត្ថិភាព​អគ្គិភ័យ​របស់​យើង​នៅ​ក្នុង​ផ្នែក​គ្រោង​សំណង់ ដូច្នេះ នៅពេល​ដែល​យើងជួសជុលព្រះ​វិហារ​នេះ​ឡើង​វិញ ​យើង​នឹង​អាច​បង្កា​អគ្គិភ័យនេះម្តង​ទៀត»។

រូបភាព​ឯកសារ៖ មនុស្សម្នា​ចូលរួម​ពិធីបុណ្យ​ដើម្បី​អបអរ​កណ្តឹង​ដែល​ធ្វើ​សំរិទ្ធ​ចំនួន​៨ថ្មី នៅ​ក្នុង​ព្រះវិហារ Notre-Dame ក្នុង​ក្រុង​ប៉ារីស ប្រទេស​កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៣។
រូបភាព​ឯកសារ៖ មនុស្សម្នា​ចូលរួម​ពិធីបុណ្យ​ដើម្បី​អបអរ​កណ្តឹង​ដែល​ធ្វើ​សំរិទ្ធ​ចំនួន​៨ថ្មី នៅ​ក្នុង​ព្រះវិហារ Notre-Dame ក្នុង​ក្រុង​ប៉ារីស ប្រទេស​កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៣។

ក៏ប៉ុន្តែ ​ការ​ជួស​ជុល​ឡើងវិញ​ណាមួយ​ក៏ដោយ ​ត្រូវ​ពិចារណា​គឺកេរ្តិ៍​ដំណែល​សិល្បៈ​និង​សាស​នា​របស់​ព្រះ​វិហារ Notre Dame នោះ។ លោកស្រី Nora Heimann ជា​សាស្ត្រា​ចារ្យជំនួយ​នៃ​សាកល​វិទ្យាល័យ​កាតូលិក​និង​ប្រធាន​ដេប៉ាតឺម៉ង់សិល្បៈ និយាយ​ថា ​ព្រះវិហារនេះ​ជានិ​មិត្ត​រូប​នៃ​ក្តី​សង្ឃឹម​ដ៏​ខ្លាំងពីព្រោះវាជានិមិត្ត​រូប​របស់​បារាំង​ឬ​ក៏​និមិត្ត​រូបនៃ​សាសនា​គ្រិស្ត​និកាយ​កាតូលិក។ លោក​ស្រី Nora និយាយ​ថា៖ «យើង ​មើល​ឃើញ​ព្រះ​វិហារ​នេះ​ជា​និមិត្ត​រូប​នៃ​សេចក្តី​ក្លា​ហាន ​យើង​មើល​ឃើញ​ព្រះ​វិហារ​នេះ​ជា​និមិត្ត​រូប​នៃ​ការ​ងើប​ឡើង​របស់​មនុស្ស​ជាតិ ​យើងមើល​ឃើញ​ព្រះ​វិហារ​នេះ​ជា​និមិត្ត​រូប​នៃភាព​ប៉ិន​ប្រសប់​និង​សម្រាប់យើង​ទាំងអស់​គ្នាក្នុង​ចំ​ណោមសហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក។ ​ព្រះ​វិហារ​នេះ ​តំណាង​ឲ្យភាព​អត់​ធ្មត់​របស់​សាសនាទប់​ទល់​នឹង​ឧបសគ្គ​ទាំងអស់។ ​អគ្គិភ័យ​នេះ ​បាន​កើត​មាន​ឡើង​ក្នុង​ពិធី​បុណ្យ Holy Week ពិសេស​ដែល​បន្ថែមការ​ឈឺ​ចាប់​ក្នុងចិត្ត។

លោក Julio Bermudez និយាយ​ថា ​ការជួស​ជុល​ព្រះ​វិហារ Notre Dame នេះ​ឡើង​វិញ ​ជា​សកម្ម​ភាព​ខាង​សាសនា ​មិន​មែន​សម្រាប់​តែ​ប្រ​ជាពល​រដ្ឋ​បារាំង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់​ផងដែរ។ លោក Bermudez ថា៖«​ព្រះវិហារនេះ ​នៅពេល​ឥឡូវនេះ ​ជាកេរ្តិ៍​ដំណែល​របស់​មនុស្ស​ជាតិ​ដែល​ប្រ​ ហែល​បារាំង​មានការ​ទទួលខុស​ត្រូវ​ច្រើនជាង​ពលរដ្ឋ​ផ្សេងទៀត ​ក៏ប៉ុន្តែ យើង​ទាំងអស់​គ្នា​ក៏​ជាផ្នែក​មួយ​នៃ​គម្រោង​សាសនាក្នុង​ផ្នែកមនុស្ស​ជាតិនិង​ក្នុងការ​ភ្ជាប់ខ្លួនយើងទៅនឹង​អ្វី​ដែល​អស្ចារ្យ​ជាង​យើង​នៅ​ពេល​សព្វថ្ងៃ​នេះ»។

ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron បាន​និយាយថា ​លោក​ចង់ឲ្យ​មានការ​ជួស​ជុល​ព្រះ​វិហារ Notre Dame ​ឡើង​វិញ​ចប់​សព្វគ្រប់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ឲ្យទាន់​ពេល​ដែល​ទីក្រុង​ប៉ារីស​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤។ អ្នក​ខ្លះ ​បានប្រ​ឆាំង​នឹង​ការ​កំណត់​ពេល​វេលា​នោះ ​ក៏​ប៉ុន្តែ ​សម្ទុះ​ដើម្បី​ជួស​ជុល​ឡើ​ង​វិញ​នូវ​អ្វី​ដែល​បាន​បាត់​បង់​និង​ការពារ​អ្វី​ដែល​នៅ​សេសសល់​កំពុង​មានកាន់​តែ​ខ្លាំង​ឡើង ​ដូច្នេះ​ប្រហែល​វា​អាច​ធ្វើ​បាន៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG