ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​តម្កល់​ការ​ចោទ​ប្រកាន់​សកម្ម​ជន​នយោបាយ​ជំទាស់​១៣​នាក់ ​ខណៈ​សាច់​ញាតិ​ថា​អយុត្តិធម៌


រូបឯកសារ៖ រថយន្តពន្ធនាគា​រ​ដឹក​អ្នក​ទោស​នៅ​ក្បែរមន្ទីរតុលាការកំពូលក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ) 
រូបឯកសារ៖ រថយន្តពន្ធនាគា​រ​ដឹក​អ្នក​ទោស​នៅ​ក្បែរមន្ទីរតុលាការកំពូលក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ) 

សាលា​ឧទ្ធរណ៍ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​ផ្តន្ទា​ទោស​សកម្ម​ជន​នយោបាយ​ជាង​១០​នាក់ ​ ខណៈ​ក្រុម​គ្រួសារ ​និង​មេធាវី​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​អយុត្តិធម៌ និង​ជា​រឿង​គួរ​ឱ្យ​ខក​ចិត្ត។​

កូន​ប្រុស​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​លោក​កែវ ថៃ​ គឺ​លោក ​កែវ សួរ ​អាយុ​៣៤​ឆ្នាំ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការកាត់​សេចក្តី​របស់​សាលា​ឧទ្ធរណ៍ជា​ទង្វើ​អយុត្តិធម៌​សម្រាប់​ឪពុក​ និង​សកម្មជន​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ​និង​ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​មើល​ឃើញ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ​

លោក​ថ្លែង​ថា៖ ​«ជា​រឿង​អយុត្តិធម៌​សម្រាប់​រូបគាត់​ ហើយ​សម្រាប់​ប្រជាជន​ដទៃ​ទៀត​ ដែល​គិត​ថា​ តុលាការ​មិន​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​ទេ​ មាន​តែ​រំលោភ​សិទ្ធិ​មនុស្ស។​ រំលោភ​សិទ្ធិ​របស់​ពួក​គាត់​ រឹតត្បិត​សេរីភាព​របស់​គាត់ ជា​ហេតុ​ធ្វើ​ឱ្យ​រង​អយុត្តិធម៌​លើ​អយុត្តិធម៌​ថែម​ទៀត»។​

កាល​ពីខែ​មីនា​ ឆ្នាំ​២០២២​នេះ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២១​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ទៅ​១០ឆ្នាំ ​ពីបទ​ «ញុះញង់ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​បះបោរ​ និងរួម​គំនិត​ក្បត់»។ ​លោក ​កែវ ថៃ​ និង​សកម្មជន​ជាង​១០​នាក់​ទៀត​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ស្ថិត​ក្នុង​ចំណោមអ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ទាំង​នោះ។​

សកម្ម​ជន​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ទៅ​កាន់​មណ្ឌល​ឃុំ​ឃាំង​ត្រពាំង​ផ្លុង ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​កាលពី​ថ្ងៃ​ទី​ ២១​ ខែសីហា​ ឆ្នាំ ​២០២២។​

លោក​ សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​មួយ​ចំនួន ​បាន​ថ្លែង​ថា កូនក្តី​លោក​មិន​ព្រម​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​លោក ​យន់ ណារ៉ុង ​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នោះទេ។ ​លោក​បន្ថែម​ថា ​ក្រុម​មេធាវី​ការពារក្តី​ខក​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ផង​ដែរ ​ហើយ​កូនក្តី​បាន​ស្នើ​ឱ្យ​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។​

លោក​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា៖​ «ក្រុម​មេធាវី​ការ​ពារ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ក្តី​ដោយ​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ។ ​ហើយ​ក្រុម​មេធាវី​បាន​ជួប​ជាមួយ​នឹង​កូន​ក្តី​ក្រោយ​ពី​ការ​ប្រកាស ​ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​ស្នើ​សុំ​ឱ្យ​មេធាវី​ប្តឹង​សាទុក្ខ​ចំពោះ​សាល​ដីកា ​ដែល​បាន​ប្រកាស​ព្រឹក​មិញ​នេះ​ ដោយ​សារ​ពួក​គាត់​យល់​ឃើញ​ថា​ សាល​ដីកា​នេះ​ក៏​មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ឱ្យ​ពួក​គាត់​ដែរ​ ហើយ​មេធាវី​បាន​និង​កំពុង​តែ​រៀប​ចំ​នូវ​ឯក​សារ​ដើម្បី​រៀបចំ​ និង​រក្សា​ទុក​ជូន​ពួក​គាត់​ក្នុង​រយៈ​ពេល​ច្បាប់​ គឺ​រយៈ​ពេល​មួយ​ខែ​ បន្ទាប់​ពី​ថ្ងៃ​ប្រកាស​សាល​ដីកា​នេះ»។ ​

បើ​តាម​លោក ​សំ សុគង់ ​កូន​ក្តី​ចំនួន​៤​នាក់​ស្ថិត​ក្នុង​ចំណោម​កូន​ក្តី​១៣​នាក់​ដែល​សាលា​ដំបូង​បាន​កាត់​ទោស កាល​ពី​ខែ​មីនា​នោះ​ បាន​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​របស់​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ​អំឡុង​ពេល​បើក​សវនាកា​រ​នេះ​ ក៏មាន​ការ​ចូលរួម​ពីអតីត​សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង​ញុះ​ញង់ដដែល​នេះ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ឬ​«ម​១»។​

អ្នក​ស្រី​ ស្រេង សូយ៉េត​ អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ បាន​បដិសេធ​មិនអត្ថាធិប្បាយ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ថា​ អ្នក​ស្រី​ទទួល​បន្ទុក​តែ​កិច្ច​ការ​ងារ​រដ្ឋ​បាល​ប៉ុណ្ណោះ​ និង​បាន​បង្វែរ​សំណួរ​ទៅ​លោក​ប្លង់​ សំណាង​ ជា​ចៅក្រម​ និង​ជា​អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​មួយ​រូប​ទៀត។ ​

វីអូអេ​មិន​ទាន់​អាច​សុំការ​អតា្ថធិប្បាយ​ពីលោក ​ប្លង់ សំណាងតាម​ប្រព័ន្ធ​ទូរសព្ទ​បាន​ទេ​នៅថ្ងៃ​អង្គារ​នេះ។​

អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ១០ ​នាក់​ ដែល​កំពុង​ជាប់​ឃុំ ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​ ៥ ​ឆ្នាំ​ ពី​បទ​ «រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ ដោយ​ក្នុង​នោះ​ទោស​ត្រូវ​អនុវត្ត​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​ ៣ ​ឆ្នាំ​ ៨​ ខែ ​សល់​ពីនោះ​ត្រូវ​ព្យួរ។ ​សំណុំ​រឿង​នេះ​មាន​ជាប់​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​សម​ រង្ស៊ី​ កាល​ពី​ឆ្នាំ​ ២០១៩ ​និង​ចលនា​សង្គ្រោះ​ជាតិ។ ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០២០។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ ថ្លែង​ថា ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​របស់​សកម្មជន​នយោបាយ​ដែល​សុំ​នៅ​ក្រៅ​ឃុំ​ ឬ​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់ កម្រ​ទទួល​បាន​ការ​សម្រាល​ទោស​ ឬ​លក្ខខណ្ឌ​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅឃុំ ប្រសិន​បើ​មិន​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«នៅ​ពេល​ដែល​មាន​ស្ថានភាព​នយោបាយ​ប្រែ​ប្រួល​ ឬក៏​អ្នក​នយោបាយ​គាត់​ចរចា​គ្នា​ទៅ​ ហើយ​មានការ​សម្រប​សម្រួល​គ្នា​ផ្នែក​នយោបាយ​ណា​មួយ​កើត​ឡើង​ អ៊ីចឹង​ទោះ​បី​ជា​ឃើញ​សាលា​ដំបូង​កាត់ និង​ផ្តន្ទាទោស​យ៉ាង​ណា​ក៏ដោយ​ សាលា​ឧទ្ធរណ៍​ក៏​អាច​មាន​ការ​បន្ធូរ​បន្ថយ​ ឬ​ក៏​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​អី​ជា​ដើម​អ៊ីចឹង។ ​ប៉ុន្តែ​បើ​សិន​វា​មិន​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ ឬ​ចរចា​នយោបាយ​ណា​មួយ យើង​ឃើញ​ថា​ តាំង​ពី​សាលា​ដំបូល​ដល់​កំពូល​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ។ ​ជា​ការ​កត់​សម្គាល់​កន្លង​មក»។ ​

អតីត​សកម្មជន​នយោបាយ​ចំនួន​១៤​រូប​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុងក្នុង​ខេត្ត​ត្បូងឃ្មុំ ​ក្រោយ​ត្រូវ​បាន​កាត់​ទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​បទ​ឧក្រិដ្ឋ​មួយ​ចំនួន។ ​

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា ​ឆ្នាំ​២០២២​នេះ លោក​ Vitit Muntarbhorn ​អ្នក​រាយ​ការណ៍​ពិសេស​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កម្ពុជា​ បាន​វាយ​តម្លៃ​ពី​ស្ថានភាព​កម្ពុជា​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជា​ផ្លូវការ​ជា​លើក​ដំបូង ​ដោយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​និង​បញ្ឈប់​ការ​កាត់​ទោស​អ្នក​នយោបាយ ​និង​សកម្មជន​នយោបាយ​នានា​ ហើយ​បើក​ចំហ​សេរី​ភាព​អង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG