ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សម្រេច​តាម​តុលាការ​ភ្នំពេញ​កាត់ទោស​អ្នកស្រី​ទេព វន្នី


អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​អំពី​ការ​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ​តាម​ប្រព័ន្ធ​តុលាការ​​​ បន្ទាប់​ពី​អ្នក​ស្រី​​ត្រូវ​បាន​ក្រុម​សន្តិសុខ​បណ្តើរ​ចេញ​ពី​សាល​សវនា​ការ​។​ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​អំពី​ការ​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ​តាម​ប្រព័ន្ធ​តុលាការ​​​ បន្ទាប់​ពី​អ្នក​ស្រី​​ត្រូវ​បាន​ក្រុម​សន្តិសុខ​បណ្តើរ​ចេញ​ពី​សាល​សវនា​ការ​។​ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ទេព វន្នី​ ដែល​ជា​​​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ ​បាន​និយាយ​ថា​ តុលាការ​មិន​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នកស្រី​នោះ​ឡើយ និង​​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដើម្បី​ផ្តល់​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដល់​អ្នកស្រី​​​។

នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់សាលដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេចឃុំ​ខ្លួន​អ្នក​ស្រី​ទេព វន្នី និង​ស្ត្រី​បី​នាក់​ផ្សេង​ទៀត​ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ «ប្រមាថ​អ្នក​រាជ​ការសាធារណៈ​ និង​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ»។​

កាលពី​ខែ​កញ្ញា​ ឆ្នំា២០១៦​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្ម​ជន​ការពារសិទ្ធិ​ដីធ្លី​ចំនួន​បួន​នាក់​មកពី​សហគមន៍​បឹងកក់​ ក្នុង​នោះ​មាន​អ្នកស្រី​ទេព វន្នី​ អ្នក​ស្រី​គង់ ចន្ថា​ អ្នកស្រី​បូ ឆវី​ និង​អ្នកស្រី​ ហេង មុំ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគាររយៈ​ពេល​៦​ខែ​ក្រោម​បទ​ចោទ​«ប្រមាថ​អ្នក​រាជការ​សាធារណៈ​ និង​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ»​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១១​ នៅ​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​ការ​វាយ​បំផ្លាញផ្ទះ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​ដ៏​ចម្រូង​ចម្រាស។​

ប៉ុន្តែ​អ្នក​ស្រី​គង់ ចន្ថា​ អ្នកស្រី​បូ ឆវី​ និង​អ្នកស្រី​ហេង មុំ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។​

នៅថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រុម​ស្ត្រី​នៅ​សហគមន៍​បឹង​កក់​ និង​សហគមន៍​ផ្សេង​ទៀត​ប្រមាណ​ជាង​ ២០​នាក់​ ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​ ឆ្ពោះទៅកាន់​តុលាការ​កំពូល ក្រោយ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​។(ហ៊ុល រស្មី/VOA)
នៅថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រុម​ស្ត្រី​នៅ​សហគមន៍​បឹង​កក់​ និង​សហគមន៍​ផ្សេង​ទៀត​ប្រមាណ​ជាង​ ២០​នាក់​ ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​ ឆ្ពោះទៅកាន់​តុលាការ​កំពូល ក្រោយ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​។(ហ៊ុល រស្មី/VOA)

អ្នកស្រី​ទេព វន្នី​ ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices​ ​បាន​និយាយ​ថា​ តុលាការ​មិន​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នកស្រី​នោះ​ឡើយ។ អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដើម្បី​ផ្តល់​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដល់​អ្នកស្រី​ ក្រោយ​ការ​ប្រកាស​សេចក្តី​សម្រេច​របស់តុលាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​

«ខ្ញុំ​និង​ក្រុម​គ្រួសារ​ ព្រម​ទាំង​អ្នក​ភូមិ​ និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ ទៅ​លើ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ស្នើ​សុំ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស​ ផ្តល់​យុត្តិធម៌​មក​លើ​រូបនាង​ខ្ញុំ​ ឲ្យ​ទទួល​បាននូវ​យុត្តិ​ធម៌​ និង​សេរីភាព​ឡើង​វិញ»។​

អ្នកស្រី​បូវ សោភា​ ​សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ និយាយ​នៅ​មុខ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ​ថា​ អ្នក​ស្រី​ទេព វន្នី​ត្រូវ​តែ​ទទួល​បាន​សេរីភាព​មក​វិញ​ ព្រោះ​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ។​

«សាលា​ឧទ្ធរណ៍​ទាំង​អស់​ហ្នឹង​គឺ​ជា​របស់​ឯក​ជន​ មិន​មែន​ជា​របស់​រដ្ឋ​ទេ។​ ហ្នឹង​ហើយ​ចង់​បញ្ជាក់​ប្រាប់​បងប្អូន​ឲ្យដឹង​ទាំង​អស់​គ្នា​ថា​ ទេព វន្នី​ក៏​មិន​មែន​ជា​របស់​បក្ស​ណា​ដែរ។​ អីចឹង​ដោះលែង​ឲ្យគាត់​មាន​សេរីភាព​មក! ព្រះ​រាជ​អាជ្ញា ​ចៅ​ក្រម​ តុលាការ​តំបូង​ តុលាការ​កំពូល​ តុលាការ​ឧទ្ធរណ៍​ក៏មិនមែនជា​របស់​រដ្ឋ​ដែរ​គឺ​ជា​របស់​ឯកជន​ គឺ​ជា​របស់​បុគ្គល​ បាន​ជា​ពួក​ខ្ញុំ​មិន​ដែល​បាន​យុត្តិធម៌​ពី​តុលាការ​ហ្នឹងម្តង​ណា​ឡើយ»។​

អ្នកស្រី បូវ​ សោភា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ស្រែក​យំ​នៅមុខ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រងការ​វាយដំ​យ៉ាង​ហិង្សា​ពី​កងសន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ នាថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)
អ្នកស្រី បូវ​ សោភា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ស្រែក​យំ​នៅមុខ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រងការ​វាយដំ​យ៉ាង​ហិង្សា​ពី​កងសន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ នាថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)

អ្នកស្រី​ទេព វន្នី​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ កាល​ពីខែ​សីហា​ ឆ្នាំ​២០១៦​ ​ក្រោយ​ពី​អ្នក​ស្រី​បាន​ចូល​រួម​ និង​ដឹក​នាំ​ការ​ធ្វើ​ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ យ៉ាង​សកម្ម​ ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​បួន​រូប ​អគ្គ​លេខាធិការ​រង​មួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ទាម​ទារ​យុត្តិធម៌​ជូន​លោក​កែម ឡី ​ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ។​

លោក​ទូច ថារិទ្ធ​ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ បាន​ប្រាប់ ​VOA​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គឺ​លោក​ញូង ធុល​បាន​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់​ ប្រឆាំង​អ្នកស្រី​ទេព វន្នី​ ដោយ​យោង​តាម​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​មាន​ហេតុផល​ត្រឹម​ត្រូវ​ ក្នុង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្ម​ជន​ដីធ្លី​រូប​នេះ។​

«ដោយ​សារតែ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ចៅក្រម​ គាត់​សម្រេច​ហ្នឹង​ ដោយ​មាន​បទ​ល្មើស​ត្រឹម​ត្រូវ ​ហើយ​គាត់​គិត​ ដែល​អាច​ចោទ​នេះ​បាន​ មាន​បទល្មើស​ ​ហើយ​ដល់​អីចឹង​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បាន​ការ»។​

លោក​ទូច ថារិទ្ធ​បាន​ការ​ពារ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​គ្មាន​សម្ពាធណា​មួយ​ពី​រាជ​រដ្ឋា​ភិបាល​នោះ​ទេ​ ហើយ​ថា​ ប្រសិន​បើ​ជន​ជាប់ចោទ​មិន​សុខចិត្ត​ ពួក​គេ​អា​ចប្តឹង​ទៅតុលាការ​ជាន់​ខ្ពស់​បន្ត​ទៀត។​

ក្រុមអ្នក​តវ៉ា​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​បឹង​កក់​និង​បូរី​កីឡា​ស្រែក​ដាក់​ក្រុម​សន្តិសុខ​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០១​ខែ​ឧសភា​នេះ។ (ឡេង ឡែន/VOA)
ក្រុមអ្នក​តវ៉ា​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​បឹង​កក់​និង​បូរី​កីឡា​ស្រែក​ដាក់​ក្រុម​សន្តិសុខ​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០១​ខែ​ឧសភា​នេះ។ (ឡេង ឡែន/VOA)

ក្រុម​អ្នក​ភូមិ​នៅ​សហគមន៍​បឹងកក់ និង​សហគមន៍​ផ្សេង​ទៀត​ បាន​ដើរ​ចាក​ចេញ​ពី​សាសា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល​ដែល​គ្រោង​បើក​សវនាការ​លើ​បណ្តឹង​សុំនៅ​ក្រៅ​ឃុំ​រ​បស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គលេខាធិការ​រងមួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។ ​ក្រុម​អ្នកភូមិ​ស្រែក​នៅ​មុខ​តុលាការ​កំពូលឲ្យ​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​ប្រាំ​នេះ។ តែ​ក្រោយ​មក​ តុលាការ​សម្រេច​ពន្យារពេល​បើក​សវនា​ការ​នេះ។

សហគមន៍​អន្តរជាតិ​នានា​ រួមមាន​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​សម្តែងក្ដី​បារម្ភ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ក្រុម​ជំទាស់​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​តាម​ចំណាត់​ការ​របស់​តុលាការ​នេះ។ ​ពួក​គេ​ថា​ ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅប្រទេស​កម្ពុជា​ចុះ​ខ្សោយ​ទៅៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG