ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍​មិន​ទាន់​សម្រេច​អំពី​បណ្តឹង​ទាស់​របស់​យុវជន​ដែល​ជាប់​ចោទ​ពី​បទ​បដិវត្តន៍​ពណ៌


និស្សិត​ គង់​ រ៉ៃយ៉ា​ វ័យ​ ២៤​ឆ្នាំ​ ឈ​រ​ក្នុង​បន្ទប់​រង់ចាំ​សម្រាប់​ជន​ជាប់​ចោទ​ នៅតុលាការ​សាលា​ឧទ្ធរណ៍​ នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី/​VOA)

និស្សិត​ គង់ រ៉ៃយ៉ា​ ក្លាយ​ជា​អ្នក​ទោស​ក្នុង​ស្លៀក​ពាក់​ពណ៌​ទឹកក្រូច​ ហើយ​កោរសក់​​នោះ​ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាលពី​ខែ​មីនា​កន្លង​ទៅ​ ក្រោម​ការ​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

អតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​ឈ្មោះ​លោក​ គង់ រ៉ៃយា ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ចូលរួម​សវនាកា​ប្តឹង​ជំទាស់​ការ​ផ្តន្ទាទោស​មក​លើរូប​លោក​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ បន្ទាប់​ពី​ការ​សួរ​ដេញ​ដោល​អស់​ពេល​ប្រមាណ​ជាង​២​ម៉ោង​ ​និស្សិត​រូបនេះត្រូវ​ដឹក​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ ដោយ​រង់ចាំ​ការ​ប្រកាស​សាល​ដីកា​នៅ​ពេល​ក្រោយ។​

និស្សិត​ គង់ រ៉ៃយ៉ា​ ក្លាយ​ជា​អ្នក​ទោស​ក្នុង​ស្លៀក​ពាក់​ពណ៌​ទឹកក្រូច​ ហើយ​កោរសក់នោះ​ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាលពី​ខែ​មីនា​កន្លង​ទៅ​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ យុវជន​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​ស្រែក​ប្រឆាំង​នឹង​ការ​កាត់​ក្តី​របស់​តុលាការ​សាលាឧទ្ធរណ៍​ ដែល​ពុំ​ទាន់​បាន​សម្រេច​ទាក់ទង​នឹង​បណ្តឹង​របស់​លោក​ប្រឆាំង​នឹង​ការ​ចោទរូប​លោក។ អម​ដោយ​ឆ្មាំ​ពន្ធនាគារ​ ពេល​កំពុង​ដើរ​ចេញ​ពី​បន្ទប់​អង្គ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ ​និស្សិត​ គង់ រ៉ៃយ៉ា​ បាន​ស្រែក​នៅ​ពី​មុខ​អ្នក​សារ​ព័ត៌មាន​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​បន្ត​ស្វែងរក​យុតិ្តធម៌​សម្រាប់​ការ​បញ្ចេញ​មតិ​របស់​លោក​លើ​បណ្តាញ​សង្គម​ Facebook ។​

«គេ​ទៅ​វាយ​តំណាងរាស្ត្រ​ ចង់​សម្លាប់​តំណាង​រាស្ត្រ​ជាប់​តែ​មួយ​ឆ្នាំ​ទេ​ ហើយ​ខ្ញុំ​គ្រាន់​តែ​សរសេរពាក្យ​បដិវត្តន៍​ពណ៌​ដែល​ស្រប​ច្បាប់​ គេ​ចាប់​ខ្ញុំ​មួយ​ឆ្នាំ​កន្លះ។ វា​អយុត្តិ​ធម៌​ខ្លាំង​ណាស់!​ ហើយ​ខ្ញុំ​នឹង​ប្តឹង​ទៅ​សាលា​កំពូល​ទៀត»។​

យុវជន គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​នៅ​ថ្ងៃ​ទី​២២ ​ខែ​សីហា​ ឆ្នាំ​២០១៥ ​គឺ​បន្ទាប់​ពី​និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ កាលពី​ដើម​សីហា​ដដែល​នោះ ​បាន​សរសេរ​បង្ហោះ​លើ​ Facebook ​របស់​ខ្លួន​ថា​«តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»​

លោក​បាន​សរសេរ​បន្ត​ថា៖ «ថ្ងៃ​ណាមួយ​ នៅពេល​អនាគត​ លោក​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្លាស់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ​ ហើយ​បើទោះ​ជា​ត្រូវ​ជាប់​ពន្ធនាគារ​ ឬស្លាប់​ក៏​នៅ​តែ​ធ្វើ​ដដែល»។​

ថ្លែង​ប្រាប់​ VOA ​ នៅ​ក្នុង​បរិវេណ​តុលាការ​ឧទ្ធរណ៍​ ឪពុក​លោក​ គង់ រ៉ៃយ៉ា​ គឺ​លោក កាំង គង់​ វ័យ​៦០​ឆ្នាំ​ ​បាន​សម្តែង​ការ​ខក​ចិត្ត​ និង​មិន​សង្ឃឹម​ថា​ ​តុលាការ​សាលា​កំពូល​អាច​រក​យុត្តិធម៌​ជូន​កូនលោក​បាន​នោះ​ទេ។​

«អ៊ុំ​ទទួល​យក​មិន​បាន​ទេ។​ ប៉ុន្តែ​ថា​ ប្តឹង​ទៅ​ដល់​ណា​ ក៏នៅ​តែ​ប៉ុណ្ណឹង​ ព្រោះ​ការ​កាត់​របស់​វា​ហ្នឹង​ វា​ស្រេច​បាច់​អី​អញ្ចឹងទៅ​ហើយ​ យើង​មិន​ចាំបាច់​ទៅ​ប្តឹង​អី​ទៀត​ទេ​ នាំខាត​ពេល​វេលា»។​

លោក ​ទូច ថាវរិទ្ធិ​ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ សុំ​មិន​ធ្វើការ​អធិប្បាយទេ​ ដោយសារ​លោក ស៊ីន វិសាល​ ប្រធាន​អង្គ​ជំនុំ​ជម្រះបាន​លើក​ពេល​ប្រកាស​សាលដីកា​របស់​យុវជន ​គង់ រ៉ៃយ៉ា។​

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៥ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​ប្រកាស​ខ្លាំងៗ​ថា រដ្ឋាភិបាល​នឹង​បង្ក្រាប​ជា​ដាច់ខាត​លើ​ចលនា​បដិវត្តន៍​ពណ៌​ ដែល​គេដឹង​ថា​ បាន​ផ្តួល​រំលំ​មេ​ដឹកនាំ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​អំណាច​យូរ​ឆ្នាំ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ នៅ​អាហ្វ្រិក​ និង​នៅ​អឺរ៉ុប​ខាងកើត។ លោក​ប្រកាស​ដូច្នេះ​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​ពុំ​បាន​បញ្ជាក់​សកម្មភាព​ ឬ​អត្ថន័យ​ច្បាស់ៗ​អំពី​បដិវត្តន៍​ពណ៌​នោះ​ បាន​ថ្លែង​ព្រមាន​បង្ក្រាប​ចលនា​នេះ​ ​នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោ​បាយ​ ដែលមាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ មន្ត្រី​ ​និង​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ​រួម​ទាំង​អ្នក​ស្លៀក​ខោអាវ​ពណ៌ខ្មៅ​ ដែល​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​មិន​ដែល​ទទួល​ស្គាល់​ថា​ កម្ពុជា​មាន​វិបត្តិ​នយោបាយ​នោះទេ។​ ការ​ប្រកាស​បង្រ្កាប​ចលនា​បដិវត្តន៍​ពណ៌​នេះ​ត្រូវ​ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្មែរ​មើល​ឃើញ​ថា​ ជា​ការ​ព្រួយ​បារម្ភ​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល។​ ក្រុម​អ្នក​វិភាគនិ​យាយ​ថា​ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ និង​ការ​ចំណាក​ស្រុក​ គម្លាត​ខ្លាំង​នៃ​ទ្រព្យ​សម្បត្តិ​រវាង​អ្នកមាន​ និង​អ្នកក្រ​ ដែល​ជា​កត្តា​នាំ​ទៅរក​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្តន៍​ពណ៌​នោះ៕​

XS
SM
MD
LG