នៅពេលអនុរក្សពន្ធនាគារកំពុងនាំយុវជន គង់ រ៉ៃយ៉ា និងជនជាប់ចោទផ្សេងទៀត ចេញពីបន្ទប់រង់ចាំទៅកាន់បន្ទប់ប្រកាសសាលក្រមនោះ អតីតនិស្សិតសាកលវិទ្យាល័យខេមរៈរូបនេះ សង្ឃឹមថា ខ្លួននឹងរួចពីការឃុំឃាំងនៅថ្ងៃអង្គារនេះ។
«ខ្ញុំសង្ឃឹម សង្ឃឹមថា តុលាការនឹងដោះលែង»។
ផ្ទុយទៅវិញ នៅពេលប្រកាសសាលក្រម ចៅក្រម ហេង សុខណា ប្រកាសថា គង់ រ៉ៃយ៉ា អាយុ២៤ឆ្នាំ ត្រូវមានទោសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ តាមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋអាទិ៍។
ក្រោយការប្រកាសសាលក្រម យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទពីបទអំពាវនាវឲ្យមានបដិវត្តន៍ពណ៌នេះ និយាយថា សាលក្រមនេះអយុត្តិធម៌។
នាង គង់ មករា ជាប្អូនស្រីរបស់ គង់ រ៉ៃយ៉ា មិនអាចនិយាយឲ្យបានអស់សេចក្តីថា សាលក្រមនេះអយុត្តិធម៌ទេ ព្រោះនាងអួលដើមកនិយាយមិនរួច។ នាងបានត្រឹមតែសម្រក់ទឹកភ្នែក។ ក្រោយពីបានសម្រួលអារម្មណ៍ និងបានជូតទឹកភ្នែក នាងនិយាយថា នាងគាំទ្រឲ្យបងប្រុសនាងមានសេចក្តីក្លាហានធ្វើសកម្មភាពដើម្បីសង្គមទៀត នៅពេលចេញពីការឃុំឃាំង «ព្រោះអ្វីគាត់ធ្វើហ្នឹងអត់មានខុសអ្វីទេ»។
នាងនិយាយថា បងប្រុសរបស់នាងមិនគួរមានទោសជាប់ពន្ធនាគារ ដោយសារតែការឈឺឆ្អាលរឿងជាតិ និងរឿងសង្គមនោះទេ។
លោក តាំង គង់ អាយុ៦៧ឆ្នាំ មកពីភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និយាយថា ការដាក់ទោសនេះធ្ងន់ធ្ងរ ព្រោះកូនប្រុសរបស់លោកគ្រាន់តែបញ្ចេញមតិតាមបណ្តាញសង្គម Facebook តែប៉ុណ្ណោះ ហើយមិនមានធ្វើចលនាបដិវត្តន៍អ្វីទេ។
«វាអយុត្តិធម៌ចំពោះបញ្ហាហ្នឹង ពីព្រោះរឿងនេះវាមិនអាចដល់ទៅកាត់ទោសថ្នាក់ដល់ប៉ុណ្ណឹង ព្រោះជារឿងបញ្ចេញមតិ»។
ក្នុងពេលដែលលោកសម្រេចចិត្តឲ្យកូនប្រុសលោក និងមេធាវីប្តឹងទៅសាលាឧទ្ធរណ៍នោះ លោកក៏បានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលបន្ធូរបន្ថយទោសកូនប្រុសរបស់លោកផងដែរ។
«វាក្មេង ហើយវាអាយុតិច មិនទាន់ចេះពិចារណាឲ្យច្បាស់លាស់ពីបញ្ហាថា ធ្វើបដិវត្តន៍អីអញ្ចឹង។សូមឲ្យលោកមេត្តាអនុគ្រោះនូវពាក្យសម្តី»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមស្តាប់សវនាការ នៅរសៀលថ្ងៃអង្គារនេះ បានប្រាប់អ្នកយកព័ត៌មាននៅមុខតុលាការក្រុងភ្នំពេញថា ការដាក់ទោសយុវជន គង់ រ៉ៃយ៉ា នេះមានលក្ខណៈធ្ងន់ធ្ងរ សម្រាប់ការបញ្ចេញមតិ។ លោកបន្តថា ការអំពាវនាវរបស់ គង់ រ៉ៃយ៉ា នោះមិនបានបង្កឲ្យមានសកម្មភាពប៉ះពាល់ដល់សន្តិសុខសង្គមទេ។
សាលក្រមនៅថ្ងៃទី១៥ ខែមីនានេះ គឺជាលទ្ធផលនៃសវនាការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលក្នុងនោះយុវជន គង់ រ៉ៃយ៉ា ប្រាប់ចៅក្រមថា ខ្លួនមិនយល់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។ ហើយមុនពេលសរសេរលើទំព័រ Facebook យុវនិស្សិតនេះបានសួរសាស្រ្តាចារ្យដែលពន្យល់ថា បដិវត្តន៍ពណ៌មានន័យថា ការប្រមូលផ្តុំតវ៉ាដោយសន្តិវិធី ហើយមានន័យដូចបាតុកម្មអហិង្សាដែរ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ យុវជនឈ្មោះ គង់ រ៉ៃយ៉ា បានសរសេរបង្ហោះលើ Facebook ថា៖ «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»។ លោកបានសរសេរបន្តថា ថ្ងៃណាមួយនៅពេលអនាគត លោកនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជាត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏នៅតែធ្វើវាដដែល។
យុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។
ក្រោយពីការប្រកាសសាលក្រម អ្នកយកព័ត៌មាន និងសាច់ញាតិរបស់យុវជន គង់ រ៉ៃយ៉ា ត្រូវបានប៉ូលិសបណ្តេញចេញក្រៅរបងតុលាការ ហើយឪពុក និងប្អូនស្រីរបស់យុវជនដែលជាប់ចោទពីបទប្រកាសធ្វើបដិវត្តន៍ពណ៌តែម្នាក់ឯងនេះ ត្រូវរង់ចាំឃើញមុខកូន និងបងប្រុសនៅក្រៅរបងតុលាការ ពេលអនុរក្សពន្ធនាគារ នាំអតីតនិស្សិតសាកលវិទ្យាល័យខេមរៈនេះទៅពន្ធនាគារវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចេញប្រតិកម្មនឹងការដាក់ទោសនេះក្នុងបទសម្ភាសន៍មួយជាមួយ VOA ថា៖
«ខ្ញុំមានការសោកស្តាយណាស់ ដោយឃើញថាតុលាការបានកាត់ទោសនិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធនាគារ១៨ខែ ដោយគ្រាន់តែគ្នាលើកអំពីបញ្ហាបដិវត្តន៍ពណ៌។ បដិវត្តន៍ពណ៌គឺគ្រាន់តែចង់បានការផ្លាស់ប្តូរដោយសន្តិវិធី ចង់បានសេរីភាព ចង់បានយុត្តិធម៌។ គ្រាន់តែចង់បានប៉ុណ្ណឹងមានអ្វី ខុស? មានអំពាវនាវឱ្យប្រព្រឹត្តិអំពើហិង្សាកន្លែងណាអត់ទាល់តែសោះ»។
មួយថ្ងៃមុនការប្រកាសសាលក្រមនេះ មាននិស្សិត៦នាក់តំណាងឲ្យនិស្សិតប្រមាណ៥០នាក់ បានសរសេរញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងយុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតរួមសាលា និងរួមថ្នាក់របស់ខ្លួន តែការអំពាវនាវនេះមិនទាន់មានលទ្ធផលអ្វីទេ៕