អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅថ្ងៃចន្ទនេះថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើ«អត្តឃាត»។ លោក Guterres ថ្លែងដូច្នេះ បន្ទាប់ពីមានការបាញ់ផ្លោងប៉ះចំបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទិននឹងការវាយប្រហារចំរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នេះ ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំជាងគេបំផុតនៅទ្វីបអឺរ៉ុប ដែលរោងចក្រនេះស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ីតាំងពីពេលដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅខែកុម្ភៈមក។
ការវាយប្រយុទ្ធគ្នានៅឯរោងចក្រនេះកាលពីថ្ងៃសុក្របានធ្វើឱ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) ព្រមានអំពី«ហានិភ័យដ៏ពិតប្រាកដបំផុតនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ»។
នៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres បានថ្កោលទោសការវាយប្រហារដូចនេះ ដោយមិនបានបញ្ជាក់ថាភាគីណាមួយជាអ្នកទទួលខុសត្រូវនោះទេ។
លោកថ្លែងដូច្នេះថា៖ «យើងគាំទ្រកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារ IAEA ពាក់ព័ន្ធនឹងការបង្កើតស្ថានការណ៍ដែលធ្វើឱ្យរោងចក្រ [នុយក្លេអ៊ែរ] នេះមានស្ថិរភាព»។
លោកបានបន្ថែមថា៖ «ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើអត្តឃាត។ ខ្ញុំសង្ឃឹមថា ការវាយប្រហារទាំងនោះនឹងបញ្ចប់ ហើយស្របពេលជាមួយគ្នានេះដែរ ខ្ញុំសង្ឃឹមថា ទីភ្នាក់ងារ IAEA នឹងអាចមានលទ្ធភាពចូលទៅកាន់រោងចក្រនោះ»។
លោក Guterres បានលើកឡើងដូច្នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Hiroshima ប្រទេសជប៉ុនកាលពីចុងសប្ដាហ៍ ដែលនៅទីនោះលោកបានថ្លែងសុន្ទរកថាអំពីការប្រារព្ធទិវាទី ៧៧ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូលើទីក្រុង Hiroshima ដែលនេះគឺជាការវាយប្រហារដោយគ្រាប់បែកបរមាណូដំបូងបង្អស់នៅលើពិភពលោក៕
អគ្គលេខាធិការអង្គការសហប្រជាជាតិថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើ«អត្តឃាត»
ទីក្រុងតូក្យូ ប្រទេសជប៉ុន —