ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ក្នុង​សាលា​រៀន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​មីនា


សិស្ស​ដើរចេញ​បន្ទាប់​ពី​បាន​ចូលរៀន​ក្នុង​ថ្នាក់​រៀន​នៅ​វិទ្យាល័យ​ Marjory Stoneman Douglas ក្នុង​ទីក្រុង Parkland រដ្ឋ Florida កាលពី​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ សិស្ស​បាន​ត្រឡប់​ចូល​រៀន​វិញ​ ក្រោយ​អតីត​សិស្ស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស១៧នាក់។ (រូបថត AP)

សិស្សានុសិស្ស​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង​នៅ​ក្នុង​សាលារៀន​ចាប់​តាំង​ពី​មាន​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​ នៅ​ក្នុង​ទីក្រុង Parkland រដ្ឋ Florida ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៧នាក់​ស្លាប់​បាត់​បង់​ជីវិត។ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា​ដែល​ គម្រប់ ១ខែ​នៃ​ការ​បាញ់​ប្រហារ​នោះ សិស្សានុសិស្ស​ទូទាំង​ប្រទេស​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជា​ការ​ដើរ​ចេញ​ពី​ថ្នាក់​រៀន​ដើម្បី​ធ្វើ​ការ​រំឭក​ដល់​វិញ្ញាណខ័ន្ធ​របស់​ជន​រង​គ្រោះ​រយៈ​១៧នាទី។ ពួក​កូន​សិស្ស​ទាំង​នោះ​ចង់​ផ្ញើរ​សារ​ដល់​ក្រុម​អ្នក​តាក់តែង​គោល​នយោបាយ។

ចលនា​ជាតិ​មួយ​បាន​លេចឡើង ក្រោយ​មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Parkland រដ្ឋ Florida កាលពី​ខែ​កុម្ភៈ ដែល​មនុស្ស​១៧នាក់​ត្រូវ​បាន​អតីត​សិស្ស​ម្នាក់​បាញ់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ AR-15។

សម្រាប់​គម្រប់​ខួប​១ខែ​នៃ​ព្រឹត្តិការណ៍​នេះ ​សិស្សា​នុសិស្ស​ គ្រូ​បង្រៀន​និង​អ្នក​ដ​ទៃ​ទៀត​មក​ពី​ទូទាំង​ប្រទេស​នឹង​ចូល​រួម​ក្នុង​ការធ្វើ​បាតុកម្ម​ដោយ​ដើរ​ចេញ​ពី​ថ្នាក់​រៀន១៧នាទី ដើម្បី​គោរព​វិញ្ញាណខ័ន្ធ​ជន​រង​គ្រោះ​និង​ទាញ​ចំណាប់​អារម្មណ៍​ពី​បញ្ហា​អំពើ​ហិង្សា​ដោយ​កាំភ្លើង​នៅ​ក្នុង​សាលារៀន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន អភិបាល​ក្រុង​ញូវយ៉ក​លោក Bill de Blasio បាន​ជួប​ជាមួយ​នឹង​សិស្សានុសិស្ស​ដើម្បី​ពិភាក្សា​ពី​ប្រធានបទ​នោះ។

ពួក​គេ​មួយ​ចំនួន​បាន​សង្កត់​បញ្ជាក់​ថា សកម្មជន​សិស្ស​គឺ​ជា​វិធី​មួយ​ដើម្បី​នាំ​យក​នូវ​សំឡេង​ថ្មីៗ ដែល​ពួក​គេ​ថា​មិន​ស្ថិត​ការ​គ្រប់​គ្រង​របស់​សមាគម​កាំភ្លើង​ជាតិ។

យុវតី Arielle Geismar សិស្ស​វិទ្យាល័យ​ ញូវយ៉ក​បាន​ថ្លែង​ថា៖

«អ្នក​ដឹង​ទេ នៅ​ពេល​ដែល​ខ្ញុំ​បើក​ទូរទស្សន៍​ហើយ​ខ្ញុំ​ឃើញ​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​ដែល​ខ្ញុំ​ដឹង​ថា វា​អាច​ទប់​ស្កាត់​បាន​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺ​ជា​ការងារ​របស់​ខ្ញុំ ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​អាច​ធ្វើ​សកម្មភាព​អ្វី​មួយ​និង​កាន់​តួនាទី​ជា​អ្នក​ដឹកនាំ​មួយ​រូប»។

ចំណែក​អ្នក​ដទៃ​ទៀត​ក៏​បាន​បង្ហាញ​សញ្ញា​នៃ​ការ​គាំទ្រ​របស់​ពួកគេ​ដែរ​ ទៅ​លើ​សិទ្ធិ​កាន់​កាំភ្លើង​និង​វិសោធនកម្ម​លើក​ទី២ ដែល​ផ្តល់​សិទ្ធិ​ឲ្យ​កាន់​កាំភ្លើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

យុវជន Daniel Flores សិស្ស​វិទ្យាល័យ​ញូវយ៉ក​ម្នាក់​ផង​ដែរ​បាន​ថ្លែងថា៖

«អ្នក​មិន​អាច​ដឹង​ថា​ខ្មាន់​កាំភ្លើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​នោះ​ទេ។ ហើយ​នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​នោះ​មក យើង​ត្រូវ​មាន​នរណា​ម្នាក់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួច​រាល់ ដូច​ជា​មន្ត្រី​ការពារ​សុវត្ថិភាព​នៅ​សាលា​ដែល​មាន​អាវុធ​ ហើយ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ការពារ​សុវត្ថិភាព។ ប្រហែល​ជា​គាត់​អាច​កម្ចាត់​ឬ​ប្រហែល​ជា​ថែមទាំង​អាច​សម្លាប់​ខ្មាន់​កាំភ្លើង​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សិស្ស​ដទៃ​ទៀត»។

ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​រដ្ឋធានី​វាស៊ីនតោន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​មីនា ហើយ​ការ​ធ្វើ​បាតុកម្ម​ដោយ​ដើរ​ចេញ​ពី​ថ្នាក់​រៀន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​មេសា ដែល​ជា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​បាញ់​ប្រហារ​ឆ្នាំ១៩៩៩ នៅ​ក្នុង​ទីក្រុង Columbine រដ្ឋColorado។

សង្កាត់​សាលារៀន​មួយ​ចំនួន​បាន​ប្រកាស​ថា ពួកគេ​នឹង​មិន​ទទួល​ស្គាល់​ការ​ធ្វើ​បាតុកម្ម​ដោយ​ដើរ​ចេញ​ពី​ថ្នាក់​រៀននោះ​ទេ ហើយ​នឹង​ដាក់​វិន័យ​អ្នក​ដែល​ចូលរួម​ទាំង​នោះ។ អ្នក​ដទៃ​ទៀត​បាន​ផ្តល់​ការ​គាំទ្រ​របស់​ពួកគេ។ មហាវិទ្យាល័យ​មួយ​ចំនួន​បាន​ធានា​ជា​ថ្មី​ម្តង​ទៀត​ថា ការ​ចូលរួម​ធ្វើ​បាតុកម្ម​នោះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ដាក់​ពាក្យចូលរៀន​ក្នុង​មហាវិទ្យាល័យ​ពួក​គេ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

អត្ថបទ​ទាក់ទង

XS
SM
MD
LG