ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រកាស​ថា នឹង​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា

  • ពិន ស៊ីសុវណ្ណ

ការ​ប្រកាស​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​នេះ ធ្វើ​ឡើង​ក្រោយពី​មាន​ការ​ពិភាក្សា​និង​ការ​វែក​ញែក​ជាង​២​ម៉ោង​អំពី​បច្ចេកទេស​ក្នុង​ការ​វិភាគ​សំឡេង​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​លោក ​កឹម សុខា​ និង​នាង ​ខុម ចាន់តារាទី ​នោះ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ លោក ឱម យ៉ិនទៀង​ បាន​ប្រកាស​ថា ​អង្គភាពរបស់​លោក នឹង​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ កឹម សុខា ​ហើយ​នឹង​ទទួល​ជា​ផ្លូវការ ​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន ​ដែល​សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​រវាង​លោក ​កឹម សុខា​ និង​នាង ​ខុម ចាន់តារាទី ដែល​មាន​ការ​សន្យា​ឲ្យ​លុយ​ និង​ទិញ​ផ្ទះ​ឲ្យ​ជា​ដើម​នោះ។

ការ​ប្រកាស​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​នេះ ធ្វើ​ឡើង​ក្រោយពី​មាន​ការ​ពិភាក្សា​និង​ការ​វែក​ញែក​ជាង​២​ម៉ោង​អំពី​បច្ចេកទេស​ក្នុង​ការ​វិភាគ​សំឡេង​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​លោក ​កឹម សុខា​ និង​នាង ​ខុម ចាន់តារាទី ​នោះ។

«មាន​ចំណុច​ខ្សោយ​លើ​គោក។ ​មាន​ស្អី​ត​ទល់​ជាមួយ​យើង​ទេ?​ ស្អី​ដែល​យើង​ដាក់​លើ​តុ​ ហ៊ាន​ត​ទល់​មួយ​ម៉ាត់​ទេ?​ មាត្រា​ណា​មួយ​ដែល​យើង​យក​មក​ប្រើ​ខុស? ​មាន​ហ៊ាន​និយាយ​ក្អក​មួយ​ម៉ាត់​ទេ? ​ខ្ញុំ​ជម្រាប​ហើយ​ណា៎ ​គ្មាន​អ្វី​មក​រារាំង​ខ្ញុំ​បាន​ទេ ​មាន​តែ​ច្បាប់​ទេ»។

ក្នុង​ការ​ប្រកាស​សេចក្ដី​សម្រេច​ចុង​ក្រោយ​នេះ​ លោក​ ឱម យ៉ិនទៀង មិន​ថ្លែង​ចំ​ឈ្មោះលោក​ កឹម សុខា ​និង​នាង​ ខុម ចាន់​តារាទី ​ទេ ​ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា ​សំឡេង​នោះ​ គឺ​ជា​សំឡេង​របស់តួ​អង្គ​ពីរ​នាក់​នោះ។

«ជា​សំឡេង​ពិត​របស់​តួអង្គ​នីមួយៗ។​ អ្នក​ណា​គឺ​សំឡេង​របស់​អ្នក​ហ្នឹង​ពិត។ ​អត់​មាន​មក​ថា ​អត់​មែន​សំឡេង​របស់​ខ្លួន​ទេ ​មិនមែន​ខ្លួននិយាយ។ ​ទី​មួយ​ឆ្លើយ​ជូន​អូន​អញ្ចឹង។​ ស្អែក​លាយលក្ខណ៍​អក្សរ​ជូន​ ជាមួយ​ទឡ្ហីករណ៍ ​ការ​ពន្យល់​តាម​ផ្លូវ​ច្បាប់»។

នៅ​ក្នុង​ក្រុមវែកញែក​អំពី​ផ្លូវច្បាប់​ដើម្បី​ស៊ើប​អង្កេតបណ្ដឹង​របស់​ក្រុម​និស្សិត​នោះ​ ក៏​មាន​តួអង្គ ដែល​លោក ​ឱម យ៉ិនទៀង ​ហៅ​ថា ​អ្នក​ប្រឆាំង​ ដែល​វែក​ញែក​ផ្លូវច្បាប់​ការពារ​លោក ​កឹម សុខា​ ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត ជាពិសេស​លើក​ពី​អភ័យ​ឯក​សិទ្ធិ​របស់​លោក។

ក្រៅពី​នេះ​ ក៏​មាន​អ្នក​ដែល​វែកញែក​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក​ កឹម សុខា​ផង​ដែរ។

​ក្រោយ​ការ​ប្រកាស​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​លោក​ស្រី ចម្រើន ​តំណាង​ក្រុម​យុវជន​ដែល​អះអាង​ថា ​ខ្លួន​ជា​ក្រុម​និស្សិត​ឯករាជ្យ​នោះ​ បាន​បកស្រាយ​ពី​ហេតុផល​នៃ​ការដាក់​ពាក្យ​បណ្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ។

«លោក​ កឹម សុខា ​ពាក់ព័ន្ធ​នៅ​ក្នុង​បទ​អំពើ​ពុក​រលួយ​នេះ។​ ដូច្នេះ​ក្នុង​ខ្សែអាត់​សំឡេង​ដែល​យក​មក​គឺ​លោក​បាន​ទិញ​ផ្ទះ ​ទិញ​ដី​ក៏​ដូច​ជា​ផ្ដល់​លុយកាក់​ខ្លះ​ហ្នឹង​គឺ​ជា​ចម្ងល់​របស់​យុវជន​និង​និស្សិត​យើង​ខ្ញុំ។ ​ដូច្នេះ​យើង​ខ្ញុំ​ ក៏​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។

​លោក​ ស្រី ចម្រើន ​ប្រកាស​ថា​ លោកពេញ​ចិត្តនឹង​ការ​សម្រេច​នេះ​ ហើយ​អំពាវនាវ​ឲ្យ​លោក​ កឹម សុខា ​ធ្វើការ​បំភ្លឺ។​ លោក​សន្និដ្ឋាន​ថា ការ​មិន​ឆ្លើយ​តប​របស់​លោក កឹម សុខាមាន​ន័យ​ថា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ទទួល​ស្គាល់​ថា ​សំឡេង​ខ្សែ​អាត់​នោះ​ជា​ការណ៍​ពិត។​

ក្នុង​ការ​បកស្រាយ​អំពី​ខ្សែអាត់​សំឡេង​នោះ ​តំណាង​អ្នក​បច្ចេកទេសមិន​បាន​និយាយ​ថា​ មាន​ឬ​មិន​មាន​ការ​កាត់​ត​ខ្លឹមសារ​ទេ ​តែ​បាន​លើក​ឡើង​ថា ​សំឡេង​នោះ ​ច្បាស់​មាន​រលក​សំឡេង​រលូន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ កាលពី​យប់​ថ្ងៃ​ទី​៩​ខែ​មីនា​នៅ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​នាង ​ខុម ចាន់តារាទី ​បាន​បញ្ជាក់​ថា លោក​ កឹម សុខា បានទូរស័ព្ទ​មក​និយាយ​ជាមួយនាង​រឿង​កាត់​សក់ និង​លាប​សក់​តែ​ប៉ុណ្ណោះ។

នាង​ មិន​បាន​និយាយ​ថា ​សំឡេងសាសងស្នេហា​នោះ​ ជា​សំឡេង​កាត់​ត​ ឬ​ជា​សំឡេង​របស់នាង​ទេ។​ នាង​គ្រាន់​តែ​និយាយ​ថា ​នាង​មិន​ដែល​និយាយរឿង​ស្នេហា​ដូច​ពាក្យ​ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកនោះ​ទេ។

«ខ្ញុំ​មិន​មែន​ជា​ស្រី​កំណាន់​របស់​គាត់​ទេ។​ ហើយ​រឿង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គាត់​ ​គឺ​ខ្ញុំ​អត់​មាន​ទេ។ ​ប៉ុន្តែ​រយៈពេល​ដែល​គាត់ហៅ​ទូរស័ព្ទ​មក​ខ្ញុំ ​គាត់​ហៅ​មក​ខ្ញុំ​រឿង​ទៅ​ហាង​កាត់សក់។​ ហ្នឹង​គាត់​ទូរស័ព្ទ​មក​ខ្ញុំ​មែន។ ​ប៉ុន្តែ​រឿង​ស្នេហា ​ស៊ី​ជម្រៅ ​រឿង​ស្នេហា​អី ​ទំនាក់​ទំនង​រឿង​ស្នេហា​ជាមួយ​គាត់​អី​ គឺ​អត់​មាន។ ​ហើយ​ណាមួយ​ ខ្ញុំ​គិត​ថា​ គាត់​មាន​អាយុ​ច្រើន​ជាង​ឪពុកម្ដាយ​ខ្ញុំ​ទៅ​ទៀត។​ អញ្ចឹង ​ខ្ញុំ​អត់​មាន​រឿង​អី​ទៅ​គិត​ស្នេហា​ជាមួយ​គាត់​ទេ»។

កាលពី​ថ្ងៃ​ទី១១​ខែ​មីនា​ នាង ​ខុម​ ចាន់ដារាទី​ ​ឬ​ហៅ​ក្រៅ​ថា​ស្រី​មុំ​ ​ដែល​គេ​ចោទ​ថា ​ជា​ស្រី​កំណាន់​របស់​លោក កឹម​ សុខា ​បាន​ទៅនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៅ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ​តាម​ការ​កោះហៅ។ ​នាង​ក៏​បាន​បដិសេធ​ការ​ចោទ​នោះ​ផង​ដែរ។

VOA ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​ពីមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។

ទោះជា​យ៉ាង​ណា​ក្ដី ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​ និង​ជា​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់ VOA​ ថា៖

«ខ្ញុំ​សូម​អត់​ធ្វើ​អត្ថាធិប្បាយ​ទេ។ ​ខ្ញុំ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​១៥​លាន​នាក់​ឆ្លើយ​ជំនួស​ចុះ»។

លោក​បន្ថែម​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​គិត​ពី​រឿង​ធំៗ​របស់​ប្រទេស​ជាតិ។

«ចង់​អ្នក​ណា​ធ្វើ​ម៉េច​ធ្វើ​ទៅ ​ពីព្រោះ​កិច្ចការ​ប្រទេស​ជាតិ​ជាច្រើន​ទៀត​ដែល​យើង​កំពុង​ធ្វើ»។

លោក​ សុក សំអឿន ​នាយក​ប្រតិបត្តិ​គម្រោង​ការពារ​ក្ដី​នៅ​កម្ពុជា​ ថ្លែង​ថា ​ការ​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ កឹម សុខា ធ្វើការ​ស៊ើប​អង្កេត​នោះ ​មិន​ខុស​នីតិ​វិធី​ និង​មិន​រំលោភ​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​របស់​លោក កឹម សុខា​ ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​និយាយ​ថា​ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ អាច​មិន​មាន​ប្រសិទ្ធភាព​ទេ​ ​ព្រោះ​អាជ្ញាធរ​ក៏​មិន​ទាន់​រក​ឃើញសាក្សី​ដែល​ជា​អ្នក​លួច​ថត​សំឡេង​នោះ​ ហើយ​ក៏មិន​ទាន់​ដឹង​ថា ​តើ​ជន​នោះ​កាត់​ត​សំឡេង​ពិត​ ឬ​ជា​សំឡេង​ក្លែង​បន្លំ។

«យើង​ពិបាក​អា​រឿង​សំឡេង​ហ្នឹង។​ ឥឡូវ​ហ្នឹង​ក៏​គេ​អាច​ធ្វើ ...បច្ចេកវិទ្យា​គេ​អាច​ធ្វើ​ឲ្យ​ដូច​បាន​ដែរ»។

លោក ​សុក សំអឿន មើល​ឃើញ​ថា​ដំណើរ​រឿង​អាស្រូវ​ខ្សែអាត់​សំឡេង​ដែល​ឈាន​ដល់​ដំណាក់​កាល​នេះ​ គឺ​មាន​ចរិត​នយោបាយ។​

ក្រោយ​ពី​មាន​ការ​ផ្ទុះ​រឿង​ខ្សែ​អាត់​សំឡេង​នេះ​មក​ លោក ​កឹម សុខាបាន​ប្រកាស​ថា ​លោក​ជ្រើស​យក​ជំហរ ​«មិន​ឆ្លើយ​ មិន​ឆ្លង និង​មិន​ឈ្លោះ»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG