ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ស៊ើប​អង្កេត​បណ្តឹង​បរិហារកេរ្តិ៍​នាង ​ធីសុវណ្ណថា


នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ការ​ចូល​បំភ្លឺ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​គឺ​យោង​តាម​ពាក្យ​បណ្តឹង​«បរិហាកេរ្តិ៍» ​របស់​សកម្មជន​ផ្នែក​សង្គម​ម្នាក់​គឺ​នាង​ ធី សុវណ្ណថា​ នា​សាលា​ដំបូង​ក្រុង​ភ្នំពេញ។

នាព្រឹក​ថ្ងៃ​សុក្រ​នេះ នាង ខុម​ ចាន់ដារាទី ឬ​ ស្រី មុំ ​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម​ សុខា ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់ បាន​បញ្ចប់​ការ​បំភ្លឺ​របស់​ខ្លួន​ នៅ​នាយកដ្ឋាន​ប្រឆាំង​ភេវកម្ម​នាទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ ​អំពី​ខ្សែ​អាត់​សំឡេង​ដែល​គេ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក។ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោបាយ​កម្ពុជា យល់​ថា​ នីតិវិធី​នេះ​ហាក់​ដូចជា​ចំឡែក និង​មិន​មាន​ភាព​ប្រក្រតី។

ការ​ចូល​បំភ្លឺ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​គឺ​យោង​តាម​ពាក្យ​បណ្តឹង​«បរិហាកេរ្តិ៍» ​របស់​សកម្មជន​ផ្នែក​សង្គម​ម្នាក់​គឺ​នាង​ ធី សុវណ្ណថា​ នា​សាលា​ដំបូង​ក្រុង​ភ្នំពេញ។

លោក​ នី សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស Adhoc ​ដែល​ផ្តល់​មេធាវី​ការពារ​ដល់​នាង​ ខុម ចាន់ដារាទី​ ឬ ​ស្រីមុំ ​បាន​ប្រាប់​VOA ​ថា៖​«ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ថា ម៉េច​ទេ​រឿង​នេះ​ គ្រាន់​តែ​ថា​ជា​រឿង​ចំឡែក​ដែរ។ ចំឡែក​ត្រង់​ថា​ រឿង​ទាក់ទង​នឹ​ង​បទ​បរិហាកេរ្តិ៍​កន្លង​ទៅ​នេះ។ ភាគ​ច្រើន​ គឺ​តុលាការ​គាត់​អ្នក​រៀបចំ​ ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​ពាក់ព័ន្ធ​នឹង​សាក្សី​អីចឹង​ណា។ ក៏​ប៉ុន្តែ ចំឡែក​ត្រង់​ថា​ រឿង​នេះ​តុលាការ​បាន​ផ្ទេរ​សមត្ថកិច្ច​មក​ឲ្យ​ខាង​នាយកដ្ឋាន​ភេរវកម្ម ​ដែល​ជា​នាយកដ្ឋាន​មួយ​យើង​ដឹង​ស្រាប់​ហើយ​ថា​ នាយកដ្ឋាន​ប្រឆំាង​ភេវកម្ម​គឺ​ជា​នាយកដ្ឋាន​មួយ​ដែល​ធ្វើ​រឿង​ធំៗ»។

យ៉ាង​ណា​ក៏​ដោយ លោក​ នី សុខា ថា​សមាគម​របស់​លោក​នឹង​ធ្វើការ​អង្កេត​ករណី​នេះ​ ឲ្យ​បាន​ដិត​ដល់​បន្ថែម​ទៀត។

ស្រដៀង​គ្នានេះ​ ដែរ​លោក​ អ៊ូ វីរៈ នាយក​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ ក៏​យល់​ថា​ ​នីតិវិធី​ថ្មី​លើ​ករណី​នាង​ ខុម ចាន់ដារាទី​ ហៅ ស្រីមុំ​គឺ​«ខុស​ពី​ប្រក្រតី»​ដោយ​សារ​ វា​ជា​ករណី​បរិហារកេរ្តិ៍​ដែល​តុលាការ​គួរ​តែ​ស្វែង​រក​អ្នក ​ដែល​បង្ហោះ​ខ្សែ​អាត់​សំឡេង​នោះ ជា​ជាង​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​នាយកដ្ឋាន​ភេរវកម្ម។​

លោក​បាន​ប្រាប់​VOA​ថា៖ «ប៉ុន្តែ​អ្វីមួយ​ដែរ​ខ្ញុំ​សោកស្តាយ​ ​គឺអត់​មាន​ការ​បើក​ការ​ស៊ើបអង្កេត​មួយ​អាច​ពី​ការ​លួចថត​ ឬ​ក៏​ទាក់ទង​រឿង​ការ​បំភ្លៃ​ការ​ពិត។ មាន​ន័យថា​ បើ​មិន​មែន សំឡេង​ពិត​ ឬ​បាន​មក​ពី​ការ​ថត​ទេ​ តើ​សំឡេង​ហ្នឹង​បាន​មក​ពីណា? ឬ​មួយ​គេ​បង្កើត​បំភ្លៃ​ការ​ពិត។ អាហ្នឹង​គឺ​វា​អាច​ខុស​ច្បាប់​ដែរ។ អីចឹង​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​ហ្នឹង ហើយ​វា​អត់​មាន​ទាក់ទង​នឹង​ភេរវកម្ម​អី​នោះ​ទេ។​ ដោយ​សារ​អញ្ចឹង​ ខ្ញុំ​មើល​ទៅ​រឿង​ហ្នឹង វា​ហាក់​ដូច​ជា​រញ៉េរញ៉ៃ​ពាក់​ព័ន្ធ​ច្រើន​មែន​ទែន»។​

កាលពី​សប្តាហ៍​កន្លងទៅ ខ្សែ​អាត់​សំឡេង ដែល​គេ​ចោទ​ថា​ជា​សំឡេង​ពិត​របស់​លោក​ កឹម សុខា ​និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អា​មុំ»​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ទើប​បង្កើត​ថ្មី មាន​ឈ្មោះ​ថា «Mon Srey»។​ គណនី​ហ្វេសប៊ុក​ដែល​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​«Mon Srey» ​និង​មាន​ទំនាក់់​ទំនង​ផ្លូវ​ភេទ​នឹង​លោក​ កឹម សុខា​ បាន​បង្ហោះ​ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់។

ខ្សែ​អាត់​សំឡេង​ច្រើន​ផ្សេង​ទៀត រួមទាំង​អត្ថបទ​សន្ទនា​ ​ក៏​ត្រូវ​បា​ន​គេ​ផ្សព្វ​ផ្សាយ​តាម​គណនី​ហ្វេសប៊ុក​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​ថា​«រឿង​ពិត​ CNRP»​ និង​ត្រូវ​បាន​ដកស្រង់​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។​

ដោយ​មាន​ការ​ប្តឹង​ផ្តល់​របស់​នាង​ ធី សុវណ្ណថា​ តុលាការ​ក្នុង​ភ្នំពេញ​បាន​បញ្ជូន​ឲ្យ​នាយកដ្ឋាន​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ ធ្វើការ​ស៊ើប​អង្កេត។​

បន្ទាប់ពី​ការ​សាក​សួរ​ជាង​៣ម៉ោង នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ​ មេធាវី​ការពារ​ក្តី​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស Adhoc អ្នកស្រី​ ទ្រី ឈួន​ ដែល​បាន​ចូលរួម​ការ​សាក​សួរ​នេះ បាន​ប្រា​ប់អ្នកព័ត៌មាន​ថា​ការ​សាកសួរ​ដែល​មាន​រយៈពេល​យូរ​នេះ​ គឺ​ផ្តោត​លើ​ចំណុច​មួយ​ចំនួន​ រួម​មាន​សួរ​ពី​ប្រវត្តិ​របស់់​នាង​ មុំ ​ប្រវត្តិ​ការងារ​នឹង​អំពី​វីដេអូ​ឃ្លីប។​ យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​ ទ្រី ឈួន ​ថា​កូនក្តី​របស់​លោកស្រី​«បាន​បដិសេធ»​ ការ​ចោទ​របស់​នាង​ ធី​ សុវណ្ណថា​ រួម​ទាំង​ការ​ចោទ​ពី​ទំនាក់​ទំនង​រវាង​នាង​ និង​លោក​ កឹម សុខា​ ផង​ដែរ។

«និយាយ​ទៅ​ការ​សាកសួរ​ពេញ​មួយ​ព្រឹក​នេះ​ ​យើង​ឃើញ​ថា​៣ម៉ោង​ជាង​នេះ ​រហូត​ដល់​ពេល​នេះ​គឺ​ម៉ោង​ជាង​មួយ​នេះ។ ហើយ​យើងចាប់​តាំង​ពី​ព្រឹក​មុន​ម៉ោង​៩:០៥​នាទី​ទៀត។​ អញ្ចឹង ​យើង​ឃើញ​ថា​មាន​រយៈពេល​វែង​ណាស់​ការ​សាក​សួរ​នេះ។ អីចឹង​បាន​ន័យ​ថា​ សួរ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​អំពី​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដែល​កើត​ឡើង។ កូន​ក្តី​របស់​ខ្ញុំ​បដិសេធ​ចំពោះ​បញ្ហា​ដែល​ចោទ​ប្រកាន់​នេះ»។

លោក​ស្រី​មេធាវី​រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នឹង​ការពារក្តី​ឲ្យ​កូន​ក្តី​លោក​ស្រី​បន្ត​ទៀត​ ​តាម​ចំណាត់ការ​ និង​នីតិវិធី​របស់​តុលាការ។​

នាយ​ឧត្តម​សេនីយ៍​ អ៊ី សុខឃី​ ប្រធាន​នាយក​ដ្ឋាន​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពេល​សាក​សួរ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ នាង ​ខុម ចាន់ដារាទី​ ឬ ​ស្រីមុំ​ បាន​ធ្វើ​«កិច្ចសហការ​ល្អ​ជាមួយ​សមត្ថកិច្ច»​ ហើយ​នាយកដ្ឋាន​របស់​លោក​ អាច​នឹង​ទាម​ទារ​«ឲ្យ​លោក​ កឹម​ សុខា​ ធ្វើ​កិច្ច​បំភ្លឺ»​ផង​ដែរ។

ទាក់ទិន​សំណួរ​ថា ​ហេតុ​អ្វី​នាយក​ដ្ឋាន​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើប​អង្កេត​រឿង​នាង​ ស្រីមុំ នាយ​ឧត្តម​សេនីយ៍​ អ៊ី សុខឃី​ បាន​ឆ្លើយ​ថា៖​«នេះ​គឺជា​នាយកដ្ឋាន​ប្រឆំាង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​ហើយ​មាន​តួនាទី​ជា​មន្ត្រី​នគបាល​យុត្តធម៌​ទី​១។ ទី២​យើង​បាន​ទទួល​គេ​ហៅ​ថា​ បញ្ជា​របស់​អយ្យការ​អមសាលា​ដំបូង។​ ហើយ​នាយ​កដ្ឋាន​យើង​ខ្ញុំ​ត្រូវ​បាន​ទទួល​ការ​ប្រគល់​ភារកិច្ច​ពី​អគ្គស្នងការ​ដ្ឋាន​នគបាល​ជាតិ»។

លោក​បន្ត​ថា​ សមត្ថកិច្ច​នឹង​អាច​ស្វែង​រក​មុខ​ជន​ដៃ​ដល់​ ដែល​បង្ហោះ​ខ្សែអាត់​ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​ បន្ទាប់​ពី​ការ​សាកសួរ​នាព្រឹក​ថ្ងៃ​សុក្រ​នេះ។

«មែន​ទែន​ ទៅ​លទ្ធផល​ចុង​ក្រោយ​នឹង​ប្រមូលផ្តុំ​នៅ​តុលាការ​ ព្រោះ​មែនទែន​ទៅ ខ្ញុំ​ធ្វើតាម​បញ្ជា​របស់​តុលាការ​ដែរ​ទេ។​ បាទ!​ យើង​នឹង​ស្វែង​រក​បញ្ហា​ពាក់​ទាំងអស់ ​ដែល​ទាក់ទិន​នឹង​ការ​ប្តឹង​នោះ»។​

កាល​ពី​សប្តាហ៍​មុន​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​នៃ​គណបក្ស​ជំទាស់​ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​យក​ជំហរ​«មិនឈ្លោះ​ មិនឆ្លើយ​ និង​មិន​ឆ្លង»។

ក្នុង​កិច្ច​សម្ភាស​ពិសេស​រវាង​នាង​ ខុម ចាន់ដារាទី​ ឬ ​ស្រីមុំ​ នឹង​VOA នាថ្ងៃ​ពុធ​កន្លង​ទៅ​ នាង ចាន់ដារាទី​ បាន​ទទួល​ស្គាល់​ថា​ គណនីយ​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ «Mon Srey» គឺ​ធ្លាប់​ជា​របស់​នាង ក៏ប៉ុន្តែ​ត្រូវ​បាន​គេ​ hack​ ឬ​លួច​ចូល​យូរ​មក​ហើយ។​ នាង​ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ថា ​នាង​មាន​ទំនាក់​ទំនង​រវាង​នាង​ នឹង​លោក​ កឹម សុខា ​ហើយ​នាង​ក៏​មិន​បាន​ទាក់ទិន​នឹង​ខ្សែ​អាត់​សំឡេង​អ្វី​នោះ​ផង​ដែរ។​

VOA​មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ ​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​បាន​ទេ​នា​ថ្ងៃ​សុក្រ​នេះ។​

ស្រដៀង​គ្នា​នោះ​ដែរ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ មិនបាន​ប៉ុន្មាន​ខែ មុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង​ថា ​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា។ ស្ត្រី​រូប​នោះ​ និង​ម្តាយ​បាន​ចេញមុខ​ធ្វើការ​តវ៉ា​ នៅ​មុខ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​ឲ្យ​លោក​ កឹម សុខា ទទួល​ខុស​ត្រូវ ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ និង​កូន។ យ៉ាងណា​ក៏​ដោយ​ ការ​ទាមទារ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ក្រោយ​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG