ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នារី​ដែល​គេចោទ​ថា​ជា​ស្រី​កំណាន់​លោកកឹម សុខា​ចេញ​មុខ​បដិសេធ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ម្ចាស់ Facebook ឈ្មោះ Mon Srey បដិសេធ​ថា ខ្លួន​មិនមែនស្រី​កំណាន់​លោក ​កឹម សុខា​ទេ

នារី​វ័យ​ក្មេង​ម្នាក់​ដែល​នៅចំ​ចំណុច​កណ្តាល​នៃ​ការចោទ​ប្រកាន់​លើ​លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មក​អះអាង​ថា​ការចោទ​ប្រកាន់​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ​ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​បណ្តាញ​សង្គម​និង​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង​ប្រឌិត​មួយ​ប៉ុណ្ណោះ។

កញ្ញា​ ខំ ចាន់​ដារា​ទី​ ឬ​កញ្ញា ស្រី មុំ ​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា​ បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃពុធ​នេះ​ក្នុង​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ដើម្បីបំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ​។​

នាងបាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង ​VOA ​ថា៖

«ខ្ញុំ​គិត​ថា​គាត់​(លោក​កឹមសុខា) ​មាន​អាយុ​ច្រើន​ជាង​ឱពុក​ម្តាយ​ខ្ញុំ​ទៅទៀត​។ អីចឹងខ្ញុំ​អត់​មាន​រឿង​អី​ទៅ​គិត​ស្នេហា​ជាមួយ​គាត់​ទេ។ ខ្ញុំ​អត់​មាន​រឿងអី​ត្រូវ​ទៅ​គិត​អី​ចឹង​ទេ ​ហើយ ​គេ​ថា​ស្រីកំណាន់​របស់​គាត់​គឺ​ខ្ញុំ​សូម​បដិសេធ​ថា​ខ្ញុំ​មិន​មែន​ស្រី​កំណាន់​របស់​គាត់​ទេ‍»។

កញ្ញា ​ចាន់ដារាទី ​ទទួល​ស្គាល់​ថា​នាង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ​Mon Srey ក៏​ប៉ុន្តែ​នាង​បង្ហោះ​តែ​រូបថត​ទេ​ព្រោះ​ខ្លួន​រៀនសូត្រ​បាន​តែត្រឹម​ថ្នាក់​ទី៤ហើយ​មិន​ចេះ​សរសរ​សារ​ដែល​មាន​ខ្លឹមសារ​អ្វី​ឡើយ៖

«អ្វី​ដែល​ខ្ញុំ​ផុស​ទៅ​គឺ​មាន​តែ​រូបភាព​ទេ។ ខ្ញុំ​អត់​មាន​សមត្ថភាព​ណា​ទៅ​សរសេរ​អក្សរ​ដែល​មាន​អត្ថន័យ​ថា​គាត់​មាន​ស្នេហា​ជាមួយ​ខ្ញុំ​ហើយ​មានទំនាក់​ទំនង​ជាមួយ​ខ្ញុំ​ហើយ​មិន​ទទួលខុសត្រូវ​ជាមួយ​ខ្ញុំ​គឺ​ខ្ញុំ​អត់មាន​បាន​សរសេរ​ទេ។ ហើយ​ក៏​អត់មាន​រឿងអ្វីកើត​ឡើង​ជាមួយ​ខ្ញុំ​ដែរ‍»។​

បណ្តាញ​សង្គម​និង​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​បាន​ដក​ស្រង់​ការសន្ទនា​តាម​ទូរស័ព្ទពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះថា​ «រឿងពិត CNRP‍»​ ដែល​គេ​ចោទ​ថា​ជា​សំឡេង​លោក​កឹម សុខា​សាសង​ស្នេហា​ជាមួយ​នឹង​ស្រ្តី​ដែល​មាន​ឈ្មោះមុំ​។

នាង ចាន់ដារាទី​បាន​បញ្ជាក់​ថា​លោកកឹម សុខា​ពិតជា​ធ្លាប់​បាន​ទូរស័ព្ទ​មក​នាងក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​គឺ​ដើម្បី​ណាត់​ពេល​មក​លាប​ថ្នាំសក់​នៅ​ហាងកាត់​សក់ដែល​នាង​ធ្វើការ​ហើយ​ក៏មាន​អតិថិជន​ជាច្រើន​នាក់​ដែល​មាន​លេខ​ទូរស័ព្ទ​នាង​និង​ទូរស័ព្ទ​មក​នាង​ក្នុង​ទំនាក់ទំនង​ការងារ​ជាធម្មតា​ដែរ។

ហ្វេសប៊ុក​ដែល​យក​ឈ្មោះនាង​និង​ដាក់​រូបថត​នាង​ប៉ុន្តែ​ទើប​បាន​បង្កើត​តែ​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​មុន​ផ្ទុះ​រឿង​អាស្រូវ​បាន​សរសេរ​ចោទ​ថា​លោក​កឹម សុខា​បាន​ធ្វើ​ឱ្យ​នាង​មាន​ផ្ទៃពោះ​ហើយ​មិន​ព្រម​ទទួល​ខុស​ត្រូវ​ដោយ​លោក​ប្រែចិត្ត​សាវ៉ា​ទៅ​ស្រឡាញ់​នារី​ផ្សេង​ជា​មិត្ត​ភក្តិ​នាង​វិញ។​

នាង​ ចាន់​ដារាទី​បាន​បញ្ជាក់​ថា៖

«អ្វីដែល​គេ​សរសេរមក​គឺ​ខូច​ឈ្មោះ​របស់​ខ្ញុំ​អស់​ហើយគឺកិត្តិយស​របស់​ខ្ញុំ​បាត់​បង់​អស់ហើយ‍។ ....ខ្ញុំ​ចង់​បាន​កិត្តិយសខ្ញុំ​មក​វិញព្រោះថា​ខ្ញុំ​ខាតបង់​ពេលវេលា​។ ខាតបង់​អ្នកដែល​គេស្គាល់​ខ្ញុំ​គេ​អត់​ជឿជាក់​លើ​ខ្ញុំ»។

នៅពេល​ដែល​បែកលេចចេញ​រឿងនោះដំបូង​ នាងបាន​បញ្ជាក់​ថា​នាង​ចង់​បកស្រាយ​រឿង​ហ្នឹង​មួយ​រយៈ​ដែរ​ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។នាង​បាន​បញ្ជាក់​ថា​នាង​ស្លុត​នៅពេល​ដែល​រឿងរ៉ាវ​អាស្រូវ​នោះ ​ផ្ទុះ​ឡើង​ហើយ​នាង​បាន​រស់​នៅ​ដោយ​លាក់ខ្លួន​ដោយ​មាន​ក្តីអាម៉ាស់។

ក្រសួង​មហា​បាន​កោះ​អញ្ជើញ​កញ្ញា​ចាន់ដារាទីឱ្យ​ទៅ​បំភ្លឺ​នៅក្នុង​បណ្តឹង​របស់​សកម្មជន​សង្គម​វ័យ​ក្មេង​ម្នាក់​គឺ​នាង ធី សុវណ្ណថា​នៅថ្ងៃ​សុក្រ​ខាងមុខ។ នាងធី សុវណ្ណថា ​បាន​ដាក់​ពាក្យ​បណ្តឹង​ដោយ​ផ្អែក​តាម​ខ្សែអាត់​សំឡេង​កន្លងមក​ដែល​មាន​លក្ខណៈវាយ​ប្រហារ​លើ​រូប​នាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG