ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ម្នាក់​ទៅ​តុលាការ ​រឿង​កិប​កេង​លុយ​រដ្ឋ


រូបឯកសារ៖ ការិយាល័យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រាជធានី​ភ្នំពេញ។ (ប៉ូច រាសី/វីអូអេ)

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រសួង​សង្គម​កិច្ច​ រួច​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​មន្ត្រី​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​កិប​កេង​ថវិកា​រដ្ឋ ​ខណៈ​កំពុង​កាន់​តួនាទី​ទទួល​បន្ទុក​ខាង​ហិរញ្ញវត្ថុ។

អនុ​ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​វត្ថុ​ និង​ផ្គត់​ផ្គង់​នៃ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា​ លោក ​ឡាយ សំណាង​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​អង្គារ​ ​ក្រោយ​ការ​សង្ស័យ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​របស់​លោក​ដែល​កើត​ឡើងតាំង​ពី​ឆ្នាំ​២០១៩។​ នៅ​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​នេះ​ ក្រសួង​សង្គម​កិច្ច​ក៏មាន​វិធាន​ការ​បន្ត​បន្ទាប់​ដែរ​តាំង​ពី​ឆ្នាំ​២០២០។​ នេះ​បើ​តាម​មន្ត្រី​នៃអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​

អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ សយ ចាន់វិចិត្រ​ ប្រាប់​វីអូអេ​ថា ​សំណុំ​រឿង​របស់​លោក​ ឡាយ​ សំណាង ​ដែល​សង្ស័យ​ថា ​បាន​កិប​កេង​ថវិកា​រដ្ឋ​ចំនួន​ជាង១៥៤៨​លានរៀល​ ឬ​ស្មើនឹង​ជាង៣៨​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ​

លោក​ថ្លែង​ថា៖​ «សំណុំ​រឿង​យើង​បាន​បញ្ជូន​ព្រឹក​មិញ​រួច​ហើយ​ ឥឡូវ​នេះ​ គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​របស់​ព្រះ​រាជ​អាជ្ញា»។​

បើ​តាម​លោក​ សយ ចាន់វិចិត្រ​ លោក​ឡាយ សំណាង​ ដែល​មានតួនាទី​ជា​អ្នក​ទៅបើក​ប្រាក់​ពី​រតនាគារ​ ឬ​ធនាគារ​ដើម្បី​យក​មក​ដាក់​ក្នុង​បេឡា​របស់​ក្រសួង​សង្គម​កិច្ច​នោះ​ ត្រូវ​សង្ស័យ​ថា​ បាន​កិប​កេង​ប្រាក់​រដ្ឋ​ ដោយ​សារ​លោក​មិន​យក​សាច់​ប្រាក់​ដែល​បើក​បាន​ពី​រតនាគារ​ ឬ​ធនាគារ​ទៅ​ដាក់​ក្នុង​បេឡា​របស់​ក្រសួង។​

លោក​លើក​ឡើង​ថា៖ ​«តួនាទី​របស់​គាត់​មួយ​ទៀត​គឺ​គាត់​ត្រូវ​បាន​ក្រសួង​ប្រគល់​តួនាទី​ឲ្យ​ជា​អ្នក​បើក​ផ្តល់ ​បើក​ផ្តល់​ ហើយ​នឹង​បើក​លុយ​ពី​ខាង​រតនាគារ​ ពី​ខាង​ធនាគារ​មក។ អ៊ីចឹង​ នៅ​ពេល​ដែល​គាត់​បើក​មក​ គឺ​គាត់​ត្រូវ​យក​លុយ​ហ្នឹង​មក​ដាក់​បេឡា​របស់​ក្រសួង។ ​ប៉ុន្តែ​គាត់​យក​មក​គឺគាត់​អត់​យក​មក​ដាក់​ទេ​ ហើយ​គាត់​ដោះ​សារ​ហូរ​ហែ​អ៊ីចឹង​មក។ ​ប៉ុន្តែ​តាម​ពិត​ គាត់​យក​លុយ​ហ្នឹង​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់​ សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ សម្រាប់​ខ្លួន​គាត់»។​

លោក​ ឡាយ សំណាង ​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​សំខាន់​ពីរ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​គឺ​មាត្រា​៥៩៧​ និង​៥៩៨​ ហើយ​មន្ត្រី​សង្គម​កិច្ច​រូប​នោះ​ក៏រង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​សម្អាត​ប្រាក់។ ​នេះ​បើ​តាម​លោក​ សយ ចាន់វិចិត្រ។​

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​៥៩៧​ចែង​ពី​ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​ ហើយ​មាត្រា៥៩៨ចែង​ពី​ការ​ផ្តន្ទាទោស​ពី​២​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​ទៅ​១០​លាន​រៀល​ បើ​ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស។​

លោក ​ឡាយ សំណាង​ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ បាន​កិប​កេង​ប្រាក់​ជាង​៣៨​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​មាន​ទាំង​ប្រាក់​របប​គោល​នយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍​ចំនួន​ជិត​៤​ពាន់​នាក់​ផង​ដែរ។​

ជុំវិញ​ករណី​កិប​កេង​ថវិកា​របស់​រដ្ឋ​នេះ​ មន្ត្រី​ស្មៀន​នៅ​សង្កាត់​តាខ្មៅ​ម្នាក់​គឺ​លោក​ សុខ សុផា ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ចំពោះ​ការ​មិន​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។​ ​ទឹក​ប្រាក់​ដែល​សង្ស័យ​ថា ​មន្ត្រី​នេះ​បាន​កិបកេង​នោះ​មាន​ចំនួន​ជាង​៦០​លាន​រៀល។​

ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ លោក​ ឈួរ សុបញ្ញា​ បញ្ជាក់​ឲ្យ​វីអូអេ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សំណុំ​រឿង​លោក​ឡាយ សំណាង​ ជា​រឿង​ដាច់​ដោយ​ឡែកពី​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ ដែល​កំពុង​ដំណើរ​ការ​ក្រោម​ការ​ពិនិត្យ​ច្បាស់​លាស់​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។​

លោក​ថ្លែង​ថា៖ ​«អានេះ​ រឿង​ផ្សេង​ទេ​ អត់​មាន​ពាក់​ព័ន្ធ​នឹង​ការ​ងារ​របស់​ជំនួយ​សង្គម​ទេ។ រឿង​ហ្នឹង​ ការណ៍​ពិត​កើត​យូរ​ហើយ​ប្រមាណ​ពីរ បី​ឆ្នាំ​ហើយ​ ប៉ុន្តែ​យើង​តម្រូវ​ឲ្យ​សាមី​ខ្លួន​សង​លុយ​មក​វិញ​ តែ​សាមី​ខ្លួន​គាត់​អត់​សង។ ​អ៊ីចឹង​ យើង​បាន​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ហើយ​វា​អត់​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ដែល​ជា​កម្មវិធី​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ទេ»។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ប៉ិច ពិសី ​ថ្លែង​ថា​ សង្គម​ស៊ីវិល​អបអរ​វិធានការ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​មន្ត្រី​ដែល​សង្ស័យ​ថា​ កិបកេង​លុយ​រដ្ឋ​នោះ​ ​តែ​ថា ​ការ​ស៊ើប​អង្កេត​ជា​ប្រព័ន្ធ​មួយ​គួរ​តែ​ធ្វើ​ឡើង​ ព្រោះ​ទំហំ​លុយ​រដ្ឋដែល​សង្ស័យ​ថា ត្រូវ​បាន​លួច​យក​នោះ​មាន​ចំនួនធំ។ ​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុ​ធ​នេះ​ថា៖​ «ថវិកា​ដែល​សង្ស័យ​ថា​ មាន​ការ​លួច​ហ្នឹង​មាន​ទំហំ​ធំ​ ដូច្នេះ​ខ្ញុំ​គិត​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ជា​ប្រព័ន្ធ​ទៅ​លើ​ករណី​នេះ​ ដើម្បី​ស្វែង​រក​ការណ៍​ពិត​ផង ហើយ​ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កិបកេង​ថវិកា​ជាតិ​នេះ​ បាទ។ ​នេះ​គឺ​ជា​វិធី​មួយ​នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ជា​ប្រព័ន្ធ​ ហើយ​អាច​គំរាម​ទៅ​ដល់​មន្ត្រី​ដទៃ​ទៀត​ដែលមានគំនិត​ចង់​កិប​កេង​ថវិកា​ជាតិ ​ថវិកា​សាធារណៈ​ហ្នឹង ​កុំឲ្យ​ធ្វើ»។ ​

លោក​បន្ថែម​ថា​ ទង្វើ​នៃ​ការ​លួច​ថវិកា​ដែល​ទុក​សម្រាប់​ជួយ​ពលរដ្ឋ​ជា​ជនងាយ​រង​គ្រោះ​ ដែល​រួម​មានទាំង​ស្ត្រី​ ជន​ពិការ​ក្រីក្រ​ ចាស់​ជរា​ គ្រា​សេដ្ឋ​កិច្ច​ប្រទេស​មាន​ការ​ចុះ​ថម​ថយ​ ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺកូវី​ដ១៩ ​និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សាកល​នោះ​ គឺ​ជា​អំពើ​អសីល​ធម៌។ ​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ សយ ចាន់វិចិត្រ​ អះអាង​ថា​ មុន​ពេល​មាន​ការ​ឃាត់​ខ្លួន​លោក​ ឡាយ សំណាង ​ អង្គភាពបាន​បើក​ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់​ រយៈ​ពេល​ជាង​១៣​ខែ​ ហើយ​រក​ឃើញ​ភស្តុតាង​គ្រប់​គ្រាន់​ សម្រាប់​ការ​បញ្ជូន​ខ្លួន​ជន​សង្ស័យទៅ​តុលាការ។​

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប្លង់ សុផល ​បញ្ជាក់​ថា ​អយ្យ​ការ​បាន​ទទួល​សំណុំ​រឿង​លោក​ ឡាយ សំណាង ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ហើយ​បាន​និង​កំពុង​តែ​ដំណើរ​ការ​នីតិវិធី។

គួរ​រំឭក​ថា​ កាល​ពី​ខែ​មករា ​ឆ្នាំ​២០២២​ អង្គការ​តម្លា​ភាព​អន្តរជាតិ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អាល្លឺម៉ង់ ​បាន​ចេញ​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១ ​ដោយ​បង្ហាញ​ថា ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ។ ​ហើយ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧​ អង្គការ​តម្លា​ភាព​កម្ពុជា​រក​ឃើញ​ថា ​ស្ថាប័ន​តុលាការ ​ប៉ូលិស​ និង​វិស័យ​សាធារណៈ​ នៅ​តែ​ជា​ស្ថាប័ន​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕​

XS
SM
MD
LG