ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រកាសប្រើកងទ័ពចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងជាការបង្ហាញសាច់ដុំហួសហេតុគំរាមអ្នកប្រឆាំង


រូបឯកសារ៖ កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​មិថុនា​ឆ្នាំ​២០១៦​​នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម​ខ័ណ្ឌ​មានជ័យ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។ (ឡេង ឡែន/VOA)
រូបឯកសារ៖ កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​មិថុនា​ឆ្នាំ​២០១៦​​នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម​ខ័ណ្ឌ​មានជ័យ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។ (ឡេង ឡែន/VOA)

អ្នកវិភាគ និងតាមដាននយោបាយសង្គមលើកឡើងថា ការប្រកាសប្រើកងទ័ពដើម្បីចាប់ខ្លួនលោកសម រង្ស៊ី និងលោកកឹម សុខា គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកដែលជំទាស់នឹងរដ្ឋាភិបាល។

អ្នកវិភាគ និងតាមដាននយោបាយសង្គមលើកឡើងថា ការប្រកាសប្រើកងទ័ពដើម្បីចាប់ខ្លួនលោកសម រង្ស៊ី និងលោកកឹម សុខា គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកដែលជំទាស់នឹងរដ្ឋាភិបាល។

ក្នុងវីដេអូបង្ហោះដោយអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃច័ន្ទ នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងថា កងទ័ពត្រូវតែបង្ហាញជំហរកណ្តាលជាមួយគណបក្សនយោបាយ ប៉ុន្តែមិនអាចមិនលំអៀងជាមួយរាជរដ្ឋាភិបាលទេ។ លោកបន្ថែមថា កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បំពាន ឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលឡើយ។

លោកគន់ គីម ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ជំហរថា៖

«ទាំងសម រង្ស៊ី ទាំងកឹម សុខា ត្រូវតែអនុវត្តច្បាប់ ព្រោះខ្ញុំជាអ្នកអនុវត្តច្បាប់។ កងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាល។ ឲ្យតែមានបទបញ្ជា ខ្ញុំត្រូវតែអនុវត្ត ខ្ញុំត្រូវតែការពារ ហើយខ្ញុំត្រូវតែមានវិធានការ។ ឲ្យតែមានសំណូមពរពីតុលាការ កម្លាំងប្រដាប់អាវុធយើងនឹងធានាដើម្បីចាប់ដើម្បីទទួលទោសតាមច្បាប់ ទោះបីត្រូវចំណាយយ៉ាងណាក៏ដោយ សាច់ឈាមយ៉ាងម៉េចក៏ដោយ ក៏យើងត្រូវតែធ្វើ»។

លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា រដ្ឋាភិបាលមិនអាចប្រើប្រាស់យោធាជាមួយប្រជាជនស៊ីវិលនោះទេ។ លោកថា ការប្រកាសរបស់លោកគន់ គីម គឺជាសារគំរាម ដែលអាចធ្វើឲ្យមានការភ័យខ្លាច និងប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖
«ខ្ញុំមើលទៅ សារនេះគឺជាសារមួយបង្ហាញពីការយល់ខុសរបស់រដ្ឋាភិបាលទៅលើរឿងយុទ្ធនាការអីណា បដិវត្តន៍ពណ៌អីហ្នឹង គឺនៅតែដក់ក្នុងចិត្តរដ្ឋាភិបាល បំភ័យរដ្ឋាភិបាលដដែលហ្នឹង។ ខ្ញុំមើលទៅជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសកម្ពុជា ដែលមន្រ្តីច្រើនមើលឃើញច្រើនពីស្រមោលនៃការធ្វើបដិវត្តន៍ពណ៌ហ្នឹង។ បើតាមខ្ញុំមើលទៅវាគ្មានបដិវត្តន៍ពណ៌អីទេ»។

លោកមាស នី អ្នកវិភាគការអភិវឌ្ឍសង្គមយល់ថា ការលើកឡើងរបស់លោកគន់ គីមបង្ហាញថា កងទ័ពគឺជារបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារបស់ជាតិ។ លោកបញ្ជាក់ថា ការលើកឡើងនេះខុសពីប្រទេសនីតិរដ្ឋ។លោកថា កងទ័ពគឺសម្រាប់ការពារជាតិ ការពារព្រំដែន និងក្នុងកាលៈទេសៈប្រឈមខ្លាំងជាមួយកងកម្លាំងប្រដាប់អាវុធដូចគ្នា។

លោកមានប្រសាសន៍ថា៖
«ក្នុងការចាប់ចងអីបែបនេះ មិនត្រូវខាងកងទ័ពចេញមុខមកប្រកាសទេ ព្រោះអី វាមិនមែនជាការប្រឈមខាងប្រដាប់អាវុធទេ ព្រោះអីដូចឯកឧត្តមកឹម សុខា សម រង្ស៊ី អី គាត់មានអី? គាត់មានតែដៃទទេហ្នឹង! អញ្ចឹងមិនចាំបាច់នាំទាហានគគ្រឹងគគ្រេង នាំរថក្រោះទៅចាប់ទេ នាំយកតែប៉ូលិសទៅ ឬយកប៉េអឹមទៅក៏អាចចាប់បានដែរ មិនចាំបាច់នាំទាហានពីសមរភូមិយកមកប្រើក្នុងកិច្ចការហ្នឹងទេ»។

រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

VOA មិនអាចទាក់ទងសុំការបំភ្លឺពីលោកគន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានទេ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សំណុំរឿងរបស់ប្រធាន និងប្រធានស្តីទីគណបក្សប្រឆាំងគឺជារឿងនយោបាយ ហើយថា លោកសុំបង្ហាញជំហរសន្តិវិធីដោយមិនអត្ថាធិប្បាយបន្ថែមលើករណីនេះទេ។

លោកបញ្ជាក់ថា៖
«ឫសគល់នៃការកាត់សេចក្តីអ្វីៗ វាជារឿងនយោបាយ ហើយយើងអត់ចង់បង្កភាពតានតឹង ឬភាពអាប់អួរអីដើម្បីខាតដល់ផលប្រយោជន៍ជាតិទេ។ ដូច្នេះហើយសូមឲ្យមើលឫសគល់នៃបញ្ហា។ បញ្ហានេះគឺបញ្ហានយោបាយ ហើយបញ្ហាគឺការរំលោភអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ ដូច្នេះសូមឲ្យម្នាក់ៗមានការគោរពច្បាប់ គោរពឆន្ទៈប្រជារាស្រ្ត ហើយរួមគ្នាដោះស្រាយរឿងជាតិ ជាជាងបង្កភាពតានតឹងរវាងខ្មែរ និងខ្មែរ»។

លោកសម រង្ស៊ី បាននិរទេសខ្លួនទៅប្រទេសបារាំងកាលពីខែវិច្ឆិកា ដើម្បីគេចពីការប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌបទបរិហារកេរ្តិ៍មួយ ហើយពេលនេះលោកកំពុងប្រឈមនឹងសវនាការថ្មីមួយទៀតពាក់ព័ន្ធនឹងការសមគំនិតក្នុងសំណុំរឿងក្លែងឯកសារ និងញុះញង់ ដែលជាសំណុំរឿងរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។

រីឯលោកកឹម សុខា ត្រូវបានតុលាការជាន់ខ្ពស់កោះហៅឲ្យចូលខ្លួនក្នុងសវនាការនៅថ្ងៃទី២ និងថ្ងៃទី៦ ខែកញ្ញាខាងមុខ ទាក់ទងនឹងបណ្តឹងសារទុក្ខ និងបណ្តឹងមិនសុខចិត្តលើដីកាដំណោះស្រាយរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោករងការចោទប្រកាន់តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពីបទបដិសេធមិនចូលខ្លួនឲ្យតុលាការសាកសួរ ដែលតុលាការចាត់ទុកថា ជាបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។ លោកប្រឈមការជាប់ពន្ធនាគារពី១ខែទៅ៦ខែ ប្រសិនបើតុលាការសម្រេចឲ្យជាប់ទោសតាមការចោទប្រកាន់។

រហូតមកដល់ពេលនេះ លោកកឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ មានរយៈពេលជាងបីខែហើយ បន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក និងបន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច ដោយសំណាក់អាជ្ញាធរ។

គណបក្សប្រឆាំងអះអាងថា លោកកឹម សុខា មានអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលអាចការពារខ្លួនពីការចោទប្រកាន់។ ប៉ុន្តែតុលាការបានលើកឡើងថា ការបដិសេធរបស់លោកមិនព្រមចូលខ្លួនពេលតុលាការកោះហៅនោះ គឺស្មើនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលអភ័យឯកសិទ្ធិមិនអាចការពារបាននោះឡើយ។

ប៉ុន្មានថ្ងៃ ក្រោយការប្រកាសរបស់លោកគន់ គីម នៅព្រឹកនេះ គេឃើញមានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហោះក្បែរបរិវេណទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ។ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានបង្ហោះលើទំព័រ Facebook (ហ្វេសប៊ុក) របស់លោកថា ការហោះហើរនៃឧទ្ធម្ភាគចក្រនេះ ហាក់ដូចជាមានបំណងគំរាមកំហែងគណបក្សសង្គ្រោះជាតិ៕

XS
SM
MD
LG