ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ទទួលបាន​ឈុត​គ្រឿង​អលង្ការ​មាស​បុរាណ​ពីភ្នាក់ងារ​លក់វត្ថុ​បុរាណ​នៅ​អង់គ្លេស


រូបភាព​ឯកសារ៖ លោក ថៃ នរៈសត្យា អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯការិយាល័យ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបភាព​ឯកសារ៖ លោក ថៃ នរៈសត្យា អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯការិយាល័យ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

លោក​ ថៃ​ នរៈសត្យា​ ជឿ​ថា​ វត្ថុបុរាណ​របស់​កម្ពុជា​ ជាច្រើន​ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ ដោយសារ​តែ​វត្ថុ​បុរាណ​ទាំង​នោះ ត្រូវ​បាន​គេ​លួច និង​ត្រូវ​បាន​គេ​នាំ​យក​ចេញ​ពី​ប្រទេស​ នៅ​ក្នុង​គ្រា​ដែល​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ និង​ជម្លោះ​ផ្សេងៗ ទៀត​ ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល។

ក្រោយ​ការ​ទទួល​បាន​ឈុត​គ្រឿង​អលង្ការ​មាស​ សម្រាប់​លម្អ​រូបចម្លាក់​ថ្ម​ដែល​មាន​អាយុ​កាល​ពីសម័យ​អង្គរ​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ​នៅ​ប្រទេស​អង់គ្លេស​ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជាក់​បាន​ថា​ តើ​គ្រឿង​អលង្ការ​នោះ​ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​ពេល​ណា​នោះ​ទេ។ ទោះ​ជា​យ៉ាងណា ប្រវត្តិ​វិទូ​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ គួរ​ត្រូវ​បាន​លើក​ចិត្ត​បន្ថែម​ទៀត​ចំពោះការ​ទាមទារ​វត្ថុ​បុរាណ​របស់​កម្ពុជា​ ដែល​បាន​បាត់បង់​ទៅ​ក្នុង​ពេល​ប្រទេស​ជួប​សង្គ្រាម និង​ជម្លោះ​នានា។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ទទួល​មក​វិញ​នូវ​ឈុត​គ្រឿង​អលង្ការ​មាស​ សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ​នៅ​ប្រទេស​អង់គ្លេស​ ក្រោយ​ការ​ប្តឹង​ទាមទារ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៦។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា និង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ឈុត​គ្រឿង​អលង្ការ​មាស​ចំនួន​១០​បន្ទះ​នោះ​ ត្រូវ​បាន​ប្រគល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ភ្នាក់ងារ​លក់​វត្ថុបុរាណ​ Johnathan Tucker Antonia Tozer Asian Art តាម​រយៈ​ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​ នៅ​ទី​ក្រុង​ឡុងដ៍។

លោក​ ថៃ​ នរៈសត្យា អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រោយ​ការ​ទទួល​បានគ្រឿង​អលង្ការ​មាស​ទាំង​នេះ​ រាជរដ្ឋាភិបាល​មិន​ទាន់​អាច​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​មក​ដល់​របស់​គ្រឿង​អលង្ការ​មាស​នេះ​នៅ​ប្រទេស​កម្ពុជា​ពេល​ណា​នោះ​ទេ។ តែ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ក្តី​រីករាយ​ចំពោះ​ការ​ទទួល​វត្ថុ​បុរាណ​ទាំង​អស់​នោះ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​សូម​ថ្លែង​អំណរគុណ​ ដល់​ភ្នាក់ងារ​វត្ថុ​បុរាណ​នៅ​ប្រទេស​អង់គ្លេស ដែល​យល់​ព្រម​ប្រគល់​វត្ថុ​បុរាណ​មក​ឲ្យ​ប្រជាជន​កម្ពុជា​វិញ។

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«ខ្ញុំ​គិត​ថា វា​ជា​សេចក្តី​សប្បាយ​រីករាយ​មួយ​យ៉ាង​ធំ​ហើយ​ និង​សុំ​ថ្លែង​អំណរគុណ​ ជា​ពន្លឹក​ចំពោះ​ឥរិយាបថ​ ចំពោះ​អាកប្បកិរិយា​ដ៏​ល្អ​ប្រពៃ​ ដែល​វា​ជា​មើល​ឃើញ​ មិន​ត្រឹម​តែ​ជា​ ការ​គោរព​អនុសញ្ញា​អន្តរជាតិ​ទេ​ វា​ជា​ការ​ផ្តល់​នូវ​ផ្លូវ​ចិត្ត​ និង​តម្លៃ​ដែល​របស់​យើង​ បែក​ឃ្លាត​ចេញ​ពី​ប្រទេស​ទៅ​ វា​រាប់​សតវត្សរ៍​មក​ហើយ​នោះ​ បាន​មក​ដល់​ប្រទេស​ជាតិ​យើង​ ទឹកដី​កំណើត​របស់​ខ្លួន​វិញ»។

លោក​ ថៃ​ នរៈសត្យា​ ជឿ​ថា​ វត្ថុបុរាណ​របស់​កម្ពុជា​ ជាច្រើន​ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ ដោយសារ​តែ​វត្ថុ​បុរាណ​ទាំង​នោះ ត្រូវ​បាន​គេ​លួច និង​ត្រូវ​បាន​គេ​នាំ​យក​ចេញ​ពី​ប្រទេស​ នៅ​ក្នុង​គ្រា​ដែល​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ និង​ជម្លោះ​ផ្សេងៗ ទៀត​ ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​មេសា​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ តាម​រយៈ​ក្រសួង​ការបរទេស​ បាន​ទាមទារ​សុំ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ Johnathan Tucker Antonia Tozer Asian Art ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ​នោះ​ មក​ប្រទេស​កម្ពុជា​វិញ។​

ការ​ទាម​ទារ​ នេះ​ ធ្វើ​ឡើង​ ក្រោយ​ពេល​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ទទួល​ដំណឹង​ថា​ ទីភ្នាក់ងារ​លក់​វត្ថុ​បុរាណJohnathan Tucker Antonia Tozer Asian Art បាន​ប្រកាស​ដាក់​លក់​វត្ថុ​បុរាណ​ពី​ប្រទេស​ឥណ្ឌា​ និង​អាស៊ីអាគ្នេយ៍​ ដែល​រួមមាន​ ឈុត​គ្រឿង​អលង្ការ​មាស​នេះ។

លោកស្រី ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា​ ការ​ប្រគល់​ត្រឡប់​មក​វិញ​ដោយ​ការ​ស្ម័គ្រចិត្ត​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លើក​តម្លៃ​សម្បត្តិ​វប្បធម៌​កម្ពុជា​ និង​ក្រម​សីលធម៌​នៃ​អ្នក​ធ្វើ​សមុច្ច័យ​វត្ថុបុរាណ​មាន​ការ​ប្រសើរ​ឡើង។ លោក​ស្រី​ បាន​ចាត់​ទុក​ការ​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​នេះ​ ថា​ជា​ការ​ផ្សះផ្សា​ និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា។​ លោកស្រី​ក៏​លើកទឹកចិត្ត​ដល់​បុគ្គល ​សារមន្ទីរ ក្រុមហ៊ុន ក៏​ដូច​ជា​ស្ថាប័ន​នានា​លើ​សាកលលោក​ ដែល​កំពុង​តាំង​បង្ហាញ​ និង​រក្សា​ទុក​វត្ថុ​បុរាណ​របស់​កម្ពុជា​ ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ប្រគល់​វត្ថុបុរាណ​ទាំង​នោះ​មក​កម្ពុជា​វិញ​ផង​ដែរ។

លោក​ សំបូរ​ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ពិភពលោក​បាន​ចាប់​ផ្តើម​យល់​កាន់​តែ​ច្រើន​ឡើង​អំពី​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ នៅ​ពេល​វត្ថុ​បុរាណ​របស់​កម្ពុជា​ត្រូវ​បាន​ប្រគល់​មក​ជូន​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់។

លោក​បន្ត​ថា​ ការ​ប្រគល់​គ្រឿង​អលង្ការ​មាស​នា​ពេល​នេះ​ រឹត​តែ​បញ្ជាក់​ឲ្យ​ពិភពលោក​ដឹង​អំពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ ដែល​បាន​សាង​ឡើង​កាល​ពី​សម័យ​បុរាណ​ ក្នុង​នោះ​គឺ​សម័យ​អង្គរ​ដ៏​រុងរឿង​របស់​កម្ពុជា។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«នៅ​ពេល​ដែល​ប្រទេស​យើង​ជា​ប្រទេស​តូច​សោះ​ ហើយ​មាន​អរយ្យធម៌​កំពូល​ នៅ​ក្នុង​សម័យ​បុរាណ​ ១៥​សតវត្សរ៍ ដែល​យើង​បាន​ឆ្លងកាត់​នៅ​ក្នុង​សម័យ​បុរេ​ប្រវត្តិសាស្ត្រ​ មកទល់​នឹង​សម័យ​អង្គរ​ត​រៀង​មក​ បង្ហាញ​ប្រាប់​ថា​ ដូនតា​របស់​យើង​បាន​បន្សល់​ទុក​នូវ​កេរដំណែល​ដ៏​ល្អ​ ហើយ​ដែល​ពិភពលោក​នោះ​ គេ​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ នូវ​អ្វី​ដែល​យើង​បាន​ទទួល​មក​វិញ​ នៅ​ពេល​ថ្មីៗ​នេះ​ គឺ​ជា​បង្ហាញ​ប្រាប់​អំពី​តម្លៃ​ពិត​ នៃ​វីរជន​ខ្មែរ​ ដូនតា​ខ្មែរ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ឯង»។

លោក​សាស្រា្តចារ្យ​ សំបូរ​ ម៉ាណារ៉ា​ បាន​បន្ថែម​ថា​ រាជរដ្ឋាភិបាល​ក្នុង​នាម​ជា​ប្រទេស​តូច​ និង ក្រីក្រ​ គួរ​ចាត់​វិធានការតាម​រយៈ​អង្គការ​យូណេស្កូ​ (UNESCO) អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​ រួមមាន​ប្រទេស​ក្បែរ​ខាង​ ប្រគល់​មក​វិញ​នូវ​វត្ថុបុរាណ​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​ តាម​រយៈ​ការ​ទិញដូរ​ ឬ​ក៏​តាម​មធ្យោបាយ​ណាមួយក្នុង​ពេល​ប្រទេស​កម្ពុជា​មាន​សង្គ្រាម។​ លោក​ថា​រាជរដ្ឋាភិបាល​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើការ​ទាមទារ​វត្ថុ​បុរាណ​របស់​កម្ពុជា​មក​ជូន​មាតុប្រទេស​វិញ​ ដោយ​ឈរ​លើ​មូលដ្ឋាន​គតិយុត្តិ​អន្តរជាតិ។

VOA មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក​ Johnathan Tucker ដែល​ជា​សហកម្មសិទ្ធិ​នៃ​វិចិត្រសាល​Johnathan Tucker Antonia Tozer Asian Art អំពី​ការ​យល់​ព្រម​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​ទាំង​១០​បន្ទះ​នោះ​មក​កម្ពុជា​វិញ និង​មូលហេតុ​នៅ​ពី​ក្រោយ​ការណ៍​ដែល​ឈុត​គ្រឿង​អលង្ការ​មាស​នេះ​ បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​ទទួល​មក​វិញ​នូវ​វត្ថុ​បុរាណ​ជា​ច្រើន​ ក្នុង​នោះ​មាន​រូបសំណាក​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​ ដែល​ត្រូវ​បាន​បញ្ជូន​ពី​សហរដ្ឋ​អាមេរិក។ រូបសំណាក​ទាំង​នោះ​រួម​មាន​ ព្រះ​រាម ដែល​ជា​អាទិទេព​នៃ​សាសនា​ហិណ្ឌូ​ រូប​សំណាក​អ្នក​ប្រយុទ្ធ​ និង​រូប​សំណាក​ហនុមាន​ ដែល​មាន​ទំនាក់ទំនង​នឹង​សាសនា​ហិណ្ឌូ​ផង​ដែរ៕​

XS
SM
MD
LG