ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ គង្គ ប៊ុនឈឿន ​បន្សល់​ទុក​តែ​សម្បត្តិ​បញ្ញា​ប៉ុណ្ណោះ​សម្រាប់​កូនចៅ


លោក គង្គ ប៊ុនឈឿន ​កវី​ម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅនេះ។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​របស់​លោក គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន ​កវី​ម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅនេះ។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​របស់​លោក គង្គ ប៊ុនឈឿន)

លោក អ៊ុក សារិទ្ធ គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ស្រុក​ឯកភ្នំ​ បាន​ប្រាប់​ VOA ថា​ អ្នក​និពន្ធ​ ឬ​អ្នក​ចម្រៀង​បច្ចុប្បន្ន​នេះ​ គួរ​បន្ត​រក្សា​ចម្រៀង​របស់​លោក​ គង្គ ប៊ុនឈឿន​ ហើយ​ត្រូវ​ចៀស​​វាង​​ការ​កែច្នៃ​ចម្រៀង​របស់​អ្នក​និពន្ធ​រូប​នេះ។

មុនពេល​ទទួល​មរណភាព​ លោក ​គង្គ ប៊ុនឈឿន ​មិន​បាន​បន្សល់​ទុក​ទ្រព្យ​សម្បតិ្ត​ស្តុកស្តម្ភ​សម្រាប់​កូន​ចៅ​លោក​នោះ​ទេ​ គឺ​លោក​បាន​បន្សល់​ទុក​តែ​ស្នាដៃ​តែង​និពន្ធរបស់​លោក​តែ​ប៉ុណ្ណោះ។​ លោក​ គង្គ ប៊ុនឈឿន ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាំ​ចុងក្រោយ​របស់​លោក​ថា​ លោក​ចង់​បាន​ការ​ការពារ​សម្បត្តិ​បញ្ញា​របស់​លោក។​

អ្នក​និយម​ចូល​ចិត្តអាន​ និង​ស្តាប់​ស្នា​ដៃ​និពន្ធ​របស់​លោក​ គង្គ ប៊ុនឈឿន​ កវី​ស្ទឹង​សង្កែ​ ​នៅ​ខេត្ត​បាត់ដំបង​ និង​ក្រុម​គ្រួសារ​របស់​អ្នក​និពន្ធ​រូប​នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តោត​ទៅ​លើ​ការ​ការពារ​ស្នាដៃ​និពន្ធ​របស់​លោក​ និង​កសាង​រូប​សំណាក​របស់​លោក​ ដើម្បី​ទុក​ជា​ការ​ចងចាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

លោក អ៊ុក សារិទ្ធ គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ស្រុក​ឯកភ្នំ​ បាន​ប្រាប់​ VOA នៅ​មុខ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ថា​ អ្នក​និពន្ធ​ ឬ​អ្នក​ចម្រៀង​បច្ចុប្បន្ន​នេះ​ គួរ​បន្ត​រក្សា​ចម្រៀង​របស់​លោក​ គង្គ ប៊ុនឈឿន​ ហើយ​ត្រូវ​ចៀសវាងការ​កែច្នៃ​ចម្រៀង​របស់​អ្នក​និពន្ធ​រូប​នេះ។​

«បទ​ចម្រៀង​របស់​គាត់​គួរ​តែ​ច្រៀង​រំឮក​ឡើង​វិញ​ដែរ​ ហើយ​ម្យ៉ាង ​បើសិន​ថា​ ច្រៀង​ចម្រៀង​របស់​គាត់​ហើយ​ កុំ​ឲ្យ​កាឡៃ​ អាបទ​ ដូច​ Mix ​ខ្លះ​ទៅ​ដាក់​បទ​ចម្រៀង​គាត់ ​ស្រាប់តែ​ Mix​ ចូល​ឯណា​ ឯ​ណី។​ ទំនង​ជាអាហ្នឹង​ វា​សម្រាប់​យុវវ័យ​ហើយ»។

លោក​បន្ត​ថា​ វា​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​សម្រាប់​យុវវ័យ​ដែល​យក​ស្នាដៃ​ដើម​របស់​លោក គង្គ ប៊ុនឈឿន​ មក​កែ​ច្នៃ​ ​និង​សំណូមពរ​ឲ្យ​មាន​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ដល់​ស្នាដៃ​សិល្បៈ​របស់​អ្នក​និពន្ធ​រូប​នេះ។​

លោក គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង្គ ប៊ុនឈឿន)

លោក​ ​គង្គ ប៊ុនឈឿន​ គឺ​ជា​អ្នក​តែង​និពន្ធ​បទ​ចម្រៀង​ និង​រឿង​ប្រលោម​លោក​ខ្មែរ​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ទស​វត្សរ៍​ទី​១៩៦០។ ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​ច្រៀង​ដោយ​លោក ​ស៊ីន ស៊ីសាមុត ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រសិទ្ធិ​នាម​ថា​ ជា​អធិរាជ​សំឡេង​មាស​ និង​អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ពីដើម​ផ្សេង​ទៀត​ក៏​បាន​យក​ស្នា​ដៃ​និពន្ធ​ចម្រៀង​របស់​លោក​មក​ច្រៀង​ផង​ដែរ​ ក្នុង​នោះ​មាន​អ្នក​ស្រី ​រស់​ សេរីសុទ្ធា។​

អ្នក​ស្រី​ ប៊ុន​ឈឿន សូរីដា​ កូន​ស្រី​របស់លោក​ គង្គ ប៊ុនឈឿន​ បាន​ប្រាប់​ VOA ថា​ ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​កំពុង​ពិចារណា​ដាក់​ស្នាដៃ​តែង​និពន្ធ​របស់​ឪពុក​របស់​អ្នកស្រី​ឲ្យ​ស្ថិត​ក្រោម​ការ​ការពារ​ផ្នែក​ច្បាប់ ដើម្បី​បញ្ចៀស​ពី​ការ​លួច​ចម្លង​ និង​កេង​ប្រវ័ញ្ច​ក្នុង​ជំនួញ​សិល្បៈ។

«យើង​ការពារ​កុំ​ឲ្យ​គេយក​របស់​យើង​ទៅ​ថត​ តែពិតែពាស​ ធ្វើ​អីៗ​ កែ​សំណៅ​ដើម​ សំណៅ​អី​ស្រេច​តែ​ចិត្ត»។​

លោក​ មុត ថារី​ ស្វាមី​របស់​អ្នក​ស្រី ប៊ុនឈឿន សូរីដា​ ក៏​បាន​បញ្ជាក់​ប្រាប់​ VOA​ ផងដែរ​ថា​ ស្នាដៃ​ឪពុក​ក្មេក​របស់​លោក​ត្រូវ​តែ​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ ព្រោះ​ឪពុក​ក្មេក​របស់លោក​មិន​មាន​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​អ្វី​ ក្រៅ​ពី​ស្នាដៃ​តែង​និពន្ធ​នោះ​ទេ។​

«អាហ្នឹង​ជា​ទ្រព្យ​សម្បត្តិ​ធនធាន​របស់​គាត់​ ដែល​គាត់​បន្សល់​ ព្រោះ​គាត់​គ្មាន​ទ្រព្យ​សម្បត្តិ​ ជា​លុយ​ ជា​កាក់​ ទុក​ឲ្យ​កូន​ចៅ​នោះ​ទេ​ គឺ​មាន​តែ​អាហ្នឹង។​ ដូច្នេះ​ ត្រូវ​ការពារ​អា​ហ្នឹង​ឲ្យ​គាត់។​ អាហ្នឹង​គោល​បំណង​ធំ​របស់​យើង»។​

លោកបាន​បន្ត​ថា​ ឪពុក​ក្មេក​លោក​បាន​បន្សល់​ទុក​បណ្តាំ​ចុងក្រោយ សុំ​ឲ្យ​មាន​ការ​ការពារ​សម្បតិ្ត​បញ្ញា​របស់​លោក​នៅ​មុន​លោក​ទទួល​មរណភាព​ កាលពី​ខែ​មេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។​ លោក​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​លោក​នឹង​ស្វែង​រក​មេធាវី​សម្រាប់​ស្នើ​តម្កល់​ស្នាដៃ​របស់​លោក​ គង្គ ប៊ុនឈឿន​ តាម​ច្បាប់​នានា​ដែល​គ្រប​ដណ្តប់​លើការ​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា។​

លើស​ពី​ការ​ចង់​បាន​នូវ​ការ​ផ្តល់​កិច្ច​ការពារ​កម្ម​សិទ្ធិ​បញ្ញា​របស់​លោក ​គង្គ ប៊ុនឈឿន​ កូន​បង្កើត​ និង​កូន​ប្រសា​របស់​លោក​ក៏​ប្រាថ្នា​ចង់​បាន​ការ​កសាងរូប​សំណាក​ដល់​ឪ​ពុក​របស់​ខ្លួន​ ដែល​ជា​អ្នក​និពន្ធ​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ ហើយ​ត្រូវ​គេដឹង​ថា​ ជា​អ្នក​ប្រឆាំង​នឹង​អំពើ​អយុត្តិ​ធម៌​សង្គម។​

លោក​ មុត ថារី​ កូន​ប្រសា​របស់​លោក​ គង្គ ប៊ុនឈឿន បាន​ប្រាប់​ VOA ​ថា​ លោក ​គង្គ ប៊ុនឈឿន​ ចង់​ឲ្យ​មាន​ការ​រក្សា​ទុក​អដ្ឋិធាតុ​របស់​លោក​នៅ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង។​ លោក​បញ្ជាក់​ថា​ គ្រួសារ​របស់​លោក​ក៏មាន​បំណង​ចង់ធ្វើ​រូប​សំណាក​របស់​លោក​ គង្គ ប៊ុនឈឿន​ ដើម្បី​ទុក​ជាការ​ចងចាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែរ។ ប៉ុន្តែ​ការ​សង់រូប​សំណាក​នេះ​ធ្វើ​បាន​ឬយ៉ាង​ណា​នោះ​ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​ខេត្ត។​

«យើង​មិន​អាច​ទៅ​រំខាន​អាជ្ញាធរ​ដែន​ដី​ ដើម្បី​គ្រាន់​ថា​ សាង​រូប​សំណាក​គាត់​ដែរ​ លើកលែង​តែ​គេ​ចេញ​ពី​គំនិត​ខ្លួន​ឯង​គេ​ អាហ្នឹង​អាជ្ញាធរ​ដែន​ដី​ គាត់​ថា​ គាត់​គិត​ចង់​ធ្វើ​ អាហ្នឹង​ជារឿង​របស់​គាត់។​ ប៉ុន្តែ​បើ​យើង​ទៅ​សុំ​ទៅ​ ក៏​យើង​ យើងគិត​ថា​ ដូច​ជា​មិន​ទំនង»។​

VOA ​បាន​ព្យាយាម​ទាក់​ទង​លោក​ ច័ន្ទ​ សុផល​ អភិបាល​ខេត្ត​បាត់ដំបង​ ដើម្បី​សុំការ​អធិប្បាយ​ថា ​តើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សង់​រូប​សំណាករបស់​លោក​ គង្គ ប៊ុនឈឿន​ ឬ​យ៉ាងណា​ តែនៅ​មិនទាន់​អាច​ទាក់​ទង​បាន។​

អ្នក​ស្រី ​សួង សុផល​ វ័យ​៣៧​ឆ្នាំ​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ បាន​ប្រាប់​ ​VOA​ ​ថា​ អ្នកស្រី​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​រូប​សំណាក​របស់​លោក ​គង្គ ប៊ុនឈឿន​ ប្រយោជន៍​រំឭក​ដល់​រូប​លោក​ដែល​បាន​រៀប​រៀង​បទចម្រៀង​មនោសញ្ចេតនា​ មាន​ឃ្លា​ចុង​ជួន​ ពិរោះ​ជាង​អ្នក​និពន្ធ​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​នេះ។​

«គាំទ្រទេ​តើ!​ អ្នក​និពន្ធ​ពីដើមៗ​ គាត់​ល្អៗ​ស៊ឹង​អី​ហ្នឹង!។​ ខ្ញុំ​វា​មិន​ស្គាល់​ស្រុក​កំណើតរបស់​គាត់​ មិន​ដឹង​នៅ​កន្លែង​ណា​ ភូមិណា​ ​ស្រុក​ណា​ ច្បាស់​លាស់​ទៀត​ណ៎ា»។​

អ្នក​ស្រី​បញ្ជាក់​ថា​ អ្នក​និពន្ធ​មួយ​ចំនួន​នៅ​សម័យ​បច្ចុប្បន្ននេះ​ ​ខ្វះ​ការ​ច្នៃ​ប្រឌិត​ រីឯ​មួយ​ចំនួន​ទៀត​បាន​លួច​ចម្លង​ស្នាដៃ​គេ​ មក​ធ្វើ​អាជីវ​កម្ម​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង។

លោក គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន កវីម្ចាស់ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង្គ ប៊ុនឈឿន)

លោក ​គង្គ ប៊ុនឈឿន​ បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​១៩៣៩ ​នៅ​ក្នុង​ស្រុក​ថ្មគោល​ ឃុំ​អូរបឹងព្រីង​ ​ខេត្ត​បាត់ដំបង។ លោក​ត្រូវ​បាន​គេរាយ​ការណ៍​មកថា​ បន្ទាប់​ពី​លោក​បាន​សរសេរ​សៀវ​ភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ថា​«ជោគ​វាសនា​តាត ម៉ារីណា»​ ដែល​ជា​ក្មួយ​ស្រី​របស់​លោក​នោះ​ លោកបាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០០​ ទៅ​ប្រទេស​ថៃ​ ហើយ​បានបន្ត​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ន័រវេស។​

សៀវភៅ​នោះ​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​នាង ​តាត ​ម៉ារីណា​ ដែល​រង​ការ​វាយ​ប្រហារពី​ប្រពន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់ ​បាន​ជះ​ទឹក​អាស៊ីដ​លើនាង។​

លោក​ ថៃ​ នរៈសត្យា​ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្លែង​ថា​ ក្រសួង​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ស្នើសុំ​សិទ្ធិ​ការពារ​សម្បត្តិ​បញ្ញា​របស់​លោក​ គង្គ ប៊ុនឈឿន​ ប្រសិន​បើ​គ្រួសារ​សាច់​ញាតិ​របស់​លោក​ដាក់​ពាក្យ​ស្នើ​សុំ​មក​ក្រសួង។​

«ក្រសួង​សូម​ស្វាគមន៍​រហូត ​មិនមែន​តែ​ត្រឹម​លោក​ គង្គ ប៊ុនឈឿន ​ទេ។​ ការ​ស្វាគមន៍​នេះ​គឺ​ការ​បង្កើត​ជា​ច្បាប់​គឺ​បាន​ន័យ​ថា​ ស្វាគមន៍​រាល់​បណ្តា​អ្នក​ដែល​មាន​ជំនាញ​ ឬ​អ្នក​ដែល​មាន​ស្នាដៃ​ហ្នឹង​ មក​សុំ​កម្ម​សិទ្ធិ​បញ្ញា​ ដើម្បី​សំអាង​ថា​ វា​ជា​កម្ម​សិទ្ធិ​បញ្ញា​ស្របច្បាប់​របស់​ខ្លួន»។

សាច់​ញាតិ​របស់​កវី​ស្ទឹង​សង្កែ​គឺ​លោក​ គង្គ ប៊ុនឈឿន​ គឺជា​អ្នក​និពន្ធ​ដែល​មិន​សូវ​ប្រើ​ជីវិត​ឯកជន​របស់​លោក​ក្នុង​ទីកំសាន្ត​នានា​ទេ។​ លោក​រមែង​តែ​ផ្តោត​លើ​ការ​សរសេរ​ និង​ចង​ក្រង​ប្រឡោម​លោក។​ បន្ថែម​លើ​ការ​តែង​និពន្ធ​បទចម្រៀង​ បទភ្លេង​ ទំនុក​ច្រៀង​ ប្រឡោម​លោក ​លោក​ គង្គ ប៊ុនឈឿន ​ក៏​មាន​ទេព​កោសល្យ​ក្នុង​ការផលិត​ខ្សែ​ភាព​យន្ត​ និង​តែង​កំណាព្យ​ផង​ដែរ។

ឃ្លាមួយ​នៅ​ក្នុង​«កំណាព្យ​គតិ​ជីវិត»​របស់​លោក​ លោក​ គង្គ ប៊ុនឈឿន​ ទំនង​ជា​ធ្វើ​និយាយ​អំពី​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ ដែល​បាន​ធ្វើ​ឲ្យរាស្ត្រ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​ការ​បង្ខំ​ និង​បាត់​បង់​ដីធ្លី។​ ឃ្លា​កំណាព្យ​នោះ​លើក​ឡើង​ថា៖«សម័យ​អភិវឌ្ឍ​សង្កត់​ធ្ងន់​លើ​ប្រជាជន​ប្រាកដ​ជាក់​ មិន​មែន​អភិវឌ្ឍ​តែ​សម្ភារៈ​ គឺ​ចិត្ត​ម្នាក់ៗ​ត្រូវ​អភិ​វឌ្ឍន៍​ដែរ»។

លោក ​គង្គ ប៊ុនឈឿន​ ធ្លាប់​ធ្វើ​ជា​បុគ្គលិក​របស់​ក្រសួង​ឃោសនាការ​វប្បធម៌​នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ និង​ជា​អតីត​អនុ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ នៅ​ក្នុង​ក្រសួង​នេះ។​លោក​បន្សល់​ទុក​កូនស្រី​៦នាក់​ និង​កូនប្រុស​ម្នាក់។ អដ្ឋិធាតុ​របស់​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​កាល​ពីខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ។​ អដ្ឋិ​ធាតុរបស់​លោក​ គង្គ ប៊ុនឈឿន​នឹងត្រូវ​តម្កល់​ទុក​នៅ​រាជធានី​ភ្នំពេញ​ចំនួន​បី​ឆ្នាំ​ មុន​ពេល​ក្រុម​គ្រួសារ​របស់លោក​រកបាន​ទីកន្លែង​សម្រាប់​តម្កល់​អដិ្ឋធាតុលោក​នៅ​ខេត្តបាត់ដំបង។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ស្រី​ ប៊ុនឈឿន សូរីដា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG