ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​សងសឹក​ដ៏​ធំ​មួយ​របស់​រុស្ស៊ី​អាច​ទទួល​ការ​តបត​វិញ


លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​កិច្ចប្រជុំ G-20 ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។
លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​កិច្ចប្រជុំ G-20 ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

ប្រធានា​ធិបតី Vladimir Putinនៃ​ប្រទេស​រុស្ស៊ី​បាន​បញ្ជា​ឲ្យ​បណ្តេញ​បុគ្គលិក​ស្ថានទូត​ និង​ស្ថានកុងស៊ុល​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចំនួន​៧៥៥នាក់។ ការ​បណ្តេញ​នេះ​ជា​ការ​សងសឹក​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​​លើ​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​សប្តាហ៍មុន​ដោយ​សភា​សហរដ្ឋ​អាមេរិក។​ អ្នក​ជំនាញ​ខាង​គោល​នយោ​បាយ​ការបរទេស​ខ្លះ​និយាយថា ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ចំណាត់​ការ​ដ៏​ខ្លាំង​របស់​រុស្ស៊ី ហើយ​កំពុង​រង់ចាំ​មើល​ថាតើ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ដូចម្តេច។

ពួកអាជ្ញាធរ​រុស្ស៊ី​ឥឡូវ​នេះ​កំពុង​រារាំង​បុគ្គលិក​ការទូត​សហរដ្ឋ​អាមេរិក មិន​ឲ្យ​ចេញ​ពី​គេហដ្ឋាន​លំហែកាយ​របស់​អាមេរិកាំង​នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ នេះបើ​យោង​តាម​ការបញ្ជាក់​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​មូស្គូ។ការ​ហាម​ឃាត់​នេះជាផ្នែក​មួយ​នៃ​វិធានការ​សងសឹក​ដ៏​ធំមួយ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ប្រធានា​ធិបតី Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី។ ​អ្នក​វិភាគ​ជនជាតិ​រុស្ស៊ី​ម្នាក់​និយាយថា ​ចំណាត់​ការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំងរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ជាមួយ​រដ្ឋ​បាល​របស់​លោក​ត្រាំ។ ​លោក Nikolai Petrov ​នៃ​សាលា​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់ក្នុង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា៖ «វិធានការ​ទាំង​នេះ​តឹងតែង​ខ្លាំង​ណាស់ ​ហើយ​វា​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​មួយ​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​លោក​ត្រាំ​បាន​ឡើង​កាន់​អំណាច។​ វិធានការ​ទាំង​នេះ​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​គំនិត​ដែលថា​យើង​នឹង​ចាប់​ផ្តើម​ទំនាក់​ទំនង​ថ្មី​របស់​យើង‍​ផង​ដែរ»។

អ្នក​វិភាគ​ជនជាតិ​រុស្ស៊ី​ម្នាក់​ទៀត​និយាយ​ថា ការ​វិល​ត្រឡប់​ទៅរក​អរិភាព​នៃ​សម័យសង្គ្រាម​ត្រជាក់​ជាមួយ​សហរដ្ឋ​អាមេរិកគឺ​គ្រាន់តែ​ជំរុញ​លោក Putinឲ្យ​កាន់តែ​មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ។ លោក Gleb Pavlovsky ​អតីត​ទីប្រឹក្សា​នៅ​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​របស់​សហ រដ្ឋអាមេរិក​កំពុង​បណ្តាល​ឲ្យ​មាន​ប្រតិកម្មដ៏ធំ​មួយ​យ៉ាងពិត​ប្រាកដ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ពី​ក្រុម​ដែល​គាំទ្រ​ប្រធានា​ធិបតី Putin។ ហើយ​ប្រ​សិន​បើ លោក Putin ​ចង់​ធ្វើ ​លោក​អាច​ស្ថាបនា​យុទ្ធនាការ​បោះឆ្នោត​ទាំង​មូល​របស់​លោក​ដោយ​ផ្តោត​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិកនេះ‍»។

​ខណៈ​ដែលការ​ងារ​ដ៏​សំខាន់​របស់​ស្ថាន​ទូ​ត​និង​បេសកម្មសហរដ្ឋ​អាមេរិក​នឹងនៅ​តែ​បន្ត បុគ្គលិក​ស្ថានទូត​អាមេរិក​ហើយ​និង​ពលរដ្ឋ​រុស្ស៊ី​សាមញ្ញ​អាច​រង​ផល​ប៉ះពាល់​ភាគ​ច្រើន​ដោយសារ​ការកាត់​បន្ថយ​បុគ្គលិកនេះ។

លោក Steven Pifer ជា​ឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​វិទ្យា​ស្ថាន Brookings ថ្លែងថា៖ «ការ​សន្មត​របស់ខ្ញុំគឺ​ថា ​ជន​ជាតិ​រុស្ស៊ី​រាប់​រយ​នាក់​នឹងបាត់​បង់​ការងារ​នៅ​ពេល​ឥឡូវ​នេះ។ ហើយ​នៅពេល​ដែល​លោក អ្នក​ពិនិត្យ​មើល​មុខងារ​អាទិភាព​ផ្សេងៗ​ទៀត​របស់​ស្ថានទូត លោក​ អ្នកដឹងទេ​ថា ផ្នែក​ទិដ្ឋាការ​មាន​សារៈ​សំខាន់​បំផុត​ ក៏ប៉ុន្តែ មិនមាន​សារៈ​សំខាន់​ដូចជា​មុខងារ​ផ្សេងៗ​ទៀត​ទេ។​ ដូច្នេះ ​ការទស្សន៍ទាយ​របស់​ខ្ញុំ​គឺ​ថា ពលរដ្ឋ​រុស្ស៊ី​ណា​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នឹង​ដឹង​ថា ដំណើរការ​សុំ​ទិដ្ឋាការ​នឹង​ចំណាយ​ពេល​យូរ​ជាង​ធម្មតា​ពីព្រោះ​តែ​ការ​កាត់​បន្ថយ​បុគ្គលិក​នៅ​ក្នុង​ផ្នែក​កុងស៊ុល​នេះ‍»។

រហូត​មក​ទល់​ពេល​នេះ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ មិនទាន់​មាន​ប្រតិកម្ម​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​សងសឹក​របស់​រុស្ស៊ី​នេះទេ។ លោកស្រី Sarah Huckabee Sander លេខាធិការ​សារព័ត៌មានរបស់​សេតវិមាន​និយាយ​ថា លោក​ត្រាំកំពុង​ពិនិត្យមើល​លើ​វិធានការ​ផ្សេងៗ​ទៀត៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG