សមយុទ្ធរួមគ្នារបស់រដ្ឋាភិបាលក្រុងហាណូយជាមួយប្រទេសហ្វីលីពីននៅក្នុងសមុទ្រខាងត្បូងហើយនឹងការខំប្រឹងប្រែងដើម្បីកំណត់និងពង្រឹងព្រំដែនទឹកដីជាមួយប្រទេសជិតខាងនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការខំប្រឹងប្រែងដើម្បីទប់ទល់ភាពគឃ្លើនរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក។ នេះបើតាមពួកអ្នកវិភាគ។
នាវាឆ្មាំការពារមួយគ្រឿងរបស់វៀតណាមបានទៅដល់រដ្ឋធានីម៉ានីលកាលពីថ្ងៃទី៥ ខែសីហាដើម្បីបំពេញទស្សនកិច្ចសុឆន្ទៈល្អដែលមានរយៈពេល៤ថ្ងៃហើយនឹងដើម្បីធ្វើសមយុទ្ធរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ ថ្វីបើប្រទេសទាំង២មានជម្លោះទឹកដីផ្ទាល់ខ្លួនក៏ដោយនៅក្នុងសមុទ្រចិនខាងត្បូងដែលផ្លូវពាណិជ្ជកម្មនិងផ្លូវសន្តិសុខដ៏សំខាន់មួយ វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំង២ដើម្បីធ្វើការជាមួយគ្នា។ នេះបើតាមលោក Ray Powell នាយកនៃមជ្ឈមណ្ឌល Gordian Knotសម្រាប់នវានុវត្តន៍សន្តិសុខនៃសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក។
លោកបានសរសេរទៅកាន់វីអូអេនៅលើសារតាម App កាលពីថ្ងៃទី១១ ខែសីហាថា៖«ទាំងរដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងម៉ានីលទទួលស្គាល់ថា ខណៈដែលការទាមទារតំបន់ត្រួតស៊ីគ្នាជាបញ្ហាមួយ មានតែរដ្ឋាភិបាលក្រុងប៉េកាំងតែមួយមានបំណងច្បាស់លាស់ដើម្បីពង្រឹងការទាមទារផ្ទាល់របស់ខ្លួន។ ពួកគេបានធ្វើការសម្រេចដ៏ឈ្លាសវៃដើម្បីរៀបចំចាត់ចែងជម្លោះទ្វេភាគីរបស់ខ្លួនប្រកបដោយមេត្រីភាព ដូច្នេះ ពួកគេអាចផ្តោតលើការគំរាមកំហែងធំជាងនេះ ដែលបណ្តាលមកពីចិន។
គណៈប្រតិភូឆ្មាំការពារដែនសមុទ្រនាំមុខមួយរបស់វៀតណាមប្រចាំនៅរដ្ឋធានីម៉ានីល លោកវរសេនីយ៍ឯក Hoang Quoc Dat បាននិយាយក្នុងអំឡុងនៃសុន្ទរកថាមួយថា កំពង់ផែឈប់សំចតជាមធ្យោបាយមួយដើម្បីពង្រឹង«ទំនាក់ទំនងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក»របស់ប្រទេសទាំងពីរ ហើយនឹងជួយ«ថែរក្សានិងការពារសន្តិសុខនិងសុវត្ថិភាពផ្លូវនាវាចរណ៍របស់តំបន់»។
ចិនទាមទារផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូងដោយប្រើសខ្សែបន្ទាត់៩ឆ្នូតរបស់ខ្លួន ជាផែនទីមានជម្លោះមួយដោយមិនមានមូលដ្ឋានផ្លូវច្បាប់។ កាលពីខែមេសា ឆ្មាំការពារដែនសមុទ្រចិនបានបាញ់កាណុងទឹកដាក់នាវាហ្វីលីពីនមួយគ្រឿងនៅពេលដែលនាវានោះធ្វើការយាមល្បាតនៅជិតកោះថ្ម Scarborough Shoal ដែលត្រួតត្រាដោយចិន ដែលស្ថិតនៅប្រហែលចម្ងាយ១៣០ម៉ៃរ៍ភាគខាងលិចកោះ Luzon របស់ហ្វីលីពីន។
ច្បាប់អន្តរជាតិចែងថា តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយឬ EEZ លាតសន្ធឹងចម្ងាយ២០០ម៉ៃរ៍ពីឆ្នេរសមុទ្ររបស់ខ្លួន។
លោក Powell បាននិយាយថា៖ «ខណៈដែលការគឃ្លើនកាលពីពេលថ្មីៗនេះភាគច្រើនរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តោតលើហ្វីលីពីន ខ្លួនបានរកឃើញមធ្យោបាយដើម្បីធ្វើឱ្យរំខានដល់រដ្ឋាភិបាលក្រុងហាណូយតាមរយៈការយាមល្បាតរបស់ឆ្មាំការពារដែនសមុទ្រនិងការសិក្សាអំពីសមុទ្រដ៏គឃ្លើនដែលបញ្ជូនសារនូវការទាមទារបូរណភាពទឹកដីរបស់ខ្លួនដល់ផ្នែកភាគច្រើននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម»។
កាលពីថ្ងៃទី១៩ ខែកក្កដា នាវាឆ្មាំការពារដែនសមុទ្រចិនលេខ៥៣០២បានធ្វើការយាមល្បាតនៅវាលប្រេងនិងឧស្ម័នរបស់វៀតណាមនៅឯតំបន់ Vanguard Bank។ នេះបើតាមលោក Powell។ លោកបាននិយាយទៀតថា ខណៈដែលសមយុទ្ធរួមគ្នារបស់វៀតណាមជាមួយហ្វីលីពីនអាចមានផលប្រយោជន៍ខាងយោធាមានកម្រិតក៏ដោយ វាជាអំណាចខ្លាំងខាងនិមិត្តរូប។
លោកនិយាយទៀតថាការណ៍នេះបញ្ជូន«សារថាតើប្រទេសដែលមានការទទួលខុសត្រូវសហការគ្នានិងរៀបចំចាត់ចែងជម្លោះផ្លូវនាវាចណ៍រដោយសន្តិវិធីយ៉ាងដូចម្តេច»។
ការដោះស្រាយជម្លោះ
លោក Nguyen Khac Giang អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថាន ISEAS-Yusof Ishak បាននិយាយថា ដើម្បីឱ្យមានមូលដ្ឋានខ្លាំងដើម្បីតទល់រដ្ឋាភិបាលក្រុងប៉េកាំង វាជាការសំខាន់សម្រាប់រដ្ឋាភិបាលក្រុងហាណូយដោះស្រាយដែនសមុទ្ររបស់ខ្លួនជាមួយប្រទេសជាតិនានានៅតំបន់អាស៊ីអាគ្នេយ៍។
លោកបានប្រាប់វីអូអេនៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃទី១០ ខែកក្កដាថា៖ «ប្រសិនបើ ពួកគេមិនដោះស្រាយការខ្វែងគំនិតក្នុងចំណោមពួកគេទេ ពួកគេមិនអាចស្ថាបនាជំហររួមនិងកាន់តែរួបរួមគ្នាឡើងដើម្បីចរចាជាមួយចិនជាអង្គភាពតែមួយទេ»។
កាលពីខែមិថុនា បណ្តាញផ្សាយព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលក្រុងហាណូយបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការចរចាជាមួយហ្វីលីពីនដើម្បីដោះស្រាយការទាមទារក្រោមសមុទ្រត្រួតស៊ីគ្នានៅលើខ្ពង់រាបបាតសមុទ្រ (continental shelf) នៅក្នុងសមុទ្រចិនខាងត្បូង។
វាមិនមែនជាការខំប្រឹងប្រែងលើកទី១របស់រដ្ឋាភិបាលក្រុងហាណូយដើម្បីពង្រឹងនូវព្រំដែនទឹកដីរបស់ខ្លួនជាមួយប្រទេសជិតខាងទេ។ នៅខែធ្នូ ឆ្នាំ២០២២ អតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ី មេដឹកនាំទាំង២បានប្រកាសកិច្ចព្រមព្រៀងស្តីពីព្រំដែនរបស់ប្រទេសទាំង២នៃ«តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទាំង២ បន្ទាប់ពីការចរចាអស់ជាច្រើនឆ្នាំមក»។
លោក Gregory Poling នាយកនៃកម្មវិធីកិច្ចផ្ដួចផ្ដើមតម្លាភាពផ្លូវនាវាចរណ៍អាស៊ីនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់វីអូអេថា រដ្ឋាភិបាលក្រុងហាណូយបានធ្វើឱ្យមានការរីកចម្រើនជាដុំកំភួន។
លោកបាននិយាយតាម Zoom កាលពីថ្ងៃទី៩ ខែកក្កដាថា៖ «វៀតណាមបានស្ថិតនៅលើមាគ៌ាដែលឥតឈប់នៃការចរចាព្រំដែននាវាចរណ៍និងកិច្ចព្រមព្រៀងនេសាទ»។
ការនេសាទខុសច្បាប់
ថ្វីបើ រដ្ឋាភិបាលក្រុងហាណូយសម្រេចបានខ្លះនៅក្នុងការចូលរួមជាមួយបណ្តាប្រទេសជិតខាងនៅក្នុងការដោះស្រាយជម្លោះសមុទ្រ ការនេសាទខុសច្បាប់ជាចំណុចនៃការបែកបាក់ហើយមានផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចសមុទ្រ។ នេះបើតាមអ្នកវិភាគ។
លោក Giang បាននិយាយទៀតថា រដ្ឋាភិបាលក្រុងហាណូយបានធ្វើ«ការខំប្រឹងប្រែងដ៏ខ្លាំង»ដើម្បីត្រួតត្រាឧស្សាហកម្មនេសាទ ក៏ប៉ុន្តែឧបសគ្គការិយាធិបតេយ្យ សោហ៊ុយ ការធ្លាក់ចុះប្រព័ន្ធអេកូសមុទ្រ ហើយការសិក្សាអប់រំជាឧបសគ្គសម្រាប់ពួកអាជ្ញាធរដែលប៉ុនប៉ងត្រួតត្រាអ្នកនេសាទរាប់លាននាក់នៅទូទាំងខេត្ត២៨តាមឆ្នេរសមុទ្រ។
ក្នុងឆ្នាំ២០១៧ គណៈកម្មការអឺរ៉ុបបានដាក់ការព្រមានជាសាធារណៈអំពីម្ហូបអាហារសមុទ្រវៀតណាម ពីព្រោះអត្រានៃការនេសាទខុសច្បាប់ មិនរាយការណ៍និងគ្មានបទបញ្ញត្តិដោយអ្នកនេសាទវៀតណាម។
លោក Collin Koh Swee Lean ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់ការសិក្សាការពារជាតិនិងយុទ្ធសាស្ត្រនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរីបានប្រាប់វីអូអេថា ថ្វីបើមានកិច្ចព្រមព្រៀងឆ្នាំ២០២២របស់វៀតណាមជាមួយឥណ្ឌូណេស៊ីក៏ដោយ ក៏អ្នកនេសាទវៀតណាមជារឿយៗនៅតែនេសាទខុសច្បាប់នៅក្នុងផ្ទៃទឹកឥណ្ឌូណេស៊ី។
អ្នកនេសាទជំនាន់ទី៣នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ Binh Thuan បានប្រាប់វីអូអេថា វាជាការងាយស្រួលដើម្បីបង្កើនប្រាក់ចំណេញនៅក្រៅដែនទឹកវៀតណាម។
លោក Giang បាននិយាយទៀតថា មួយផ្នែកនៃហេតុផលសម្រាប់ពួកអ្នកនេសាទវៀតណាមដើម្បីរំកិលចូលផ្នែកខាងត្បូងកាន់តែជ្រៅចេញពីផ្ទៃទឹកវៀតណាម គឺដើម្បីបញ្ចៀសភាពគ្រោះថ្នាក់នៃយោធូបនីយកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។
លោកបាននិយាយទៀតថា៖ «មានករណីមួយចំនួនដែលនាវាចិនបានធ្វើឱ្យរបួសឬថែមទាំងសម្លាប់អ្នកនេសាទវៀតណាមទៀតផង៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ