អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងមួយចំនួន លើកឡើងថា ការចេញសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបង្ហាញគោលជំហរគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជន គ្រាន់តែជាសារការពារខ្លួន ដើម្បីកុំឱ្យមានការប៉ះពាល់ដល់បញ្ហាផ្ទៃក្នុងរបស់គណបក្ស។
គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចជាងបួនទសវត្សរ៍កំពុងស្ថិតក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីគឺលោកហ៊ុន សែន ដែលបានក្លាយជាប្រធានព្រឹទ្ធសភា ក្រោយកូនប្រុសច្បងរបស់គាត់គឺលោកហ៊ុន ម៉ាណែតបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ កូនប្រុស និងសាច់ញាតិរបស់ប្រធានគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ទៀតក៏កំពុងកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាល និងកងទ័ព។
ដំណាលពេលដែលក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីត្រូវអ្នកឃ្លាំមើលសង្កេតឃើញថា កាន់តែមានឥទ្ធិពល ជារឿយៗមានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្តាញសង្គម ដោយលើកឡើងពីការគាំទ្រលោកស ខេងឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់កម្ពុជា តួយ៉ាងដូចជាការអត្ថាធិប្បាយលើគណនីហ្វេសប៊ុកមួយឈ្មោះ BongBunna Chaiheng ដែលត្រូវបានដកស្រង់ក្នុងសេចក្កីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោកស ខេងចុះថ្ងៃទី២០ខែសីហា។
បើតាមសេចក្តីប្រកាសព័ត៌មាននោះ គណនីហ្វេសប៊ុកឈ្មោះ BongBunna Chaihengបានសរសេរថា៖ «សម្តេចសខេងជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នាតែមួយ»។
ខុទ្ទកាល័យលោកស ខេង បានក៏បានបដិសេធការលើកឡើងខាងលើនោះ ហើយថា លោកស ខេងគ្មានមហិច្ឆតាណាបន្តិចបន្តួចសោះក្លាយជា នាយករដ្ឋមន្ត្រីនាពេលខាងមុខ ខណៈលោកមានជន្មាយុច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក។
នេះជាការបញ្ជាក់ជាថ្មីទៀតរបស់លោកស ខេង ដែលថា លោកមិនសម្លឹងចង់បានតំណែងនាយករដ្ឋមន្ត្រីទេ ព្រោះកាលពីពាក់កណ្តាលខែសីហានេះ អនុប្រធានបក្សកាន់អំណាចរូបនេះក៏បានគូសបញ្ជាក់រួចមកហើយថា លោកនៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី។
ចំណែកកូនប្រុសរបស់លោក គឺលោក ស សុខា ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីថ្លែងការណ៍ជាហូរហែបញ្ជាក់ថា គ្មានការបែកបាក់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាចនោះទេ ហើយលោកក៏មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះដែរ។
ទោះយ៉ាងណា អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងមួយចំនួនលើកឡើងថា នេះគ្រាន់តែជាសារការពារខ្លួនរបស់ក្រុមគ្រួសារលោកស ខេងតែប៉ុណ្ណោះ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ថា ជុំវិញករណីនេះអាចជាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖«យើងអាចមើលឃើញថា វាមានបញ្ហាផ្ទៃក្នុងរបស់គណបក្សដែរ ក្រែងលោ! ជាការគិតរបស់ខ្ញុំទេ មិនដឹងថា អ្នកប្រឆាំងឬក៏អ្នកជ្រុលនិយម ឬក៏អ្នកដែលនៅក្នុងបក្សផ្ទាល់ក៏មិនដឹង ជាអ្នកលើកឡើងពីបញ្ហាអស់ហ្នឹង។ យើងដឹងហើយការរុះរើសថ្នាក់ដឹកនាំចាស់ៗពីមុន ហើយដាក់មនុស្សថ្មីចូលក្តី អីក្តីអាចនឹងមិនស៊ីសង្វាក់គ្នាភ្លាមៗ ហើយអាចនឹងមានបញ្ហាផ្ទៃក្នុងអីជាដើម»។
ចំណែកអ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ថា ការចេញសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យរបស់លោក ស ខេងគ្រាន់តែជាសារការពារខ្លួនតែប៉ុណ្ណោះដើម្បីកុំឱ្យមានការប៉ះពាល់ដល់ភាគីក្នុងគណបក្ស។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖«ខ្ញុំគិតថា ការថ្លែងសេចក្តីថ្លែងការណ៍បដិសេធចេញពីខុទ្ទកាល័យសម្តេចក្រឡាហោមហ្នឹង ខ្ញុំមើលទៅវាជាសារដើម្បីការពារខ្លួនសម្តេចចៀសវាងពីការបង្ហាញឱ្យឃើញនូវភាពបែកបាក់គ្នា ដែលជាការរំពឹងរបស់ក្រុមខ្លះឬក៏បុគ្គលខ្លះដែលមិនពេញចិត្តនឹងគណបក្សកាន់អំណាច។ អ៊ីចឹងបើជា សម្តេចក្រឡាហោមមិនចេញសេចក្តីប្រកាសបែបហ្នឹងទេ ជួនកាលវានឹងអាចធ្វើឱ្យមានការរង្គាសចិត្តដល់គូភាគីសំខាន់ៗនៅក្នុងគណបក្សកាន់អំណាចផងដែរបាទ»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកមិនអាចវាយតម្លៃពីស្ថានភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនបានទេ និងថា បេក្ខភាពនាយករដ្ឋមន្រ្តីក៏ហួសពេលក្នុងការលើកឡើងដែរ។ ប៉ុន្តែលោកថា ការប្រកាសបដិសេធរបស់លោកស ខេង គឺជាការបង្ហាញជំហររបស់លោកតែប៉ុណ្ណោះ ហើយចំពោះការបញ្ចេញមតិលើបណ្តាញសង្គមនោះក៏ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋដែរ។
លោកថ្លែងថា៖ «យើងដឹងហើយថា មានពលរដ្ឋ ក៏ដូចជាយុវជនបញ្ញវន្តមួយចំនួនប្រហែលជាគាត់ពេញចិត្តទៅនឹងលោក ស ខេង។ គាត់ឃើញថា អាកប្បកិរិយាឥរិយាបទលោក ស ខេង មានលក្ខណៈសម្បត្តិល្អប្រសើរ។ អាហ្នឹង គាត់សម្តែងមតិសម្តែងអារម្មណ៍គាំទ្រទៅនឹងលោក ស ខេង។ វាជារឿងសេរីភាពរបស់ពួកគាត់»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រកាសរបស់ លោក ស ខេង គ្រាន់តែជាការបកស្រាយបំភ្លឺជុំវិញព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែមានចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ និងថា គណបក្សក៏មិនមានការបែកបាក់ឬមានបញ្ហាផ្ទៃក្នុងឡើយ។
លោកថ្លែងថា៖ «ការបកស្រាយការចេញសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យសម្តេចក្រឡាហោមនេះ គឺជាការបកស្រាយបំភ្លឺការណ៍ពិតដែលផ្ទៃក្នុងគណបក្សប្រជាជនអត់មានការប្រេះស្រាំឬមួយក៏បែកបាក់ដូចដែលពួកឧទ្ទាមក្រៅច្បាប់ចង់បាននោះទេបាទ»។
គួរបញ្ជាក់ថា ទាំងប្រជាពលរដ្ឋទូទៅ និងក្រុមអ្នកគាំទ្រគណបក្ស ពោលគឺមិនថា គណបក្សប្រឆាំង គណបក្សកាន់អំណាចទេ ត្រូវគេសង្កេតឃើញថា មានការគាំទ្រនិងពេញចិត្តចំពោះការអត្ថាធិប្បាយរបស់ លោកស ខេងក្នុងវេទិកាជួបជុំប្រជាពលរដ្ឋ និង រដ្ឋមន្ត្រី មន្ត្រី រដ្ឋាភិបាល ដោយលោកតែងតែលើកឡើងពីរបៀបនៃការដឹកនាំរបស់លោកទៅធៀបនឹងរបៀបដឹកនាំរបស់មន្ត្រីផ្សេងទៀត និងតែងតែប្រកាសថា គ្រួសាររបស់លោកពុំមានមហិច្ឆតាចង់បានតំណែងជានាយករដ្ឋមន្ត្រីឡើយ ហើយតែងតែគោរពទៅតាមគោលជំហរគណបក្សគ្រប់គ្រងប្រទេសជានិច្ច៕
វេទិកាបញ្ចេញមតិ