អ៊ីស្រាអែលថ្លែងថា របាយការណ៍ថ្មីមួយដោយអង្គការ Amnesty International ដែលបានចោទប្រកាន់ខ្លួនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សានោះ គឺ«ខុសទាំងស្រុងហើយផ្អែកលើពាក្យកុហក» ខណៈអ៊ីស្រាអែលថ្កោលទោសក្រុមឃ្លាំមើលសិទ្ធិមនុស្សនេះថាជា«អង្គការដែលគួរឱ្យស្អប់ខ្ពើមនិងជ្រុលនិយម»។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះបានផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនសន្និដ្ឋានថា អ៊ីស្រាអែលនិងយោធាអ៊ីស្រាអែលបានរំលោភបំពានលើអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលផ្តល់និយមន័យដល់«អំពើប្រល័យពូជសាសន៍» ថា ជា «សកម្មភាពដែលធ្វើឡើងមានចេតនាបំផ្លិចបំផ្លាញទាំងស្រុងឬដោយផ្នែក ទៅលើប្រទេសជាតិ ជាតិសាសន៍ ក្រុមពណ៌សម្បុរ ឬក្រុមសាសនាណាមួយ»។
របាយការណ៍ជិត ៣០០ទំព័រនេះ បានលើកឡើងរយៈពេល៩ខែ ចាប់តាំងពីក្រោយការវាយប្រហារថ្ងៃ៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់នៅអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងបានចាប់មនុស្ស ២៥០នាក់ផ្សេងទៀតជាចំណាប់ខ្មាំង។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំទាំងលើដីគោកនិងតាមអាកាសទៅលើជនប៉ាឡេស្ទីន ជាការឆ្លើយតបវិញ។
អង្គការ Amnesty International ថ្លែងថា ខ្លួនសន្មតដោយផ្អែកលើសេចក្តីថ្លែងការណ៍«សម្លាប់មនុស្សនិងប្រល័យពូជសាសន៍» រាប់រយដោយក្រុមមន្ត្រីអ៊ីស្រាអែល ក៏ដូចជារបាយការណ៍ពីហ្កាហ្សា។ របាយការណ៍ថ្លែងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ១៥ដង ពីខែតុលា ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ បានសម្លាប់ជនស៊ីវិល ៣៣៤នាក់ រួមបញ្ចូលកុមារ ១៤១នាក់ ប៉ុន្តែអង្គការ Amnesty International បានថ្លែងថា មិនមានភស្តុតាងបង្ហាញថា ការវាយប្រហារណាមួយត្រូវបានតម្រង់ទៅតែគោលដៅយោធានោះទេ៕