ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty International ស្នើ​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដោះដូរ​ជីវិត​មនុស្ស


អាវ​ពោង​ត្រូវ​បាន​គេ​ដាក់​នៅ​ពី​មុខ​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប ក្នុង​ពេល​បាតុកម្ម​មួយ​ដែល​រៀបចំ​ដោយ​អង្គការ Amnesty International ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
អាវ​ពោង​ត្រូវ​បាន​គេ​ដាក់​នៅ​ពី​មុខ​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប ក្នុង​ពេល​បាតុកម្ម​មួយ​ដែល​រៀបចំ​ដោយ​អង្គការ Amnesty International ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

អង្គការការពារ​សិទ្ធិ​មនុស្សមួយ​កំពុង​តែ​ស្នើ​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដោះដូរ​ជន​ភៀស​ខ្លួន​ មុន​ពេល​កិច្ចប្រជុំ​កំពូល​រវាង​សហភាព​អឺរ៉ុប ​និងប្រទេស​តួកគី ស្តី​ពី​កិច្ចព្រមព្រៀង​សម្រេច​ចុងក្រោយ​បង្អស់​ទៅ​លើ​វិបត្តិ​ជន​អន្តោប្រវេសន៍​។

​អង្គការ Amnesty International បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាង​ក្រៅ​អាគារមួយ​ ដែល​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល ដោយ​មាន​បដា​មួយ​សរសេរ​ថា «កុំ​ដោះដូរ​ជន​ភៀស​ខ្លួន» ហើយ​ក៏​បាន​ដាក់​បង្ហាញ​អាវ​ពោង​ការពារ​ជីវិត​តំណាង​ឲ្យប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នីមួយៗ​ផង​ដែរ។

លោក Fotis Filippou ​នាយក​រង​ការិយាល័យ​នៅ​អឺរ៉ុប​ទទួល​បន្ទុក​ខាង​យុទ្ធនាការ​ឃោសនា​របស់​អង្គការ Amnesty បាន​មាន​ប្រសាសន៍​ថា ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​មិន​គួរ​តថ្លៃ​ជីវិត​មនុស្ស​នោះ​ទេ។

លោក Fotis Filippou និយាយ​ថា «យើង​កំពុង​តែ​ប្រាប់​ដល់​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា ពួកគេ​គួរ​តែ​ដឹង​ថា ក្រុម​ជន​ភៀស​ខ្លួន​គឺ​ជា​មនុស្ស​មិនមែន​ជា​ទំនិញ​នោះ​ទេ ហើយ​ពួកគេ​មិន​គួរ​ដោះដូរ​ជីវិត​មនុស្ស​ ​និង​ជីវិត​មនុស្ស​នោះ​ទេ។ យើង​បាន​យក​អាវ​ពោង​ការពារ​ជីវិត​ចំនួន​២៨​មក​ជាមួយ​យើង​ដើម្បី​ផ្ញើ​ជា​សារ​តំណាង​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨»។

បណ្តាប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​បាន​ឯកភាព​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ។ ​

លោក Donald Tusk ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​ថា កិច្ចព្រមព្រៀង​ស្តី​ពី​ជន​អន្តោប្រវេសន៍​រវាង​សហភាព​អឺរ៉ុប ​និង​ប្រទេស​តួកគី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល៕

XS
SM
MD
LG