អង្គការលើកលែងទោសអន្តរជាតិបានចេញរបាយការណ៍ថ្មីមួយដែលពិពណ៌នាអំពីការវាយប្រហារមួយ ដែលគេហៅថា ការវាយប្រហារមិនបង្អង់ដៃរយៈពេលបួនឆ្នាំ ប្រឆាំងនឹងក្រុមជនស៊ីវិលនៅរដ្ឋ Kordofan ភាគខាងត្បូងនៃប្រទេសស៊ូដង់។ ការបាត់បង់ជីវិតរបស់ជនស៊ីវិលត្រូវបានបន្សល់ទុកក្រោមជម្លោះរយៈពេលបួនឆ្នាំរវាងរដ្ឋាភិបាលក្រុងខាទុំ (Khartoum) ជាមួយនឹងក្រុមកងទ័ពប្រជាមានិតរំដោះស៊ូដង់ភូមិភាគខាងជើង (Sundan People’s Liberation Army-North)។
របាយការណ៍ដែលមានចំណងជើងថា Don’t We Matter បានឲ្យដឹងថា «ការវាយប្រហារជាច្រើនបានយកតំបន់ដែលប្រជាជនស៊ីវិលរស់នៅជាគោលដៅ ដោយមិនបានប្រកាសឲ្យដឹងជាមុន និងមិនមែនជាគោលដៅយោធាស្របច្បាប់»។
របាយការណ៍បន្តថា ប្រជាជនដែលរស់នៅក្នុងតំបន់គ្រប់គ្រងរបស់ក្រុមឧទ្ទាម «ត្រូវរងគ្រោះក្រោមការបើកយុទ្ធនាការវាយប្រហារជើងអាកាស និងការវាយប្រហារតាមដីគោកដោយកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលស៊ូដង់»។ លើសពីនេះ «នៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ មានការវាយប្រហារយោធានានា បង្កដោយភាគីមួយ ឬភាគីទាំងសងខាងនៃជម្លោះ ដែលបង្កឲ្យមានគ្រោះថ្នាក់កាន់តែច្រើនសម្រាប់ប្រជាជនសាមញ្ញ»។
លោកស្រី Nyagoah Tut គឺជាសកម្មជនយុទ្ធនាការរបស់អង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសស៊ូដង់ និងប្រទេសស៊ូដង់ខាងជើង។ លោកស្រីនិយាយថា រូបភាពមួយនៃការវាយប្រហារ ជាពិសេសក្នុងតំបន់ជម្លោះគ្រប់គ្រងដោយក្រុមកងទ័ពប្រជាជនរំដោះស៊ូដង់ភូមិភាគខាងជើង គឺជាការបាញ់បន្តក់ពីកងទ័ពផ្ទាល់ដី និងការទម្លាក់គ្រាប់បែកពីលើអាកាសប្រឆាំងនឹងជនស៊ីវិល។
នៅចន្លោះខែមករា និងមេសា គ្រាប់បែកចំនួន៣៧៤គ្រាប់ត្រូវបានទម្លាក់លើតំបន់នានា ដែលមានប្រជាជនរស់នៅច្រើនក្នុងតំបន់ជម្លោះ Kordofan ភាគខាងត្បូង។ ហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សប្រហែល៣០នាក់ស្លាប់ និង៧០នាក់ផ្សេងទៀតរងរបួស។ លើសពីអ្វីដែលបានកើតឡើងនៅចន្លោះខែមករា និងមេសា ប្រជាជនរាប់រយនាក់ផ្សេងទៀតបានបាត់បង់ជីវិតដោយសារតែជម្លោះមួយនេះ ហើយប្រជាជនរាប់ពាន់នាក់ទៀតត្រូវរងរបួសជាហូរហែ។
នៅក្នុងខែមេសា ឆ្នាំ២០១៤ ប្រទេសស៊ូដង់បានបើកយុទ្ធនាការវាយប្រហារយោធាមួយមានឈ្មោះថា Decisive Summer។
លក្ខណៈរបស់យុទ្ធនាការ Decisive Summer ជាការវាយប្រហារប្រឆាំងនឹងតំបន់ដែលមានប្រជាជនសាមញ្ញរស់នៅ មិនមែនត្រឹមតែការវាយប្រហារលើទីតាំងរបស់ក្រុមកងទ័ពប្រជាមានិតរំដោះស៊ូដង់ភូមិភាគខាងជើងនោះទេ ប៉ុន្តែថែមទាំងវាយប្រហារទៅក្នុងតំបន់ដែលប្រជាជនស៊ីវិលរស់នៅផងដែរ។ ប្រជាជននិយាយថា បើសិនជាគេបើកការវាយប្រហារលើមន្ទីរពេទ្យទៀត នោះមានន័យថាគ្មានកន្លែងណាដែលកងទ័ពអាកាសរដ្ឋាភិបាលស៊ូដង់មិនវាយប្រហារនោះទេ។
អង្គការលើកលែងទោសអន្តរជាតិចោទប្រកាន់ប្រទេសស៊ូដង់ថា បានរំលោភបំពានលើគោលការណ៍មនុស្សជាតិអន្តរជាតិ និងច្បាប់ស្ដីពីសិទ្ធិមនុស្ស។ លោកស្រី Tut និយាយថា រដ្ឋាភិបាលក្រុងខាទុំបានរារាំងជំនួយមនុស្សធម៌ទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាម។
លោកស្រីបន្តថា អង្គការលើកលែងទោសអន្តរជាតិប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការបញ្ជាក់ពីការចោទប្រកាន់ពីការរំលោភបំពានរបស់ក្រុមឧទ្ទាម ពីព្រោះតែរដ្ឋាភិបាលមិនអនុញ្ញាតឲ្យចូលក្នុងតំបន់គ្រប់គ្រងដោយក្រុមកងទ័ពប្រជាមានិតរំដោះស៊ូដង់ភូមិភាគខាងជើង។ ទោះជាយ៉ាងណា អង្គការផ្សេងទៀតបានចោទប្រកាន់ក្រុមឧទ្ទាមថា បានរំលោភបំពានច្បាប់សិទ្ធិមនុស្សក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាល។ ក្រុមឧទ្ទាមគ្មានយន្តហោះចម្បាំងឡើយ។
អ្នកស្រី Tut បានចោទថា គ្រាប់បែកចង្កោមជាច្រើនត្រូវបានទម្លាក់ដោយយន្តហោះរបស់រដ្ឋាភិបាល បើទោះបីជារដ្ឋាភិបាលបានបដិសេធលើការចោទប្រកាន់នេះជាច្រើនដងមកហើយក្ដី៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង