ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស Amnesty ចោទប្រកាន់​រុស្ស៊ី​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីក្រុង Kharkiv ដោយ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់


រូបឯកសារ៖ ប៉ូលិសកំពុងពិនិត្យសាកសពជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានរុស្ស៊ី​លើ​អ៊ុយក្រែន នៅទីក្រុង Bucha ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ៨ ខែមេសា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសកំពុងពិនិត្យសាកសពជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានរុស្ស៊ី​លើ​អ៊ុយក្រែន នៅទីក្រុង Bucha ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ៨ ខែមេសា ឆ្នាំ ២០២២។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Kharkiv មាន​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​យ៉ាង​ច្រើន​ដែល​ត្រូវ​បាន​ហាមប្រាម​ និង​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​រាប់​រយ​នាក់​ស្លាប់​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អង្គការ​សិទ្ធិមនុស្ស​ Amnesty International ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ស្តីពី​ទីក្រុង​ធំ​ទី២​របស់​អ៊ុយក្រែន​ថា«ការ បាញ់​ផ្លោងដាក់​សង្កាត់​ដែល​មាន​អ្នក​ស្រុក​រស់​នៅជា​ច្រើនដងនៅ​ក្នុង​ទីក្រុង Kharkiv ជា​ការ វាយ​ប្រហារ​មិន​រើស​មុខ​ ដែល​បាន​សម្លាប់​និង​ធ្វើ​ឱ្យ​របួសជន​ស៊ីវិល​រាប់​រយ​នាក់ ហើយ​សកម្ម​ភាព​បែប​នេះ​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម»។

របាយការណ៍នោះ​បាន​បញ្ជាក់​ទៀត​ថា «ការបន្ត​ប្រើប្រាស់​អាវុធ​ផ្ទុះ​ដែល​គ្មាន​ទិសដៅ​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​បែប​នេះ ​ជា​ការទទួល​ស្គាល់​ថា ពួកគេ​កំពុង​ធ្វើ​ឱ្យ​ស្លាប់​និង​របួស​ជន​ស៊ីវិល​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដែល​អាច​ជា​ការបង្កើន​ការវាយ​ប្រហារ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​ជនស៊ីវិល»។

អង្គការ​សិទ្ធិ​មនុស្ស Amnesty បាន​និយាយ​ទៀត​ថា ខ្លួន​បាន​រកឃើញ​ភស្តុតាង​នៅ​ក្នុង​ទីក្រុង Kharkiv ដែល​កងទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​នូវ​គ្រាប់​បែក​ចង្កោម​ប្រភេទ 9N210 និង 9N235 និង​គ្រាប់​មីន​ដែល​ដាក់​រាយ​ស្កះ​ដែល​អាវុធ​ទាំង​អស់​នេះ​ត្រូវ​បាន​ហាមឃាត់​នៅក្រោម​អនុសញ្ញា​អន្តរជាតិ។

គ្រាប់​បែក​ចង្កោមបាន​បញ្ចេញ​គ្រាប់​បែក​តូចៗនៅ​ក្នុង​អាកាស​ហើយ​ពង្រាយ​គ្រាប់​បែក​តូចៗ​នៅ​លើ​ផ្ទៃ​ដី​រាប់​រយ​ម៉ែត្រ​ការ៉េ។

លោកស្រី Donatella Rovera ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ Amnesty International បាន​និយាយ​ថា«មនុស្ស​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​និង​នៅ​តាម​ផ្លូវ នៅ​ទីកន្លែង​លេង​និង​កន្លែង​បញ្ចុះ​សព ខណៈ​ពេល​ពួក​គេកំពុង​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​ជំនួយ​មនុស្ស ធម៌​ឬ​ទិញ​ម្ហូប​អាហារ​និង​ថ្នាំ​សង្កូវ» នោះ​។

លោកស្រី​បាន​និយាយ​ទៀត​ថា«ការប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ដែល​ត្រូវ​បានហាមឃាត់ជា​ទូទៅ​នោះ​កំពុង​ធ្វើ​ឱ្យ​មាន​ការរន្ធត់ ហើយ​ជា​ការ​បង្ហាញ​ពី​ការមិនគោរពដល់​អាយុ​ជីវិត​ជន​ស៊ី វិល»។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា៖ «កងទ័ព​រុស្ស៊ី​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​ដ៏​គួរ​ឱ្យ​រន្ធត់ហើយ​ត្រូវតែ​ទទួល​ខុស​ត្រូវ»ទៅ​លើ​រឿង​នេះ​។

រដ្ឋបាល​យោធា​ក្រុង Kharkiv បាន​ប្រាប់​អង្គការ Amnesty ថា ជន​ស៊ីវិលចំនួន​៦០៦នាក់​បាន​ត្រូវ​សម្លាប់​ ហើយ១.២៤៨នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​តំបន់​នោះ​ចាប់តាំងពី​សង្គ្រាមបាន​ចាប់​ផ្តើម​មក៕

XS
SM
MD
LG