ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pence ៖ ការស្លាប់ដោយជំងឺកូវីដ១៩ មានកម្រិតទាបបំផុតក្នុងពេលប៉ុន្មានខែនេះ


រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence លើកដៃ អំឡុងពេលដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម នៅរដ្ឋ Indiana កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence លើកដៃ អំឡុងពេលដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម នៅរដ្ឋ Indiana កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

នៅពេលដែលបន្តមានការព្រួយកង្វល់ក្នុងចំណោមសមាជិកក្រុមការងារទទួលបន្ទុកលើមេរោគកូរ៉ូណារបស់សេតវិមានដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ដឹកនាំ លោកអនុប្រធានាធិបតីបានសង្កត់ធ្ងន់ពីព័ត៌មានល្អពីស្ថានភាពមេរោគកូរ៉ូណា មុនដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃពុធនេះទៅកាន់រដ្ឋអារីហ្សូណា ដែលជាតំបន់មួយដែលមានការឆ្លងខ្លាំងបំផុត។

លោកអនុប្រធានាធិបតី Pence បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការសេវាកម្មសុខភាពសាធារណៈសហរដ្ឋអាមេរិកថា៖ «ការស្លាប់មានកម្រិតទាបបំផុតចាប់តាំងពីខែមីនាមក។ យើង បានស្ថិតនៅក្នុងស្ថានភាពប្រសើរឡើងជាងកាលពី៤ខែមុន សូម្បីតែ២ខែមុននេះក៏ដោយ»។

លោកអនុប្រធានាធិបតី Pence បាននិយាយទៀតថា មានរដ្ឋចំនួន១២ ដែលកំពុងមានករណីឆ្លងនិងភាគរយវិជ្ជមានកើនឡើង ហើយរដ្ឋ២៨ផ្សេងទៀតមានស្ថានភាពមួយនៃស្ថានភាពពីរនេះ។

បន្ថែមពីរដ្ឋអារីហ្សូណា លោកអនុប្រធានាធិបតី Pence ក៏នឹងបំពេញទស្សនកិច្ចនៅសប្តាហ៍នេះទៅកាន់រដ្ឋតិចសាស ដែលជារដ្ឋមានការឆ្លងខ្លាំងបំផុតមួយទៀត។

លោកអនុប្រធានាធិបតី Pence បានប្រកាសថា ក្រុមមួយដែលមានបុគ្គលិកជំនួយសុខាភិបាល៦២នាក់ បានត្រូវដាក់ពង្រាយដោយរដ្ឋបាលចាត់ចែងគ្រាអាសន្នសហព័ន្ធ ដែលឥឡូវនេះកំពុងស្ថិតនៅរដ្ឋអារីហ្សូណា។

ក្រសួងសុខាភិបាលរបស់រដ្ឋបានប្រាប់ឲ្យដឹងថា ចំនួនឆ្លងមេរោគកូរ៉ូណាក្នុងរដ្ឋតិចសាសកាលពីថ្ងៃអង្គារបានឡើងទៅដល់៦ពាន់៩រយ៧៨ករណី ដែលជាចំនួនឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីការចាប់ផ្តើមការរាតត្បាតមក។

លោកអនុប្រធានាធិបតីបាននិយាយទៀតថា រដ្ឋទាំង៥០កំពុងបើកសេដ្ឋកិច្ចឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋចំនួន១៨ បានកាត់បន្ថយសកម្មភាពខ្លះ ជាចំណាត់ការមួយដែលលោកអនុប្រធានាធិបតីបានបញ្ជាក់ថា លោកគាំទ្រទាំងស្រុង៕

XS
SM
MD
LG