ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​ការងារ​មិនមាន​គ្រប់គ្រាន់ យុវជន​ម្នាក់​ស្ម័គ្រ​ចិត្ត​បម្រើ​សហគមន៍​ខ្លួន


ថន ប៊ុនថឹង និង​សិស្ស​មក​ពី​សាលា​បង្រៀន​ភាសា​អង់គ្លេស​របស់​ប៊ុនថឹ បាន​រៀបចំ​កម្មវិធី​សិក្សា​មួយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អនាម័យ និង​ការ​ការពារ​បរិស្ថាន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្នុង​ភូមិ​ព្រះដាក់ ខេត្ត​សៀមរាប។ (Courtesy Photo)

សម្រាប់​យុវជន​នៅ​តាម​តំបន់​ជនបទ ដើម្បី​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ពួក​គេ​ត្រូវតែ​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ធំៗ ដូច​ជា​ទីក្រុង​ភ្នំពេញ​ជា​ដើម។ ដោយ​សារ​តែ​ការងារ​ភាគច្រើន​ត្រូវបាន​ប្រមូល​ផ្តុំ​នៅតែ​តាម​ទីក្រុង​ធំៗ នោះ​យុវជន​តិចតួច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើការ និង​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​វិញ។

សម្រាប់​យុវជន​នៅ​តាម​តំបន់​ជនបទ ដើម្បី​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ពួក​គេ​ត្រូវតែ​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ធំៗ ដូច​ជា​ទីក្រុង​ភ្នំពេញ​ជា​ដើម។ ដោយ​សារ​តែ​ការងារ​ភាគច្រើន​ត្រូវបាន​ប្រមូល​ផ្តុំ​នៅតែ​តាម​ទីក្រុង​ធំៗ នោះ​យុវជន​តិចតួច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើការ និង​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​វិញ។ នាង ទែន សុខស្រីនិត ជូន​សេចក្តី​រាយការណ៍​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ដូច​តទៅ។

ជា​រៀងរាល់​ឆ្នាំ នៅ​កម្ពុជា​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ប្រមាណ​៦ម៉ឺន​នាក់​ត្រូវការ​ការងារ។ បើ​ទោះ​បីជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រលូន​ជា​បន្តបន្ទាប់​ក្តី ក៏​កម្ពុជា​មិន​ទាន់​បង្កើត​ការងារ​ឲ្យ​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​នៃ​កម្លាំង​ពលកម្ម​នេះ​នៅ​ឡើយ​ទេ។

ជា​លទ្ធផល យុវជន​កម្ពុជា​ជា​ច្រើន​ប្រថុយ​នឹង​គ្រោះថ្នាក់​មួយ​ចំនួន ដើម្បី​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស ដូច​ជា​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ចិន។ ហើយ​ពលករ​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ជា​ទាសករ​នៅ​តាម​ទូក​នេសាទ​សមុទ្រ ដូច​ជា​ករណី​នៅ​ប្រទេស​ថៃ​ជា​ដើម។

ក៏​ប៉ុន្តែ នៅ​ខេត្ត​សៀមរាប យុវជន​វ័យ​ក្មេង​ម្នាក់​បាន​ផ្លាស់ប្តូរ​បរិបទ​នេះ។ ថន ប៊ុនថឹង អាយុ​២៥ឆ្នាំ បាន​បង្កើត​ការងារ​ឲ្យ​ខ្លួន​ឯង។ ប៊ុនថឹង បាន​សម្រេច​ចិត្ត​រស់នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ដែល​ឋិត​នៅ​ភូមិ​ព្រះដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ខណៈ​ពេល​ដែល​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ​នៅ​ទីរួម​ខេត្ត​សៀមរាប។

ថន ប៊ុនថឹង និង​សិស្ស​រៀន​ភាសា​អង់គ្លេស​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ត្រៀម​ប្រឡង​បញ្ចប់​វគ្គ។ (ទែន សុខស្រីនិត/VOA Khmer)
ថន ប៊ុនថឹង និង​សិស្ស​រៀន​ភាសា​អង់គ្លេស​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ត្រៀម​ប្រឡង​បញ្ចប់​វគ្គ។ (ទែន សុខស្រីនិត/VOA Khmer)

ប៊ុនថឹង បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ពី​សាកល​វិទ្យាល័យ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ២០១៤ ប៉ុន្តែ បាន​បង្កើត​សាលា​បង្រៀន​ភាសា​អង់គ្លេស​ដោយ​មិន​យក​ប្រាក់​កម្រៃ​ដល់​កុមារ និង​យុវជន​វ័យ​ក្មេង​នៅ​សហគមន៍​របស់​ខ្លួន​តាំង​ពី​ឆ្នាំ២០១១​មក​ម្ល៉េះ។

ប៊ុនថឹង យល់​ថា តាម​តំបន់​ជនបទ ការ​ពង្រឹង​ការ​អប់រំ​ដល់​ក្មេង​ជំនាន់​ក្រោយ​មាន​សារៈ​សំខាន់​ដល់​ការ​អភិវឌ្ឍ​ក្នុង​ភូមិ​របស់​ខ្លួន។

«‍នៅ​ក្នុង​ភូមិ​ខ្ញុំ ខ្វះ​ខាត​ចំណេះដឹង។ យើង​ដឹង​ហើយ​ថា ប្រទេស​អភិវឌ្ឍន៍​មួយ​គឺត្រូវ​ការ​ចំណេះដឹង។ ដូច្នេះ ខ្ញុំ​ក៏​បាន​ស្ម័គ្រចិត្ត»។

បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​ឲ្យទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ទីក្រុង ដែល​មាន​ប្រាក់​កម្រៃ​ល្អ​ក្តី ក៏ ប៊ុនថឹង យល់​ថា ការ​ផ្តល់​ការ​អប់រំ​ដល់​សហគមន៍​របស់​ខ្លួន​មាន​សារៈ​សំខាន់​ជាង។

«‍វា​ជា​ការ​ចែក​រំឡែក​តិចតួច​របស់​ខ្ញុំ ដែល​ខ្ញុំ​គិត​ថា វា​មិន​អាច​ធំដុំ អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​ច្រើន ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​យ៉ាង​តូច​ដែល​ខ្ញុំ​អាច​ជួយ​អភិវឌ្ឍ​ប្រទេស​បាន»។

ថន ប៊ុនថឹង និង​សិស្ស​មក​ពី​សាលា​បង្រៀន​ភាសា​អង់គ្លេស​របស់​ប៊ុនថឹង បាន​រៀបចំ​កម្មវិធី​សិក្សា​មួយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អនាម័យ និង​ការ​ការពារ​បរិស្ថាន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្នុង​ភូមិ​ព្រះដាក់ ខេត្ត​សៀមរាប។ (Courtesy Photo)
ថន ប៊ុនថឹង និង​សិស្ស​មក​ពី​សាលា​បង្រៀន​ភាសា​អង់គ្លេស​របស់​ប៊ុនថឹង បាន​រៀបចំ​កម្មវិធី​សិក្សា​មួយ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អនាម័យ និង​ការ​ការពារ​បរិស្ថាន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្នុង​ភូមិ​ព្រះដាក់ ខេត្ត​សៀមរាប។ (Courtesy Photo)

សាលា​បង្រៀន​ភាសា​បរទេស​នេះ​មាន​សិស្ស​សិក្សា​ចំនួន​៦០នាក់ ដែល​មក​ពី​ភូមិ​ចំនួន​៥ នៅ​ឃុំ​ព្រះដាក់​នេះ។ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ប៊ុនថឹង បាន​ពង្រឹង​ភាសា​អង់គ្លេស​ដល់​កុមារ​ក្នុង​ភូមិ ដែល​ប៊ុនថឹង យល់​ថា អាច​ជួយ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការ​ស្វែងរក​ការងារ​នៅ​ពេល​អនាគត។

«‍ហើយ​ចំពោះ​សហគមន៍ ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​មែនទែន ព្រោះ​វា​បាន​ផ្តល់​ចំណេះដឹង​ឲ្យ​ពួក​គាត់។ ពីមុន​ពួក​គាត់​មិន​ចេះ​សរសេរ​អក្សរ A ទេ តែ​ឥឡូវ​គាត់​ចេះ​សរសេរ​អក្សរ A ចេះ​និយាយ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស។ ទោះ​បី​តិច​ច្រើន​ក៏​ដោយ ខ្ញុំ​សប្បាយ​ចិត្ត»។

សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត ដោយ​សារ​មើល​ឃើញ​ថា នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ខ្វះខាត​សាលា​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​មេម៉ាយ និង​ស្ត្រី​វ័យ​ក្មេង​ដែល​មិន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ ថន ប៊ុនថឹង និង​សិស្ស​ទាំង​អស់​នឹង​ខិតខំ​រៃ​អង្គាស​ទឹកប្រាក់​ពី​សប្បុរស​ធម៌ ដើម្បី​បង្កើត​សាលា​ជំនាញ​វិជ្ជាជីវៈ​មួយ​នៅ​ក្នុង​ភូមិ៕

XS
SM
MD
LG