ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​មាន​កាំភ្លើង​៤០​ភាគរយ​នៃ​កាំភ្លើង​សរុប​នៅ​ក្នុង​ពិភពលោក


រូបភាព​ឯកសារ៖ ភ្នាក់ងារអាមេរិក​ការពារ​គ្រឿង​ស្រវឹង​ ថ្នាំជក់ និង​កាំភ្លើង កាន់​កាំភ្លើង​នៅ​ក្នុង​ការិយាល័យ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​២៩ សីហា ឆ្នាំ២០១៧។

របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ជនស៊ីវិល​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​កាំភ្លើង​ច្រើន​ជាង​ប្រទេស​ដទៃទៀត ដោយ​ស្មើ​នឹង​៤០​ភាគរយ​នៃ​កាំភ្លើង​ប្រមាណ​៨៥៧​លាន​កាំភ្លើង​ដែល​កាន់​កាប់​ដោយ​ឯកជន។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​ Small Arms Survey ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ហ្សឺណែវ បាន​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​មាន​កាំភ្លើង​៣៩៣​លាន​ដើម ច្រើន​ជាង​ប្រទេស​២៥​ទៀត​បូក​បញ្ចូល​គ្នា​ នៅ​ក្នុង​ការ​វាស់​ស្ទង់មតិ​នោះ។ របាយការណ៍​នោះ​បាន​ប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូល​បាន​កាល​ពី​ទសវត្សរ៍​មុន។

​ប្រទេស​ឥណ្ឌា​និង​ចិន​ដែល​មាន​ប្រជាជន​ប្រមាណ១៣០០​លាន​នាក់​រៀងៗខ្លួន មាន​ជនស៊ីវិល​កាន់​កាំភ្លើង​៧១​លាន​ដើម​នៅ​ឥណ្ឌា និង​៤៩,៧​លាន​ដើម​នៅ​ចិន។
ការ​សិក្សា​របស់​លោក Aaron Karp ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បាន​និយាយ​ថា «ពលរដ្ឋ​អាមេរិកាំង​ធម្មតា​ទិញ​កាំភ្លើង​ថ្មី​និង​នាំចូល​ប្រមាណ​១៤​លាន​ដើម​ជា​រៀងរាល់​ឆ្នាំ‍»។

លោក​និយាយ​ថា ទីផ្សារ​កាំភ្លើង​របស់​អាមេរិក​មិនមែន​ត្រឹម​តែ​ធំ​នោះ​ទេ​ គឺ​ថែម​ទាំងប្លែក​ពី​គេ​ទៀត​ផង។

លោក​បាន​ថ្លែង​ថា «វា​ជា​រឿង​មួយ​ចម្លែក​ណាស់​ដែល​មនុស្ស​ធម្មតា​អាច​ទិញ​អាវុធ​ដ៏​មាន​អានុភាព ដែល​គេ​មិន​អាច​រកទិញ​បាន​នៅ​ក្នុង​ប្រទេស​ដទៃទៀត ឧទាហរណ៍​ដូចជា​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ជា​ដើម‍»។

ការគ្រប់គ្រង​អាវុធ​គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​មាន​សន្ទុះ​ដ៏​ខ្លាំង​នៃ​ការបាញ់ប្រហារ​នៅ​តាម​សាលារៀន​និង​នៅ​តាម​ទី​សាធារណៈ។​ លោកKarp​ ថ្លែង​ថា​ ព្រឹត្តិការណ៍​ទាំងនេះ​គឺ​ជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​ការទិញ​អាវុធ​របស់​ពលរដ្ឋ។​

«ការ​ទិញ​អាវុធ​ដ៏​គំហុក​ ដែល​កើតឡើង​ក្រោយ​ពី​ការសម្លាប់រង្គាល​ គឺ​ជា​រឿង​ដ៏​សំខាន់​មួយ។​ ដូច្នេះ​អ្នក​ទំនង​ជា​ឃើញ​សន្ទុះ​ដ៏​ខ្លាំង​នៃ​ការទិញ​អាវុធ​ពី​សំណាក់​សាធារណជន បន្ទាប់​ពី​ករណី​បាញ់ប្រហារនៅ Sandy Hook និងការបាញ់ប្រហារ​នៅ​ទីក្រុង Las Vegas »។

ការបាញ់ប្រហារ​មួយ​នៅ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​ក្នុង​ឆ្នាំ​នេះ​នៅ​ឯ​ វិទ្យាល័យ​ Marjory Stoneman Douglasក្នុង​ទីក្រុង​ Parklandនៃ​រដ្ឋ​ Florida ដែល​បាន​សម្លាប់​មនុស្ស​១៧​នាក់ ​បាន​ជំរុញ​ឲ្យ​មាន​ចលនា​ថ្មី​មួយ​ទៀត​របស់​អ្នក​តស៊ូ​មតិ​ឲ្យ​មាន​ការ​គ្រប់គ្រង​ការប្រើប្រាស់​កាំភ្លើង។​ មាន​ការ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ការបញ្ចប់​ការ​រីករាលដាល​នៃ​ការបាញ់ប្រហារ​ទ្រង់ទ្រាយធំ​ដែល​ដឹកនាំ​ដោយ​សិស្ស​ដែលនៅ​រស់រាន​មាន​ជីវិត​ពី​ការបាញ់ប្រហារ​នៅ​ឯ​វិទ្យាល័យ Marjory​ ​Stoneman Douglas។​

រដ្ឋបាល​របស់​លោក ត្រាំ បាន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ឲ្យ​សុវត្ថិភាព​នៅ​តាម​សាលារៀន​ប្រសើរ​ឡើង​ ប៉ុន្តែ​មិនទាន់​មាន​ការស្នើ​ឲ្យ​ចេញ​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ថ្នាក់​ជាតិ​ថ្មី​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយ យូ សុធារី

XS
SM
MD
LG