របាយការណ៍ថ្មីមួយបានរកឃើញថា ជនស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកមានកាំភ្លើងច្រើនជាងប្រទេសដទៃទៀត ដោយស្មើនឹង៤០ភាគរយនៃកាំភ្លើងប្រមាណ៨៥៧លានកាំភ្លើងដែលកាន់កាប់ដោយឯកជន។
នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការ Small Arms Survey ដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ បាននិយាយថា ពលរដ្ឋអាមេរិកាំងមានកាំភ្លើង៣៩៣លាន ច្រើនជាងប្រទេស២៥ទៀតបូកបញ្ចូលគ្នា នៅក្នុងការវាស់ស្ទង់មតិនោះ។ របាយការណ៍នោះបានប្រើប្រាស់ទិន្នន័យដែលប្រមូលបានកាលពីទសវត្សរ៍មុន។
ប្រទេសឥណ្ឌានិងចិនដែលមានប្រជាជនប្រមាណ១៣០០លាននាក់រៀងៗខ្លួន មានជនស៊ីវិលកាន់កាំភ្លើង៧១លានដើមនៅឥណ្ឌា និង៤៩,៧លានដើមនៅចិន។
ការសិក្សារបស់លោក Aaron Karp ដែលត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា «ពលរដ្ឋអាមេរិកាំងធម្មតាទិញកាំភ្លើងថ្មីនិងនាំចូលប្រមាណ១៤លានដើមជារៀងរាល់ឆ្នាំ»។
លោកនិយាយថា ទីផ្សារកាំភ្លើងរបស់អាមេរិកមិនមែនត្រឹមតែធំនោះទេ គឺថែមទាំងគ្មាននរណាដូចទៀតផង។
លោកបានថ្លែងថា «វាជារឿងមួយចម្លែកណាស់ដែលមនុស្សធម្មតាអាចទិញអាវុធដ៏មានអានុភាព ដែលគេមិនអាចរកទិញបាននៅក្នុងប្រទេសដទៃទៀត ឧទាហរណ៍ដូចជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិជាដើម»៕