ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ថា​អ្នក​សារ​ព័ត៌មាន​រាយការណ៍​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច


ឯកអគ្គរាជទូតនិង​រដ្ឋទូត​​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗនិង​អ្នកសារព័ត៌មាន​​ប្រមាណ​៤០​នាក់ ​​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​​លើក​ទី​៣០។
ឯកអគ្គរាជទូតនិង​រដ្ឋទូត​​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗនិង​អ្នកសារព័ត៌មាន​​ប្រមាណ​៤០​នាក់ ​​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​​លើក​ទី​៣០។

ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មានពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ ឯកអគ្គ​រដ្ឋទូត និង​រាជទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អ្នកសារ​ព័ត៌មាន​ អំពាវ​នាវ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​ធានា​បរិយាកាស​សុវត្ថិភាព​សម្រាប់អ្នកសារ​ព័ត៌មាន ជាពិសេសអំឡុងពេលបោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ។

ការ​អំពាវនាវ​នេះ គឺ​ស្រដៀងគ្នា​នឹង​សំណើរបស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដែលបានស្នើ​ឱ្យ​រដ្ឋាភិបាល​និង​ដៃគូ​ពាក់ព័ន្ធធានា​នូវ​បរិយា​កាស​ប្រកប​ដោយ​សេរីភាព សន្តិភាព​ និង​សុវត្ថិភាព​ពេញ​លេញ​សម្រាប់​អ្នក​សារព័ត៌មាន និងស្ថាប័ន​សារព័ត៌មាន​ ក្នុងការ​បំពេញ​ការងារ​វិជ្ជាជីវៈ ដោយ​មិន​មាន​ការ​រឹតត្បិត​ និង​ភ័យ​ខ្លាច​ ​ពេល​ធ្វើ​សេចក្តី​រាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាង​រាស្ត្រ​នៅថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣នេះ។​

អំឡុងពេល​ប្រារព្ធ​ទិវា​សេរី​ភាពសារព័ត៌មានពិភព​លោកលើក​ទី​៣០ នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​ ២០២៣ នេះ ឯកអគ្គរាជទូត និង​រដ្ឋទូត ដូចជាជប៉ុន ​សហរដ្ឋអាមេរិក អូស្ត្រាលី ​បារាំង សហគមន៍​អឺរ៉ុប និង​ស៊ុយអែត​ ព្រមទាំង​មន្ត្រី​ស្ថាន​ទូត​ និងអ្នកសារ​ព័ត៌មា​ន​ប្រមាណ​ជា​ ៤០​ នាក់ បានជួបជុំគ្នា​នៅ​ស្តូបរំឭក​វិញ្ញាណក្ខន្ធ​អ្នកសារ​ព័ត៌មាន​ ៣៧ ​រូប ដែល​មាន​សញ្ជាតិ​ ៩ ​ខុសគ្នា ដែល​បាន​បាត់​បង់​ជីវិត​ក្នុងពេល​ប្រកប​វិជ្ជាជីវៈ អំឡុង​សង្គ្រាមស៊ីវិល​នាដើម​ទសវត្ស​ទី​ ៧០។

ក្នុង​ពិធី​ជួប​ជុំ​នោះ ឯកអគ្គ​រដ្ឋ​ទូត​បារាំងលោក Jacques Pellet ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក Patrick Murphy ឯកអគ្គរាជទូត​ជប៉ុន​លោក Ueno Atsushi និង​ប្រធាន​ក្រុម​អ្នក​សារព័ត៌មាន​ស្រ្តីកម្ពុជា អ្នកស្រី ហង្ស សម្ផស្ស បាន​ថ្លែង​សារដោយលើកឡើង​អំពី​សារៈសំខាន់​នៃ​សេរីភាព​សារ​ព័ត៌មាន​ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​នៅ​ជុំ​វិញ​ពិភព​លោក។ ពួកគេ​ក៏​បានអំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បើក​លម្ហ​សេរីភាព ព្រមទាំង​ធានា​សុវត្ថិភាព​របស់​អ្នកសារ​ព័ត៌មាន​ក្នុងការ​បំពេញ​ការងារ​របស់​ពួកគេ។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ថ្លែង​ថា អ្នក​សារព័ត៌មាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​គោលការណ៍​ប្រជាធិបតេយ្យ ​លើកកម្ពស់​ការ​បញ្ចេញ​មតិ តម្លាភាព និង​ធានាថា​ សំឡេង​របស់​ពលរដ្ឋ​ត្រូវ​បាន​គេ​យក​ទៅ​ផ្សព្វផ្សាយ។ ​លោកបន្ថែម​ថា ទន្ទឹម​នឹង​តួនាទី​យ៉ាង​សំខាន់​នេះ អ្នក​សារព័ត៌មានក៏​ប្រឈម​នឹង​ការបៀត​បៀន​ជាច្រើន​រូបភាព​ ដែល​លោក​ជំរុញ​ឱ្យ​អាជ្ញាធរលើកកម្ពស់​សេរីភាព​សារព័ត៌មាន​ និង​ធានាថា អ្នកសារព័ត៌មាន​អាច​ធ្វើការងារ​បាន​ដោយគ្មានការ​ភ័យ​ខ្លាច។​

លោក​បន្ថែម​ថា៖ «យើង​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ការពារ​អ្នក​សារព័ត៌មានពី​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​យាយី មិនមែន​ឱ្យ​ពួកគេ​ជា​ប្រភព​នៃ​ការ​យាយី និង​លើកទឹ​កចិត្ត​ឱ្យមាន​អំពើ​ហិង្សា​នោះទេ ប៉ុន្តែ​ត្រូវ​ការពារ​អ្នក​សារ​ព័ត៌មាន​ដោយសារ​ពួកគេគឺ​ត្រូវតែ​ទទួល​បាន​ការ​ការពារ»។

អ្នកសារព័ត៌មាន​កំពុង​ថ្លែង​សារ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើក​ទី​៣០ ​នៅ​រាជធានី​ភ្នំពេញ។
អ្នកសារព័ត៌មាន​កំពុង​ថ្លែង​សារ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើក​ទី​៣០ ​នៅ​រាជធានី​ភ្នំពេញ។
ឯកអគ្គរាជទូតនិង​រដ្ឋទូតប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អ្នកសារព័ត៌មានប្រមាណ​៤០​នាក់ ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើក​ទី​៣០។
ឯកអគ្គរាជទូតនិង​រដ្ឋទូតប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អ្នកសារព័ត៌មានប្រមាណ​៤០​នាក់ ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើក​ទី​៣០។

ឯកអគ្គ​រដ្ឋ​ទូត​បារាំង​លោក Jacques Pellet និង​ឯកអគ្គរាជទូត​ជប៉ុនលោក Ueno Atsushi លើក​ឡើង​ស្រដៀង​គ្នា​ថា ខណៈ​ដែលកម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ថ្នាក់​ជាតិនា​ខែកក្កដា​ខាងមុខ ​ការធានា​នូវបរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អ្នកសារ​ព័ត៌មាន​ឯករាជ្យក្នុងការ​រាយ​ការណ៍ព័ត៌មាន​ពិត​ និង​មាន​តម្លាភាព​ទៅ​ឱ្យ​សាធារណៈជន​កាន់តែ​មាន​សារសំខាន់។

ប្រធាន​ក្រុម​អ្នក​សារព័ត៌មានស្រ្តី​កម្ពុជា អ្នកស្រី ហង្ស សម្ផស្ស ​លើកឡើង​ថា សេរីភាពសារ​ព័ត៌មានបាន​ធ្លាក់​ចុះ​តាំង​ពី​ឆ្នាំ​ ២០១៧ ​មក និង​បន្ត​ធ្លាក់​ចុះ ដោយ​សារ​មានការ​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជាបន្តបន្ទាប់ ហើយអ្នក​សារព័ត៌មាន​បន្ត​រង​ការ​យាយី។ អ្នកស្រី​ថា អ្នកស្រី​ចង់​ឱ្យ​អាជ្ញាធរ​បញ្ចប់​និទណ្ឌភាព​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ចង់​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការបញ្ចប់​និទណ្ឌភាព និង [ផ្តន្តាទោស] នូវ​រាល់​បទឧក្រិដ្ឋ​ទាំងឡាយ​ណាប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ដើម្បី​ពង្រឹងភាព​ជា​ដៃគូ​រវាងអ្នកសារព័ត៌មាន និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​

ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៧​ មក ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បិទ ខ្លះ​ត្រូវ​បាន​ផ្លាស់​ប្តូរម្ចាស់ ខណៈ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អំឡុងពេល​នៃ​ការ​អនុវត្តការងារ​របស់​ពួកគេ។​ ជាក់ស្តែង​កាល​ពី​ខែ​មីនា​កន្លង​ទៅ វិទ្យុ​សំឡេងប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​បិទ ស្របពេល​ដែល​ស្ថាប័ន​សារ​ព័ត៌មានមួយ​ចំនួន​ត្រូវ​បាន​ដក​អាជ្ញាបណ្ណ។​

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ប្រាប់ ​VOA ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ធានា និង​ការពារ​យ៉ាង​ពេញ​លេញ​ដោយ​ច្បាប់ស្តីពីរបប​សារ​ព័ត៌មាន ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្ត​ទុកដាក់​ក្នុងការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ដោយតែង​មានជំនួបប្រចាំឆ្នាំ​រវាងលោក​នាយក​រដ្ឋមន្ត្រី​ជាមួយអ្នក​សារព័ត៌មាន ការ​ផ្តល់​ជំនួយផ្លូវ​ច្បាប់​ដល់​អ្នក​សារព័ត៌មាន​ ការ​បង្កើត​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល និងក្រុមអ្នក​នាំពាក្យ​តាម​ស្ថាប័ន​រដ្ឋ​នានា​ទូទាំង​ប្រទេសជាដើម។

លោក​បញ្ជាក់ថា៖ «បច្ចុប្បន្ន​នេះ​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ប្រកប​ដោយ​ភាព​ចម្រុះ និង​មាន​ទស្សនៈ​គ្រប់​និន្នាការ​មាន​ការ​កើ​ន​ឡើ​ង​ជាលំដាប់ ព្រមទាំង​បាន​និង​កំពុងបំពេញ​តួនាទី ភារកិច្ច និងអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​យ៉ាង​សកម្មក្នុង​ការ​ផ្សព្វផ្សាយ ឬ​រាយការណ៍​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​សេរី គ្មា​ន​ការ​គំរាមកំហែង រឹតត្បិត បៀតបៀន​នោះ​ឡើយ»។

លោក​ មាស សុភ័ណ្ឌ បន្ថែម​ថា ការ​បញ្ចេញ​មតិ ឬ​ទស្សនៈ​របស់​បុគ្គល​ណា​ម្នាក់ គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ ប៉ុន្តែលោក​ថា៖ «ការ​បញ្ចេញមតិ ឬ​ទស្សនៈ​ណាមួយ​ដែល​មើលឃើញ​តែ​មួយ​ជ្រុង ឬ​ចង់បិទ បាំងទោស​កំហុសឱ្យ​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ខុស​ក្រម​សីលធម៌ វិជ្ជាជីវៈ មិន​អាច​យក​មក​ធ្វើការ​វាយ​តម្លៃ​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​នោះទេ ហើយការ​វាយ​តម្លៃ ឬ​សន្និដ្ឋាន​បែបនេះ ជា​ការ​សន្និដ្ឋាន​ដែល​មាន​ស្តង់ដា​ពីរ ដែល​នាំឱ្យមាន​ការ​រើសអើង ការ​បែងចែក ឬ​បែកបាក់​សាមគ្គី​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ទៅវិញ​ទេ»។

​ អង្គការ​អ្នក​សារ​ព័ត៌មានគ្មាន​ព្រំដែន (Reporters Without Borders) បាន​ចាត់​ថ្នាក់​សេរីភាពសារព័ត៌មាន​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី ១៤៧ ក្នុង​ចំណោម ១៨០ ប្រទេស សម្រាប់​ឆ្នាំ ២០២៣។​ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅកម្ពុជានៅតែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG