ខណៈក្រុមគ្រួសារកំពុងរង់ចាំដំណឹងពីសាច់ញាតិរបស់ពួកគេដែលបាត់ខ្លួន អាជ្ញាធរខេត្តបន្ទាយមានជ័យនៅមិនទាន់អាចបញ្ជាក់ដល់ក្រុមគ្រួសារថាតើមានជនជាតិខ្មែរស្លាប់ក្នុងករណីភ្លើងឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត កាលពីចុងខែធ្នូ ឆ្នាំ២០២២ ឬយ៉ាងណា។
ក្រោយពន្លត់អគ្គិភ័យ និងបញ្ចប់ការស្វែងរកជនរងគ្រោះ អាជ្ញាធរបានរកឃើញសាកសពចំនួន២៦នាក់ ដែលភាគច្រើនជាជនជាតិថៃ ហើយបានអះអាងថាមិនមានជនជាតិខ្មែរណាម្នាក់ឡើយដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បើទោះមានសាកសពឆេះខ្ទេច មិនអាចកំណត់អត្តសញ្ញាណបាន។ យ៉ាងណាមិញ មន្រ្តីអះអាងថាសាកសពមនុស្ស៦នាក់ដែលត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទី ហើយមិនស្គាល់អត្តសញ្ញាណកំពុងតែត្រូវបានធ្វើDNAឬកំណត់ទិន្នន័យហ្សែន ខណៈមកដល់ពេលនេះមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
លោក ហៀង ប៊ុននឿន ដែលបានបាត់ប្អូនថ្លៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនទាន់ទទួលបានព័ត៌មានអ្វីពីអាជ្ញាធរ ពាក់ព័ន្ធជាមួយការពិនិត្យDNAទៅលើសាកសពដែលបានឆេះខ្ទេចខ្ទីនោះឡើយ និងថាលោកក៏មិនដឹងធ្វើអ្វីបន្តទៀតនោះដែរ គឺមានតែរង់ចាំព័ត៌មានពីអាជ្ញាធរ។
លោកញ្ជាក់ថា៖ «ខាងខ្មែរយើងស្ងាត់ជ្រាបហើយខាងខ្មែរយើងមិនមាននរណាកម្រើកទេ ព្រោះអីគេទម្លាក់បន្ទុកទៅលើខាងថៃ ព្រោះអីអគារហ្នឹង វាអគារថៃ ក្រុមហ៊ុនថៃ ហើយថៅកែថៃទៀត។ អ៊ីចឹងបានខ្មែរយើងអត់រវីរវល់អ្វីទាំងអស់»។
បើតាមលោក ប៊ុននឿន ថៅកែជនជាតិថៃបានមកសួរនាំ ព្រមទាំងផ្តល់ថវិកាចំនួន១លានរៀលដល់ក្រុមគ្រួសារ ខណៈបានសន្យាផ្តល់ប្រាក់ចំនួន៥៥ម៉ឺនរៀលក្នុងមួយខែ ដើម្បីផ្គត់ផ្គង់កូនរបស់ជនរងគ្រោះផងដែរ។
ចំណែកលោក បាន ដូច អាយុ៥៦ឆ្នាំ បានបាត់ក្មួយស្រីឈ្មោះ សំ ស្រីមុំ ដែលជាបុគ្គលិកផ្នែកសម្អាតនៅទីនោះ។ លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនទាន់ទទួលបានដំណឹងពីអាជ្ញាធរឡើយ ខណៈក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងរួចរាល់។ ទោះជាយ៉ាងណា លោកថាក្រុមហ៊ុនថៃបានអនុញ្ញាតឱ្យបើកប្រាក់ខែដែលក្មួយស្រីរបស់លោកបានធ្វើកន្លងមក។លោកក៏មិនទាន់ដឹងថាតើនឹងមានការសងសំណងបែបណាឡើយពីម្ចាស់កាស៊ីណូដែលជាជនជាតិថៃ។
លោកបញ្ជាក់ថា៖ «ម៉ែវា[ម្តាចយជនរងគ្រោះ] និងប្តីទៅដាក់ពាក្យហើយ គ្រាន់បានជួយរកជួយធ្វើដែរ។ គេថាចាំគេរកឱ្យ អត់ទាន់ឃើញទេៗ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថាអាជ្ញាធរហាក់មានភាពសកម្មច្រើននៅពេលដែលការឆេះកាស៊ីណូទើបតែចាប់ផ្តើម ប៉ុន្តែលោកថាក្រោយមកមានភាពមិនសូវសកម្មឡើយ ជាពិសេសពាក់ព័ន្ធជាមួយការពិនិត្យDNA ដើម្បីឱ្យសាច់ញាតិបាត់ចម្ងល់។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនយល់ថាតើអាជ្ញាធរគាត់មានភាពលាក់បាំង ឬក៏នីតិវិធីរបស់គាត់មានភាពស៊ាំញាំ ឬក៏លំបាករបៀបម៉េចទេ ទើបគាត់មិនទាន់មានការបង្ហាញឱ្យបានច្បាស់លាស់បែបនេះ។ ប៉ុន្តែទោះបីយ៉ាងណា ដើម្បីកុំឱ្យមានការចោទប្រកាន់ពីក្រុមគ្រួសារដែលបាត់បង់សមាជិករបស់ខ្លួន សមត្ថកិច្ចដែលពាក់ព័ន្ធ ជាពិសេសអ្នកដែលទទួលខុសត្រូវនៅក្នុងសំណុំរឿងហ្នឹង គប្បីមានការបញ្ជាក់ និងបំភ្លឺដើម្បីឱ្យមានភាពច្បាស់លាស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទទួលបន្ទុកលើករណីឆេះអគារនេះ បាននៅឡើយទេ នៅត្រឹមរសៀលថ្ងៃនេះ។
លោក សេក សុខុម អ្នកពាក្យសាលាខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនដឹងថាតើលទ្ធផលបែបណាឡើយ ដោយសារនេះជាការទទួលបន្ទុករប ស់ខាងផ្នែកបច្ចេកទេស។
កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានករណីភ្លើងឆេះអគារកាស៊ីណូ និងសណ្ឋាគារGrand Diamond City ក្នុងក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ដែលភាគច្រើនជាជនជាតិថៃ។ ករណីអគ្គិភ័យនេះត្រូវបានអាជ្ញាធរកម្ពុជាសន្និដ្ឋានបឋមថាដោយសារឆ្លងចរន្តអគ្គិសនី ពេលកាស៊ីណូបានប្រើប្រាស់ភ្លើងច្រើនសម្រាប់រៀបចំតុបតែឱកាសឆ្លងឆ្នាំ។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាមូលហេតុអ្វីបានជាអគ្គិភ័យមិនអាចពន្លត់បានភ្លាមៗ ហើយបណ្តាលឱ្យឆាបឆេះរហូតដល់ជាង១៥ម៉ោង៕