ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ស្រីមុំ‍»​ពន្យារ​ពេល​ចូល​តុលាការ​ខណៈ​លោកស្រី​មូរ សុខហួរ​នឹង​ផ្តល់​ការ​គាំទ្រ​

  • នៅ វណ្ណារិន

រូប​ឯកសារ៖ នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បញ្ចប់ការបំភ្លឺ របស់ខ្លួន​នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម កាល​ពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

កាល​ពី​ខែ​កន្លង​ទៅ​ ​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ ​បាន​ចេញ​ដីកា​កោះ​អញ្ចើញ​នាង​​​​ខុម ចាន់ដារាទី​ ​ឱ្យ​ចូល​បំភ្លឺ​​​នា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នាថ្ងៃ​សុក្រ​ខាង​មុខ។

នា​ថ្ងៃ​ពុធ​នេះ​ ​នាង​ ខុម ចាន់ដារាទី​ ​ឬ​ ​«ស្រីមុំ»​ ​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ ​កឹម​ សុខា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារ​ការ​ចូល​បំភ្លឺ​ ​នា​តុលាការ​ក្រុង​ភ្នំពេញ​ អំពី​ការ​«ផ្តល់​សក្ខីកម្ម​ក្លែង​ និង​ ​មាន​អំពើ​ពេស្យាចារ»។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស។​

លោក​ នី សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ ​Adhoc​ ​ដែល​ផ្តល់​មេធាវី​ការពារ​ដល់​នាង​ខុម ចាន់ដារាទី​ឬ ​ស្រីមុំ​បាន​ប្រាប់​ VOA ​នា​ថ្ងៃ​ពុធ​នេះថា​ តំណាង​របស់​នាង​ បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ការ​ចូល​បំភ្លឺ​នា​តុលាការ​ក្រុង​នា​ថ្ងៃ​សុក្រ​ខាង​មុខ​ ​ដោយ​សារ​តែ​នាង​មិន​ទាន់ មាន​មេធាវី​ ​លើ​បញ្ហា​ដែល​អង្គភាព​ប្រឆំាង​ភេវរកម្ម​ចោទ​រូប​នាង​ក្នុង​រឿង​ផ្តល់​សក្ខី​កម្ម​ក្លែង​ក្លាយ​ និង​អាច​មាន​អំពើ​ពេស្យាចារ។​

«នីតិវិធី​សាម៉ី​ខ្លួន​គាត់​អាច​ ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យសុំ​ពន្យារ​ ទៅ​តុលាការ​ក្នុង​ការចូល​ឆ្លើយ​ ដោយ​សារតែ​គាត់​ គិត​ថា​គាត់​ត្រូវ​ការ​មេធាវី​នៅ​ពេល​ដែល​គាត់​ត្រូវ​ចូល​ឆ្លើយ​ ត្រូវ​មាន​មេធាវី​ ​ចូល​ទៅ​ជា​មួយ​ អីចឹង​គាត់​ប្រហែល​មាន​ការ​លំបាក​ក្នុង​ការ​ចូល​ឆ្លើយ​ដោយ​គ្មាន​មេធាវី​ ​អីចឹង​គាត់​ត្រូវ​រង់​ចាំ​ឲ្យ​មាន​មេធាវី​សិន»។​

កាល​ពី​ខែ​កន្លង​ទៅ​ ​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​គឺ​លោក​ សៀង សុខ ​បាន​ចេញ​ដីកា​ កោះ​អញ្ចើញ​នាងខុម ចាន់ដារាទី​ ​ឱ្យ​ចូល​បំភ្លឺ​ ​នា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នាថ្ងៃ​សុក្រ​ខាង​មុខ។​ ​លោក​ សៀង សុខ​ ​ក៏​បាន​សរសេរ​ផង​ដែរ​ថា​ ​ការ​ចូល​បំភ្លឺ​នេះ​គឺ​ ​«ដើម្បី ​សាក​សួរ​ពី​ដំណើរ​រឿង​ ​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយក​ដ្ឋាន​ប្រឆំាង​ភេវរកម្ម​និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន​ ​បង្ហាញ​ថា​មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​ ​មាន​អំពើ​ពេស្យាចារ»​ នា​ថ្ងៃសុក្រ​ខាង​មុខ។​

ការកោះ​ហៅ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​គឺ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​នាយ​កដ្ឋាន​ប្រឆំាង​ភេរវ​កម្ម​របស់​ក្រសួង​មហា​ផ្ទៃ​បញ្ចប់​សំណុំ​បែប​ទ​របស់​ខ្លួន​ ​ទាក់​ទិន​នឹង​បណ្តឹង​បរិហាកេរិ៍្ត​របស់​នាង​ធី សុវណ្ណថា​ ​លើ​ខ្សែអាត់​សំឡេង​សារ​សង​ស្នេហា​ ​ដែល​គេ​ចោទ​ថា​ជា​សំឡេង​របស់​ ​នាង​ខុម ចាន់ដារាទី​និង​លោក​ ​កឹម សុខា​ប្រធាន​ស្តីទី​នៃ​គណបក្ស​ជំទាស់។​ ​យ៉ាង​ណា​ក៏​ដោយ​ នាង​ខុម ចាន់ដារាទី​បាន​«បាន​បដិសេធ»​ ​ការ​ចោទ​របស់​នាង​ធី​សុវណ្ណថា​ រួម​ទាំង​ការចោទ​ថា​មានទំនាក់​ទំនង​រវាង​នាង​និង​លោក​ កឹម សុខា​ ​ពេល​ដែល​នាង​បាន​ចូល​បំភ្លឺ​នៅ​នាយក​ដ្ឋាន​ប្រឆំាង​ភេរវកម្ម​។​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​លោក​ទួន សុជាតិ​ម្ចាស់​ហាង​កាត់​សក់​ខ្មែរអង្គរ​ ​ក៏​បាន​ចូល​បំភ្លឺ​រឿង​ករណី​នាង​ខុម ចាន់ដារាទី​ផង​ដែរ។​ ​VOA​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​តុលាការ​ ​រួម​ទាំង​ លោក​ព្រះរាជ​អាជ្ញារង​ ​សៀង សុខ ​ដែល​បាន​ចេញ​ដីកាកោះ​ ​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​លើ​ករណី​នេះ​បាន​ទេ​ ​នា​ថ្ងៃ​ពុធ។​

ទាក់ទិន​នឹង​ដីកា​កោះ​ ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​លោក​ នី សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ ​Adhoc​ថ្លែង​ថា​៖ «បាទ​! ខ្ញុំយល់​ថា​ស្រីមុំ​គឺ​ជា​ជនរង​គ្រោះ​ម្នាក់នៅ​ក្នុង​រឿង​ហ្នឹង​បាទ!​ ​ពី​ព្រោះ​គោល​ដៅ​សំខាន់​របស់​ក្រុម​មួយ​ដែល​គាត់​កំពុង​តែ​ធ្វើ​ហ្នឹង​គឺ​មិនមែន​វាយ​ឆ្ពោះ​មក​រក​ស្រីមុំ​នោះ​ទេ​ គឺ​សំដៅ​ទៅ​រក​លោក​កឹម សុខា​ហ្នឹង​ហើយ។ ​ហើយ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ​សំ​ដៅ​ទៅ​រក​លោក​កឹម សុខា​ហ្នឹង​គឺវា​អត់​មាន​អ្វី​ក្រៅពី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​របស់​ លោក​ កឹម សុខា​ ​តែប៉ុណ្ណឹង​ទេ។ ​បាទ​នៅក្នុង​សាច់​រឿង​នេះ​គឺ​ធ្វើ​ម៉េច​ឲ្យ​លោក​ កឹម សុខា​ ធា្លក់​ប្រជាប្រិយភាព​ ទាក់​ទិន​ទៅ​នឹង​ការ​រកប្រជា​ប្រិយ៍ភាព​ក្នុង​ពេល​បោះឆ្នោត​ទេ​»។​

ក្រោយ​ពេល​ដែល​ផ្ទុះ​រឿង​ខ្សែអាត់​សំឡេង​ឆ្លើយ​ឆ្លង​ស្នេហា​និង​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ត​បន្ទាប់​នោះ ​លោក​កឹម សុខា​ប្រធាន​ស្តី​ទី​នៃ​គណបក្ស​ជំទាស់​ឬ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​យក​ជំហរ​ «មិន​ឈ្លោះ មិន​ឆ្លើយ​ នឹង​មិនឆ្លង»។​

យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​សារ​អេឡិកត្រូឡិក​មួយ​ដែល ​VOA ​បាន​ទទួល​ ​លោក​ស្រី ​មូ សុខហួរ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ ​ដែល​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​ស្ត្រី​ខ្មែរ​ ឲ្យ​ដឹង​ថា​លោក​ស្រី​មាន​ក្តី​«តក់ស្លុត​» ​ទាក់​ទិន​នឹង​ ​ដីកា​កោះ​លើរូប​នាង​ ខុម ចាន់ដារាទី ​ឬ ​ស្រីមុំ លើការ​រឿង​ ​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ ​មាន​អំពើ​ពេស្យាចារ​»។​ ​លោក​ស្រី​ក៏​បាន​សរសេរ​ផង​ដែរ​ថា​នឹង​ព្យាយាម​គៀងគរ​រក​ជំនួយ​ដល់​នាង​ ​ខុម ចាន់ដារាទី​ ​រួម​ទាំង​ការ​ផ្តល់​កម្លាំង​ចិត្ត​ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ ​មិន​ប៉ុន្មាន​ខែមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង​ ​ថា​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា។​ ​ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញមុខ​ធ្វើការ ​ការ​តវ៉ា​ នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​លោក​ កឹម សុខា​ ​ទទួល​ខុស​ត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​និង​កូន។​ ​យ៉ាងណា​ក៏​ដោយ​ការ​ទាមទារ​ ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG