លោកស្រី Diane Feinstein ខាងគណបក្សប្រជាធិបតេយ្យអាចនឹងត្រូវបានគេបោះឆ្នោតឲ្យម្តងទៀតសម្រាប់តំណែងនៅអាណត្តិទីពីរក្នុងព្រឹទ្ធសភាអាមេរិក បន្ទាប់ពីលោកស្រីទទួលបានសន្លឹកឆ្នោតច្រើនបំផុតនៅក្នុងការបោះឆ្នោតបឋមមិនធម្មតាមួយក្នុងរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារកន្លងទៅនេះ។
លោកស្រីគឺជាអតីតអភិបាលរដ្ឋ San Francisco ដែលមានវ័យ៨៤ឆ្នាំ និងបានទទួលសន្លឹកឆ្នោតគាំទ្រច្រើនលើសគូប្រជែងវ័យក្មេងរបស់លោកស្រី គឺលោក Kevin de Leon សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។ នេះអាចមានន័យថា លោកស្រី Feinstein អាចនឹងត្រូវប្រជែងជាមួយនឹងលោកde Leon វ័យ ៥១ ឆ្នាំ។
ស្របពេលជាមួយគ្នានេះដែរ លោកអភិបាល Gavin Newsom ដែលជាអតីតអភិបាលក្រុង San Francisco នឹងអាចជាប់ឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ ហើយលោកនឹងត្រូវប្រកួតប្រជែងជាមួយនឹងលោក John Cox ដែលជាអ្នកជំនួញឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ និងទទួលបានការគាំទ្រពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ ពួកគេកំពុងព្យាយាមជំនួសតំណែងរបស់លោកអភិបាលរដ្ឋ Jerry Brown ដែលអាណត្តិរបស់លោកត្រូវផុតកំណត់។
ដំណើរការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនកំពូលពីរនាក់សម្រាប់រដ្ឋ កាលីហ្វ័រញ៉ា អាចកំណត់ថាតើសមាជិកគណបក្សប្រជាធិបតេយ្យអាចទទួលបានអាសនៈ២៣ដែលចាំបាច់សម្រាប់គ្រប់គ្រងរដ្ឋសភាអាមេរិកដែរឬទេ៕