ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ​ជំរុញ​ឱ្យ​គ្រប់​ឡឥដ្ឋ​ដាក់​បម្រាម​និង​របង​មិន​ឱ្យ​មាន​កុមារ​ស្ថិត​ក្នុង​បរិវេណ​ផលិតកម្ម


រូបឯកសារ៖ បុរសម្នាក់កំពុងដឹកឥដ្ឋដោយគោយន្ត​យក​ទៅឡ ក្នុងបរិវេណសិប្បកម្មឡឥដ្ឋ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុរសម្នាក់កំពុងដឹកឥដ្ឋដោយគោយន្ត​យក​ទៅឡ ក្នុងបរិវេណសិប្បកម្មឡឥដ្ឋ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ជំរុញ​ឱ្យ​បណ្តាសិប្បកម្មឡឥដ្ឋទាំងអស់​ដាក់​បម្រាម និង​ធ្វើរបង ដើម្បី​ធានា​ថា​គ្មានកម្លាំង​ពលកម្ម​កុមារ និង​គ្រោះថ្នាក់ក្នុង​បរិវេណ​សង្វាក់​ផលិតកម្ម​។

លោក ហេង​សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ​បាន​ថ្លែង​បែប​នេះនៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ និង​សុខភាព​ សុវត្ថិភាព​សម្រាប់​កម្មករ​និយោជិត​វិស័យ​សំណង់ និង​ឡឥដ្ឋ​នៅ​កម្ពុជា» ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៤។

នៅ​ក្នុង​វីដេអូដែល​ត្រូវ​បានផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ២ ខែធ្នូ លោក ហេង សួរ ​បាន​លើកឡើងថា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ មិនមាន​ការរាយការណ៍ណាមួយ​អំពី​គ្រោះថ្នាក់​លើ​កុមារធ្វើការ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ឡើយ។

ទោះជា​យ៉ាងណា​ក្តី លោក​ថា ដោយសារ​កម្មករ​ឡឥដ្ឋ​តែង​មាន​សមាជិក​គ្រួសារ​ដែល​មាន​ទាំង​កូន​របស់​ពួកគេ​រស់នៅ​ជុំ​គ្នា​ក្នុង​បរិវេណ​សិប្បកម្ម វា​ចាំ​បាច់​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ធានា​ថា​ មិនមាន​កុមារ​បន្ត​ធ្វើការ​នៅ​ក្នុង​សង្វាក់​ផលិត​កម្មឥដ្ឋ។

លោក ហេង សួរ បន្ថែម​ថា ម្ចាស់សិប្បកម្ម​ឡឥដ្ឋ​ត្រូវ​ដាក់​បម្រាម​ហាម​មិន​ឱ្យ​មានកុមារ​ចូលក្នុង​បរិវេណ​សង្វាក់​ផលិត​កម្ម​ និង​ត្រូវ​ធ្វើ​របង​ជុំវិញ​ទីតាំង​ដែល​ជា​សង្វាក់​ផលិត​កម្ម​ទាំង​នោះ។​

លោក​ថ្លែង​ថា​៖ «ដើម្បីឱ្យម្ចាស់​ឡឥដ្ឋរួច​កាតព្វកិច្ច គឺ​ម្ចាស់​ឡឥដ្ឋត្រូវតែ​ដាក់បម្រាម​ហាមក្មេង ហាម​អ្នក​ដែល​គ្មាន​ភារកិច្ច​ចូល​ក្នុង​បរិវេណ​ផលិតកម្ម។ បើសិនជា​មាន​គ្រោះថ្នាក់​មួយ​កើត​ឡើង​ ពេល​ដែល​អធិការកិច្ច​ការងារ ពេល​ដែល​មន្រ្តី​មាន​សមត្ថកិច្ចចុះ​ទៅមើល​ភ្លាម ទីមួយមើលថា​តើ​មាន​ស្លាកសញ្ញាហាម​មិនឱ្យក្មេង មិនឱ្យ​អ្នកគ្មាន​កាតព្វកិច្ច​ចូលក្នុង​សង្វាក់​ផលិតកម្ម​នោះដែរ ឬទេ? បើសិនជា​អត់មាន​គឺនិយោជក គឺ​ថៅកែ​ខុស​ ១០០​ភាគរយ ហើយ​ទទួល​ខុសត្រូវ​ទាំង​សំណង​រដ្ឋប្បវេណី ​និង​ព្រហ្មទណ្ឌ»។

លោក ហេង សួរ បន្ថែម​ថា៖ «ប៉ុន្តែ​បើសិន​ជា​ថៅកែ​មាន​ការហាម មាន​ការ​ធ្វើ​របង​ដែល​មិន​ឱ្យ​យក​កុមារ មិន​ឱ្យ​យក​កូន មិន​ឱ្យ​យក​អ្នក​ដែល​គ្មាន​ភារកិច្ច​ចូល​ទៅក្នុង​បរិវេណ​ផលិតកម្ម​ទេ ស៊ើប​អង្កេត​ទៅ​ ​ឪពុក ឬ​ម្តាយ ជាអ្នក​នាំកូន ចៅ ឬ​អ្នក​ដែល​គ្មាន​ភារកិច្ច​ចូល ពេល​ដែលមាន​ឧប្បត្តិហេតុ​កើតឡើង​ អ្នក​ដែល​នាំ​ចូល​នោះ​ជា​អ្នក​ទទួល​ខុសត្រូវ ពីព្រោះ​និយោជក​បាន​ដាក់​បម្រាម ដាក់​របង ហើយ​អ្នក​ដទៃ​ផ្សេង​ទៀត​ទេ​ដែល​បំពាន»។

វីអូអេ​បាន​ព្យាយាម​សួរ​សិប្បកម្ម​ឡឥដ្ឋ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដាក់បំរាម ​និង​ធ្វើរបង​មិន​ឱ្យ​មាន​កម្លាំង​ពលកម្ម​កុមារ​ក្នុង​បរិវេណ​សង្វាក់​ផលិតកម្ម ប៉ុន្តែ​ពួកគេ​សុំ​មិន​ផ្តល់​សម្ភាសន៍។​ ​

ទោះជាយ៉ាងណាក្តី លោក ហាក់ ស៊ុយហ៊ាង ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ផ្កាយមាស ប្រាប់​វីអូអេ​ថា នៅ​ក្នុង​សិប្បកម្ម​របស់​លោក​ធ្លាប់​មាន​កុមារ​ធ្វើការ​កាលពី​ជិត ​២០ ឆ្នាំមុន នៅ​ពេល​ដែល​ម៉ាស៊ីន​ផលិត​ឥដ្ឋ​នៅ​ធ្វើ​ដោយដៃ​។ លោក​ថា ចាប់​តាំង​ពី​សិប្បកម្ម​របស់​លោក​ប្តូរ​មក​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ លោក​លែង​អនុញ្ញាត​ឱ្យ​មាន​កុមារ​ធ្វើការ​នៅ​ក្នុង​បរិវេណ​ផលិតកម្ម។ សិប្បកម្ម​របស់​លោក​ក៏មាន​ដាក់​ស្លាក​ហាម​មិនឱ្យ​មាន​ពលកម្ម​កុមារ​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​ការងារផងដែរ។​

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា បើតាម​ការ​សង្កេត និង​ធ្វើ​ការងារ​របស់​សហជីព​របស់​លោក កុមារ​មួយចំនួន​នៅ​តែ​ធ្វើការ​ក្នុង​សិប្បកម្មឡឥដ្ឋ​ ប៉ុន្តែ​ជា​ការងារ​ស្រាល​ដែល​មិន​ស្ថិត​ក្នុង​កម្រិត​គ្រោះថ្នាក់​ខ្ពស់​។​

លោក​បន្ថែម​ថា៖​ «ម្តាយ​ឪពុកហ្នឹង​គាត់​ចេះ​តែឱ្យជួយ បានន័យថា ​គាត់ទំនេរ​អ៊ីចឹង​ ​គាត់​ចេះ​តែ​ឱ្យ​ជួយ​តិច​តួចៗ​ទៅ វា​មិន​មែន​ថាឱ្យធ្វើការហ្នឹង​បេញ​លក្ខណៈ​ដូច​អ្នក​ធ្វើការ​ធំៗ​ទេ»។

លោក សុខ គីន បន្ថែម​ថា ដើម្បី​អនុវ​ត្ត​ការ​ទប់ស្កាត់ ​និង​ហាមឃាត់ពលកម្ម​កុមារ​នៅ​ក្នុង​ផលិតកម្ម​ឡឥដ្ឋ លុះត្រាតែ​ក្រសួង​ធ្វើ​អធិការ​កិច្ច​ដោយ​មិនជូន​ដំណឹង​មុន​ និង​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង។

លោក​បញ្ជាក់​ថា៖ «ពេលខ្លះ​យើង​លួច​ចុះ​អធិការកិច្ច​មិនបាច់​ជូនដំណឹង ប្រសិនបើ​យើង​ចង់​ដឹង។ អាហ្នឹង​ចំណុច​ទី ១។ ហើយ​បើសិន​យើង​រក​ឃើញ រកឃើញ​យើងគួរតែ​កុំ​លើក​លែង ចាត់​វិធានការ​ឡឥដ្ឋ​ហ្នឹង​តែម្តង»។

បើតាមលោក សុខ គីន ឡឥដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជា​ ៤៦៤ ឡ​ និង​មាន​មនុស្ស​រស់នៅបរិវេណសិប្បកម្ម​ជាង​ ១០.០០០ នាក់ ដែល​ក្នុង​នោះ​ជា ​៦.០០០ នាក់ ​ជា​កម្មករ​ឡឥដ្ឋ។

លោក កត្តា អន អ្នកនាំពាក្យ​ក្រសួងការងារ​ប្រាប់វីអូអេថា ជាគោលការណ៍​នៃ​ច្បាប់ជាតិ និង​អន្តរជាតិ កុមារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​កាន់​តំបន់​ឡឥដ្ឋ​នោះ​ទេ។ លោក​ថា ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រប់ឡឥដ្ឋ​ត្រូវ​ដាក់​ស្លាក​កំណត់​ទីតាំង​ដែល​កុមារ​អាច​ចូល​បាន និង​ទីតាំង​ដែល​កុមារ​មិន​អាច​ចូល​បាន។

បើតាម​លោក កត្តា អន ក្រសួង​ការងារ​តែង​ធ្វើ​អធិការកិច្ច​ប្រចាំ​ឆ្នាំ និង​អធិការ​កិច្ច​តាម​បណ្តឹង ដែល​ភាគច្រើន​ធ្វើឡើង​ជាសម្ងាត់។

លោកបញ្ជាក់ថា៖ «ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ត​ធ្វើ​អធិការកិច្ច​នៅ​ទីតាំង​ឡឥដ្ឋ​ទាំង​នោះ ​ដើម្បី​រក​ឱ្យឃើញ​ថា​តើ​មាន​កុមារ​ដែល​ចូលរួម​ធ្វើការនៅ​ទីនោះ​ដែរ ឬទេ? មាន​ការក្លែង​បន្លំ​អត្តសញ្ញាណ​អាយុ​កុមារ​ដែរ ឬទេ? ឬ​មួយ​ក៏​មាន​ការលោភ​បំពានលើសិទ្ធិ​កុមារ​ដែរ​ឬទេ? ក្នុង​ករណី​ដែល​យើង​រកឃើញ​មានភា​ពមិន​ប្រក្រតី​ណាមួយ​ចំពោះ​ម្ចាស់​សហគ្រាស អធិការ​ការងារនឹង​ដាក់​កំហិត ឬ​ដាក់វិន័យ ឬក៏​មានចំណាត់ការ​តាមផ្លូវ​តុលាការ​ប្រឆាំង​ចំពោះ​ជន​ពាក់ព័ន្ធ​ទាំង​នោះ»។

លោក កត្តា អន មិន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​ដែល​សួរ​ថា តើអធិការ​ការងារ​របស់​ក្រសួង បាន​រក​ឃើញភាព​មិន​ប្រក្រតី​បែប​ណា​ខ្លះ និង​ប៉ុន្មាន​ករណីពាក់ព័ន្ធនឹង​កម្លាំង​ពលកម្ម​កុមារ​នៅ​តាម​ឡឥដ្ឋ​នោះ​ទេ។

​របាយការណ៍​របស់​អង្គការលីកាដូ​ស្តីពី​ចំណង​ក្នុងឡឥដ្ឋ ចេញកាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​បាន​រកឃើញ​ថា នៅតាមសិប្បកម្មឡឥដ្ឋមួយចំនួន​នៅ​តែមាន​កម្លាំង​ពលកម្មកុមារ​ដែលមាន​អាយុ​ចន្លោះពី​ ៩ឆ្នាំ ទៅ​១៧​ឆ្នាំ។ របាយការណ៍​នោះបានរក​ឃើញ​ថា មាន​កុមារខ្លះ​កាត់ និងច្រក​ដីឥដ្ឋ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ផលិត​ឥដ្ឋដោយដៃ ខ្លះ​កាត់​ដី​ឥដ្ឋ​ដោយ​ប្រើ​ខ្សែ​លួស យក​ឥដ្ឋចេញពី​ខ្សែពាន​ រុញ​រទេះ​ដឹក​ឥដ្ឋ និងជញ្ជូន​ឥដ្ឋ​ដាក់លើ​រថយន្ត​ជាដើម។

របាយការណ៍​ដដែលនោះបញ្ជាក់​ថា ការរកឃើញនេះ ជា​លទ្ធផល​នៃ​ការ​ចុះ​ផ្ទាល់តាម​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ចំនួន​ ២១​ កន្លែង​នៅ​ខេត្តកណ្តាល និង​រាជធានីភ្នំពេញ នៅ​ឆ្នាំ ២០២៣​ និង​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​កម្មករ​បច្ចុប្បន្ន និង​អតីត​កម្មករ​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG