ក្មេងប្រុសទាំង១២នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំដែលលិចទឹកនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានជាប់នៅក្នុងរូងភ្នំនោះជាង២សប្តាហ៍ នេះបើយោងតាមកងទ័ពជើងទឹកថៃ។
កងទ័ពជើងទឹកថៃបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ពួកគេថា៖«កីឡាករបាល់ទាត់ក្រុម ជ្រូកព្រៃ ទាំង១២នាក់និងគ្រូបង្វឹករបស់ពួកគេត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំហើយ។ ពួកគេទាំងអស់គ្នាមានសុវត្ថិភាព»។
ការជួយសង្គ្រោះនៅថ្ងៃអង្គារនេះគឺជាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះថ្ងៃទី៣ជាប់ៗគ្នា ដើម្បីជួយសង្គ្រោះក្មេងប្រុសៗនិងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងរូងភ្នំ Tham Luang តាំងពីចុងខែមិថុនា។ ក្មេងប្រុស៤នាក់ត្រូវបានសង្គ្រោះកាលពីថ្ងៃអាទិត្យ ៤នាក់ត្រូវបានសង្គ្រោះកាលពីថ្ងៃច័ន្ទ ហើយ៤នាក់ទៀតនិងគ្រូបង្វឹករបស់ពួកគេត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Jedsada Chokdumrongsuk ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារថា ក្មេងប្រុស២នាក់ក្នុងចំណោមនោះឆ្លងមេរោគចូលសួត ប៉ុន្តែពួកគេទាំងអស់គ្នាជាទូទៅមានសុខភាពល្អនិងមានស្មារតីល្អ អរគុណដល់ «ប្រព័ន្ធការពារភាពស៊ាំដ៏រឹងមាំ» របស់ពួកគេដោយសារតែការលេងបាល់ទាត់។
លោក Jesada ថ្លែងថា ក្មេងប្រុសៗទាំងនោះត្រូវដាក់ឲ្យនៅឃា្លតពីក្រុមគ្រួសារ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងមេរោគផ្សេងៗ។ លោកថ្លែងថា ពួកគេទំនងនឹងត្រូវស្នាក់នៅក្នុងមន្ទីពេទ្យយ៉ាងហោចណាស់មួយសប្តាហ៍៕