ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រូវ​រិះ​គន់​ពី​ការ​ផ្តល់​ជំនួយ​យឺត​និង​តិច​តួច​ទៅ​ឲ្យ​តំបន់​រាំង​ស្ងួត​នៅ​អាហ្វ្រិក​ខាង​កើត


ស្ដ្រី​ម្នាក់​ពរ​កូន​ឈរ​រង់​ចាំ​ទទួល​ម្ហូប​អាហារ​នៅ​ក្នុង​​ជំរំ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អន្ដរកាល​សូម៉ាលី​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ទីក្រុង​ម៉ូ​កាឌីស៊ូ។
ស្ដ្រី​ម្នាក់​ពរ​កូន​ឈរ​រង់​ចាំ​ទទួល​ម្ហូប​អាហារ​នៅ​ក្នុង​​ជំរំ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អន្ដរកាល​សូម៉ាលី​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ទីក្រុង​ម៉ូ​កាឌីស៊ូ។

ទោះបី​រដ្ឋាភិបាល​ស.រ.អ.​ បាន​បង្កើន​ជំនួយ​របស់​ខ្លួន​ទៅ​ឲ្យ​ជន​ដែល​ទទួល​រង​ដោយ​ការ​រាំង​ស្ងួត​យ៉ាង​វិនាសកម្ម​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​នៃ​ទ្វីប​អាហ្វ្រិក​ក៏​ដោយ​ ក្រុម​ផ្ដល់​ជំនួយ​បាន​រិះ​គន់​ការ​ឆ្លើយ​តប​យ៉ាង​យឺត​យ៉ាវ​ ព្រម​ទាំង​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​ពួក​គេ​និយាយ​ថា​ កំពុង​តែ​បង្អាក់​ជំនួយ​មិន​បាន​ទៅ​ដល់​ដែល​ជន​រង​គ្រោះ​ខ្លាំង​ជាងនៅ​ក្នុង​តំបន់មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សូម៉ាលី។

អង្គការ​ជំនួយ​បាន​រិះ​គន់​សរអ​ហើយ​នឹង​រដ្ឋាភិបាល​បស្ចឹម​ប្រទេស​ដទៃ​ទៀត​អំពី​ការ​ខកខាន​មិន​បាន​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស​ សម្រាប់​មនុស្ស​ជាង​១០​លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​នៅ​ក្នុង​តំបន់​ទទួល​រង​ដោយ​ការ​រាំង​ស្ងួត​នៅ​តំបន់​ភាគ​ឦសាន​នៃ​ទ្វីប​អាហ្វ្រិក ។​ ការ​រាំង​ស្ងួត​ដែល​កំពុង​តែ​យ៉ាប់​យ៉ឺន​ឡើង​ ដែល​អ្នក​ព្យាករ​បាន​ព្រមាន​រាប់​ខែ​មក​ហើយ​ ត្រូវ​បាន​ព៌ណនា​ថា​មាន​សភាព​អាក្រក់​ជា​ទី​បំផុត​តាំង​ពី​៦០​ឆ្នាំ​មក​ហើយ។

មន្ដ្រី​ម្នាក់​នៃ​ទី​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​ Oxfam​ ដែល​មាន​ទី​ស្នាក់​ការណ៍​នៅ​ប្រទេស​អង់គ្លេស​ និយាយ​ថា​ ការ​ទទួល​ខុស​ត្រូវ​ជា​សមូហភាព​នៃ​ពិភពលោក​ក្នុង​ការ​ធ្វើ​សកម្មភាព​បាន​ធ្លាក់​ចុះ។​ ក្រុម​សកម្មជន​ផ្សល់​ជំនួយ​ដទៃ​ទៀត​និយាយ​ថា​ ដូច​ស្ថានការណ៍​ទុរ្ភិក្ស​ដទៃ​ទៀត​នៅ​ប្រទេស​អាហ្វ្រិក​ដែរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ជំនួយ​ជា​ដុំកំភួន​ចាប់​ផ្ដើម​ទៅ​ដល់​ក្រោយ​ពី​មហន្ដរាយ​ឡើង​ទៅ​ដល់​កម្រិត​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ។

លោកស្រី​ ស៊ែរ៉ា​ ម៉ាកហ្កន​ (Sarah Margon)​ នៃ​មជ្ឈមណ្ឌល​ដើម្បី​វឌ្ឍនភាព​អាមេរិកាំង​ Center​ for​ American​ Progress​ និយាយ​ថា​ ការ​ឆ្លើយ​តប​សំខាន់ៗ​ទំនង​ដូច​ជា​កកើត​ឡើង​ដោយ​សេចក្ដី​ប្រកាស​របស់អ.ស.ប.​ថា​តំបន់​ពីរ​នៅ​ប្រទេស​សូម៉ាលី​ឥឡូវ​នេះ​កំពុង​តែ​មាន​ទុរ្ភិក្ស​ហើយ។

«នៅ​ពេល​ដែល​ចំនួន​មនុស្ស​ទទួល​រង​គ្រោះ​បាន​លេច​ចេញ​មក​នោះ​ ពាក្យ​ទុរ្ភិក្ស​ពិត​ជា​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មនុស្ស​រំជួល​ចិត្ដ​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​សហគមន៍​អន្ដរជាតិ​ហើយ​នឹង​ពលរដ្ឋ​សាមញ្ញ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ក្នុង​កម្រិត​មួយ​ដែល​វិបត្ដ​មនុស្សធ៌ម​មិន​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​សកម្មភាព​ដើម្បី​ឆ្លើយ​តប​ជា​និច្ច​នោះ​ទេ​ ដែល​ជា​ការគួរ​ឲ្យ​សោក​ស្ដាយ​ណាស់»។

រដ្ឋាភិបាល​ស..រអ.​ ប្រកាស​ថា​ខ្លួន​នឹង​ផ្ដល់​ប្រាក់​បន្ថែម​២៨​លាន​ដុល្លារ​ ទៅ​ឲ្យ​ជនជាតិ​ សូម៉ាលី​ ដើម្បី​ជួយ​ពួក​គេ​ ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​នៅ​ក្នុង​ជំរំជន​ភៀស​ខ្លួន​នៅ​ប្រទេស​កេនយ៉ា ​(Kenya) តម្លើង​ចំនួនជំនួយ​ស្បៀង​អាហារ​និង​ជំនួយ​គ្រា​អាសន្ន​សរុប​របស់​ស.រ.អ.​ទៅ​ដល់​ ៤៣១​លាន​ដុល្លារ​ទៅ​ឲ្យ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​អាហ្វ្រិក​នៅ​ឆ្នាំ​នេះ។

ក៏​ប៉ុន្ដែលោក​ ជែរឺមី​ គោនិនឌីក​ (Jeremy​ Konyndyk)​ បុគ្គលិក​នៃ​អង្គការ​ មឺស៊ី​ ឃរស៍​ (Mercy​ Corps)​ មាន​ទី​ស្នាក់​ការ​នៅ​ស.រ.អ.​ និយាយ​ថា​លោក​នៅ​តែ​ចង់​ឃើញ​វិភាគទាន​ពី​ក្រៅ​ប្រទេស​កើន​ច្រើន​ឡើង។

«ទោះ​បី​ចំនួន​ពិត​ប្រាកដ​នៃ​ជំនួយ​នោះ​មាន​ច្រើន​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ ហើយ​ថែម​ទាំង​មាន​ចំនួន​តិច​ជាង​មុន​យ៉ាង​ច្រើន​ បើ​លោក​អ្នក​ក្រឡេក​មើល​ទៅ​បី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​មានវិបត្ដិ​តិច​ជាង​ឥឡូវ​នេះ​នៅ​ក្នុង​តំបន់​ភាគ​ឦសាននៃ​ប្រទេស​អាហ្វ្រិក»។

ក្រុម​សកម្មជន​ជំនួយ​ក៏​និយាយ​ដែរ​ថា​ ការ​ខំ​ប្រឹង​ប្រែង​ផ្ដល់​ជំនួយ​រយ:​ពេល​យូរ​ រួម​មាន​ជំនួយ​កសិកម្ម​ដូច​ជា​ជំនួយ​បច្ចុប្បន្ន​របស់​ស.រ.អ.​ឈ្មោះ​ U.S.​ Feed​ the​ Future​ Initiative​ ឬ​«ការ​ផ្ដួច​ផ្ដើម​គំនិត​ចិញ្ចឹម​ពេល​អានាគត»​ ដែល​ជា​ញឹក​ញាប់​ណាស់​ត្រូវ​បាន​អួត​អាង​ថា​ជា​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ការ​អត់​ឃ្លាន​នៅ​ក្នុង​ពិភពលោក​ ជា​ញឹក​ញយ​ជាប់​ជំពាក់​នៅ​ក្នុង​ការិយាធិបតេយ្យ​ ហើយ​ខ្វះ​ការ​អនុវត្ដិ​ចាំ​បាច់​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព។

លោក​ រ៉ាជ​ សាហ៍​ (Raj​ Shah)​ អ្នក​រដ្ឋបាល​នៃ​ទីភ្នាក់​ងារ​ដើម្បី​ការ​អភិវឌ្ឍន៍​អន្ដរជាតិ​ (US​ Agency​ for​ International​ Development)​ និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ឥឡូវនេះ​ការ​ផ្ដោត​អារម្មណ៍​មាន​ទៅ​លើ​រយ:ពេល​ខ្លី​ជា​ថ្មី​ម្តង​ទៀត​ហើយ។

«ការ​ខំ​ប្រឹង​ប្រែង​នាំ​យក​ការ​អភិវឌ្ឍន៍​កសិកម្ម​ឲ្យ​មាន​បទដ្ឋាន​មួយ​ដែល​យើង​អាច​បំបាត់​អសន្ដិសុខ​ស្បៀង​អាហារ​បាន​ ជា​ការ​ខំ​ប្រឹង​ប្រែង​រយ:ពេល​យូរ។​ ហើយ​យើង​ដឹង​ថា​នៅ​ក្នុង​រយ:ពេល​ខ្លី​និង​ក្នុង​ពេល​មាន​វិបត្ដិ​នឹង​មហន្ដរាយ​ធ្ងន់​ធ្ងរ​ សមត្ថភាព​របស់​យើង​ក្នុង​ការ​នាំ​យក​ស្បៀង​អាហារ​ហើយ​នឹង​អាហារូបត្ថម្ភ​ទៅ​ឲ្យ​ជន​ដែល​ងាយ​ស្រួល​ទទួល​រងគ្រោះ​ គឺ​ជា​ខ្សែ​ការពារ​ជួរ​មុខ​របស់​យើង។​ យើង​ធ្លាប់​បាន​ឃើញ​ដូច្នេះ​ជា​ច្រើន​លើក​មក​ហើយ»។

នៅ​ពេល​ធ្វើ​ទស្សនកិច្ច​ថ្មីៗ​នេះ​ទៅ​ជំរំ​ជន​ភៀសខ្លួន​ជាតិ​សូម៉ាលី​នៅក្នុង​ប្រទេស​កេនយ៉ា​ មន្ដ្រី​ស.រ.អ.​រូប​នេះ​បន្ទោស​ ពួក​ឧទ្ទាម​ឥស្លាម​ អាល់​ សាបាប់​ (al-Shabab)​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ពួក​អាល់កៃដា​ ថា​ជា​អ្នកធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដ៏​អាក្រក់​បំផុត​ពី​ការ​រាំង​ស្ងួត។

«ហេតុ​យ៉ាង​ធំ​មួយ​ដែល​យើង​មាន​ទុរ្ភិក្ស​សព្វ​ថ្ងៃ​នេះ​ នៅ​តំបន់​ជាក់លាក់​នៃ​ប្រទេស​សូម៉ាលី​ គឺ​ដោយ​សារ​តែ​ពួក​អាល់​សាបាប់​ ហើយ​នឹង​អភិបាលកិច្ច​គ្មាន​ប្រសិទ្ធិភាព​នៅ​ប្រទេស​សូម៉ាលី​ ហើយ​នឹង​ការ​មិន​អាច​នាំ​យក​ជំនួយ​មនុស្សធ៌ម​ឲ្យ​បាន​ទៅ​ដល់​ទី​កន្លែង​ជាក់​លាក់​ទាំង​នោះ។​ វា​មិន​មែន​ជា​ចៃ​ដន្យ​ទេ​ ដែល​សហគមន៍​អន្ដរជាតិ​ប្រកាស​ដាក់​ភូមិសាស្ដ្រ​ជាក់​លាក់​ ថា​ជា​តំបន់​មាន​ទុរ្ភិក្ស​ជា​ផ្លូវ​ការ​នោះ​ គឺ​ត្រូវ​ចំ​លើ​តំបន់​ដែល​ក្រុម​ផ្ដល់​ជំនួយ​មនុស្សធ៌ម​មក​ពី​ប្រទេស​ទាំង​អស់​ក្នុង​ពិភព​លោក​ មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​កន្លែង​ទាំង​នោះ»។

ក្រុម​អ្នក​ដឹក​នាំ​ពួក​ អាល់សាបាប់​ បាន​និយាយ​ថា​ សេចក្ដី​ប្រកាស​ទុរ្ភិក្ស​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​គេ​ ជា​ការ​ឃោសនា​ខុស​ទេ​ ដែល​មាន​គោលដៅ​ចង់​បណ្ដាល​ឲ្យ​ពលរដ្ឋ​ភៀស​ចេញ​ពី​កន្លែង​រស់​នៅ​របស់​ពួក​គេ។

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រុម​ អាល់​សាបាប់​ និយាយ​ថា​ ពួក​សកម្មប្រយុទ្ធ​ នឹង​អនុញ្ញាត​ឲ្យ​តែ​ទី​ភ្នាក់ងារ​អន្ដរជាតិ​ណា​ដែល​ធ្វើការ​នៅ​ក្នុង​តំបន់​ការ​ពារ​រឹងមាំ​របស់​ខ្លួន​អាច​បង្កើន​ជំនួយ​បាន​ មិន​មែន​ពី​អង្គការ​ដែល​ខ្លួន​បាន​ហាមប្រាម​តាំង​ពី​ឆ្នាំ​២០០៩​ទេ។​ ក៏​ប៉ុន្ដែ​លោក​មិន​បាន​និយាយ​ជាក់លាក់​អំពី​ឈ្មោះ​អង្គការ​ណា​មួយ​ឡើយ។​ រដ្ឋាភិបាល​នៃ​ប្រទេស​សូម៉ាលី​បាន​ថ្កោល​ទោស​គោល​នយោបាយ​របស់​ពួក​ អាល់​សាបាប់​។

ក្រុម​សកម្មជន​ជំនួយ​និយាយ​ថា​ ច្បាប់​ស.រ.អ.​ ដែល​រារាំង​មិន​ឲ្យ​ចាយ​វាយ​ប្រាក់​របស់​រដ្ឋាភិបាល​ ទៅ​លើ​គម្រោងដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ជាក់​ស្ដែង​ទៅ​ឲ្យ​អង្គការ​ភេរវជន​ដូច​ជា​ពួអាល់សាបាប់​ក៏​បាន​ធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​ការ​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌​រយ:​ពេល​យូរ​ ទៅ​នឹង​ការ​រាំង​ស្ងួត​ពីរ​ឆ្នាំ​នា​បច្ចុប្បន្ន​នេះ​ដែរ។

ទោះ​បី​ច្បាប់​របស់​ក្រសួង​រតនាគារ​មួយ​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០០៩​ក៏​ដោយ​ ក៏​ជំនួយ​ទៅ​ឲ្យ​ប្រទេស​សូម៉ាលី​ ដែល​មាន​ចំនួន​២៣៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៨​ បាន​ចុះថយ​មក​នៅ​៩៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩​ ហើយ​មក​នៅ​២៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។

លោក​ ជេ ពីទ័រ​ ហ្វាំ​ (J. Peter​ Pham)​ អ្នក​ជំនាញ​ខាង​កិច្ចការ​ភាគ​ឦសាន​នៃ​ទ្វីប​អាហ្វ្រិក​មាន​ទី​ស្នាក់​ការ​នៅ​សរអ​ និយាយ​ថា​ ក្រុម​ al-Shabab​ មិន​មែន​ជា​អង្គការ​ស្ថិត​នៅ​ក្រោម​របប​តែ​មួយ​ទេ​ ហើយ​ថា​គួរ​មាន​ការ​បន្ធូរ​ច្បាប់​នេះ​ ដើម្បី​ឲ្យ​អាច​ទប់ទល់​បាន​នឹង​កង​ជីវពល​មិន​និយម​ជ្រុល​ហួស​ពេក។

«ខ្ញុំគិត​ថា​ទ័ណ្ឌកម្ម​នេះ​ ជា​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​ការ​ចាប់​ពិរុទ្ធ​ខ្លួន​ឯង​ ទៅ​លើ​អង្គការ​ផ្ដល់​ជំនួយ។​ ដូច្នេះ​ ជា​លទ្ធផល​ ជំនួយ​មិន​ហូរ​ចូល​ទៅ​ដល់​ទី​កន្លែង​ដែល​មនុស្ស​រស់​នៅ​ទេ។​ ជំនួយ​នោះ​កំពុង​តែ​ហូរ​ចូល​ទៅ​កាន់​ទី​កន្លែង​ជាក់​លាក់​ខ្លះ​ ហើយ​ជួនកាល​ មនុស្ស​ត្រូវ​តែ​ដើរ​ជា​ច្រើន​ថ្ងៃ​ ទើប​ទៅ​ដល់​ទី​នោះ​ ហើយ​ជា​អកុសល​ មនុស្ស​ទាំង​អស់​ មិន​មែន​ទៅ​ដល់​គ្រាប់​គ្នា​ទេ»។

ក្រុម​សកម្មជន​ផ្ដល់​ជំនួយ​បាន​អំពាវនាវ​ឲ្យ​លើក​យក​បញ្ហា​នេះ​ទៅ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្ដិសុខ​អសប​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ត្រូវការ​សង្គ្រោះ​ជីវិត​ជា​បន្ទាន់​នៅ​តំបន់​ត្រួតត្រា​ដោយ​ពួក អាល់សាបាប់​ក្លាយ​ទៅ​ជា​អាទិភាព។​ អង្គការ​ផ្ដល់​ជំនួយ​មួយ​ចំនួន​បាន​សម្តែង​សេចក្តី​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ការ​ក្នុង​តំបន់​ដែល​ពួក​សកម្មប្រយុទ្ធត្រួត​ត្រា។

មន្រ្តី​ស.រ.អ​.ឲ្យ​ដឹង​ថា​ ពួក​គេ​គ្មាន​ការ​ទាក់ទង​ជា​មួយ​ពួក​អាល់សាបាប់​ទេ។​ លោក​ ចនី​ ការស៊ុន​ (Johnnie​ Carson)​ អនុ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ស.រ.អ. ទទួល​បន្ទុក​ខាង​កិច្ច​ការ​អាហ្វ្រិក​ ក៏​បាន​គូស​សង្កត់​ផង​ដែរ​ថា​រដ្ឋាភិបាល​ ស.រ.អ. នឹង​មិន​អនុញ្ញាត​ឲ្យ​ស្បៀង​អាហារ​ដែល​ទុក​បម្រុង​ឲ្យ​ជន​រង​គ្រោះ​ ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ក្រុម​ភេរវជន​អន្ដរជាតិ​មួយ​ទេ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG