ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ជំនួយ​បង្កើន​ការជួយ​សង្គ្រោះក្នុង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ម៉ូសំប៊ិក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ព្យុះ​ស៊ីក្លូន


More Aid Getting to Cyclone-Hit Mozambique Town of Buzi
សូម​រង់ចាំ

No media source currently available

0:00 0:01:41 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពីរ​សប្តាហ៍​បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​ដែល​មាន​ឈ្មោះ​ថា Idai បាន​បោកបក់​ទៅ​លើ​ប្រទេស​ម៉ូសំប៊ិក ពលរដ្ឋ​ក្នុង​ប្រទេស​នេះ មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មួយ​ចំនួន​បាន​ទេ ដោយសារ​តែ​ផ្លូវ​និង​ស្ពាន ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​ទឹក​ជំនន់។

អ្នកស្រី Sarah Chiar ដែល​មាន​អាយុ​៤២​ឆ្នាំ​ កំពុង​ចាកចេញ​ពី​ទីកន្លែង​កំណើត​របស់​អ្នកស្រី​ជាលើក​ដំបូង បន្ទាប់​ពី​ទីក្រុង Buzi ត្រូវ​បាន​បោកបក់​ដោយ​ខ្យល់​ព្យុះ​ស៊ីក្លូន Idai។

អ្នកស្រី​ Sarah បាន​និយាយ​ថា អ្នកស្រី​មិន​អាច​ស្វែង​រក​ជំនួយ​បាន​ឡើយ​កាលពីមុន ដោយសារតែ​នៅ​ពេល​ដែល​មាន​ទឹក​ជំនន់ អ្នកស្រី មាន​ជំងឺ​គ្រុន​ចាញ់ ហើយ​មិន​អាច​ចាកចេញ​ពី​ផ្ទះ​បាន។

អ្នកស្រី គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត ដែល​មាន​សំណាង​ដោយ​បាន​ទទួល​ជំនួយ។ ទីក្រុង​ Buzi ត្រូវ​បាន​កាត់​ផ្តាច់​ពី​ទីក្រុង​ឯទៀត​ក្នុង​ប្រទេស​ម៉ូសំប៊ិក បន្ទាប់​ពី​ផ្លូវ​ជាច្រើន​ត្រូវ​បាន​ទឹក​ជំនន់​បំផ្លិចបំផ្លាញ។

ទីភ្នាក់ងារ​ជំនួយ បាន​ចំណាយ​ពេល​ជិត​មួយ​សប្តាហ៍ ទើប​អាច​ចាប់​ផ្តើម​ដឹក​ជញ្ជូនម្ហូប​អាហារ​ទៅ​កាន់​ក្រុង​ Buziបាន។ ជំនួយ​ភាគច្រើន​ត្រូវ​បាន​នាំ​យក​តាម​ឧទ្ធម្ភាគចក្រ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ជំនួយ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទីនោះ តាម​ផ្លូវ​គោក។

អ្នក​ជំនួញ​ម្នាក់​ឈ្មោះ Ayub Fakirbai មាន​ហាង​អាជីវកម្ម​ចំនួន​បី​មុន ទឹក​ជំនន់​បាន​កើត​ឡើង។ ឥឡូវ​នេះ លោក​បាត់​បង់​គ្រប់​យ៉ាង។

លោក​បាន​និយាយ​ថា​ លោក​មាន​អារម្មណ៍​ថា​ រង​របួស​និង​អាម៉ាស់។ លោក​មិន​មាន​អ្វី​សេស​សល់​នោះ​ឡើយ ហើយ​សូម្បី​តែ​ការ​រក​ស្បៀង​អាហារ​ក៏​ជា​បញ្ហា​សម្រាប់​លោក​ដែរ។

គំនរ​បាក់​បែក​របស់​អគារបន្ទាប់​ពី​ខ្យល់​ព្យុះ​ស៊ីក្លូន​ Idai ដែល​បាន​កំទេច​ភូមិ Praia Nova ក្នុង​ទីក្រុង​ Beira កាលពី​ថ្ងៃទី០១ មេសា ឆ្នាំ២០១៩។
គំនរ​បាក់​បែក​របស់​អគារបន្ទាប់​ពី​ខ្យល់​ព្យុះ​ស៊ីក្លូន​ Idai ដែល​បាន​កំទេច​ភូមិ Praia Nova ក្នុង​ទីក្រុង​ Beira កាលពី​ថ្ងៃទី០១ មេសា ឆ្នាំ២០១៩។

នាង​ Sabe Magamboa និយាយ​ថា​ ព្យុះ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ភាព​ស្រេក​ឃ្លាន។

នាង​បាន​និយាយ​ថា​ នាង​មាន​តែ​ម្នាក់​ឯង មិន​អាច​ពឹងពាក់​អ្នកណា​បាន​ឡើយ។ នាង​និយាយ​ថា នាង​មាន​សាច់ញាតិ​មាន​ជំងឺ​ម្នាក់​នៅ​ផ្ទះ​ ហើយ​នាង​គ្មាន​កម្លាំង​ធ្វើការ​ទេ។ នាង​និយាយ​ថា អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​ដើរ​រក​ចំណី​អាហារ​ ហើយ​បើសិន​ជា​នាង រក​អង្ករ​បាន​មួយ​កំប៉ុង នាង​នឹង​ទៅ​ផ្ទះ​ហើយ​ដាំ​វា ហើយ​បរិភោគ​បាយ​នោះ​ជាមួយ​សាច់ញាតិ​នោះ។

ប្រជាពលរដ្ឋ​ម៉ូសំប៊ិក​ជាច្រើន​រយ​នាក់ ដែលបាន​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​ស៊ីក្លូន​នេះ គឺ​មក​ពី​ស្រុក Buzi។

អ្នក​រស់រាន​មាន​ជីវិត​ជាច្រើន ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ដើមឈើ និង​ដំបូល​ផ្ទះ។

នាង​ Rosa Mandjama និយាយ​ថា​នាង​បាន​ឡើង​ទៅ​ដំបូល​អគារ​មួយ​ បន្ទាប់ពី​គ្រប់​ទីកន្លែង​ទាំង​អស់​ដែល​នាង​គិត​ថា​មាន​សុវត្ថិភាព​ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ទឹក។

នាង​និយាយ​ថា ពួកគេ​បាន​ចេញ​ពី​ផ្ទះ​ហើយ​តម្រង់​ទៅ​កាន់​សាលារៀន ដែល​នៅ​ជិត​មួយ ប៉ុន្តែ​នៅ​ពេល​ដែល​ទឹក​ជំនន់​បាន​ហូរ​ចូល​ក្នុង​សាលារៀន​នេះ ពួកគេ​បាន​ទៅ​ស្ថានីយ៍​ប៉ូលិស ដែល​ស្ថិត​នៅ​លើ​ទី​ខ្ពស់ ហើយ​ទឹក​ក៏​បាន​ហូរ​ចូល​មក​ទៀត ដូច្នេះ​ពួកគេ ក៏​បាន​ប្តូរ​ទៅ​អគារ​ដែល​មាន​កម្ពស់​មួយ​ជាន់​ហើយ​ស្ថិត​នៅ​លើ​ដំបូល​នៃ​អគារ​នោះ។

ខណៈដែល​ទីក្រុង​នេះ កំពុង​ត្រូវ​បាន​ស្តារឡើង​វិញ​ពី​ការ​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​ស៊ីក្លូន Idai នេះ ប្រជាពលរដ្ឋ ១៥០.០០០ នាក់ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​មនុស្ស​ធម៌ ដើម្បី​អាច​បន្ត​ជីវិត​បាន សម្រាប់​ប៉ុន្មាន​ខែ​ខាង​មុខ៕

ប្រែសម្រួលដោយ ទុំ ម្លិះ

XS
SM
MD
LG