ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​អ្នក​នយោបាយ​ថា ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត​ដល់​ដំណាក់​កាល​គ្រោះថ្នាក់ តែ​ពលរដ្ឋ​បញ្ចេញ​មតិ​ប្រយ័ត្ន​ប្រយែង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទោះ​អ្នក​នយោបាយ​ថា ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត​ដល់​ដំណាក់​កាល​គ្រោះថ្នាក់ តែ​ពលរដ្ឋ​បញ្ចេញ​មតិ​ប្រយ័ត្ន​ប្រយែង

មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ កឹម សុខា​ ត្រូវ​ឃុំខ្លួន​នៅក្នុង​គុក​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​វៀតណាម​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«សន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស»​ ឬ​ក្បត់ជាតិ។​ ទោះ​ជា​ដំណើរការ​នេះ​កើតឡើង​មុន​ការ​បោះឆ្នោត​ឆ្នាំ២០១៨​ មែន ​តែ​សម្រាប់​ពលរដ្ឋខ្លះ​ក៏​ហាក់ដូច​ជា​បង្ហាញ​ប្រតិកម្ម​ប្រយ័ត្ន​ប្រយែង​នៅ​ឡើយ​ ទន្ទឹម​គ្នា​ដែល​មន្ត្រី​គណបក្ស​ជំទាស់​ថា​ នេះ​ជា​ដំណាក់កាល​ដែល​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត​ក្តី។

ពលរដ្ឋ​ជា​ប្រជាកសិករ​រស់នៅ​ក្បែរទី​ឃុំឃាំង​នោះ ​បាន​សម្តែង​មតិ​ថា ​លោក​គ្រាន់តែ​ចង់​បាន​ការ​ស្រុះស្រួល​គ្នា​រវាង​អ្នក​នយោបាយ​ ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ជូន។

«ខ្ញុំ​ចង់​បាន​តែ​ការ​អភិវឌ្ឍន៍​ប្រទេស​យើង​ទេ​ បើ​មាន​ការ​ស្រុះ​ស្រួល​គ្នា»។

ពលរដ្ឋ​ម្នាក់​ទៀត​និយាយ​ថា ​នឹង​បោះ​ឆ្នោត​តាម​ឆន្ទៈ។

«ធម្មតា​ អត់​មាន​ថា ​ចិត្តរេទេ​ ធម្មតា​តែម្តង ​បើ​ចិត្ត​យើង​ចង់​ទៅណា​ទៅហ្នុង​ហើយ (សំណើច)​ អត់​មាន​នរណា​បង្ខិត​បង្ខំ​ទេ‍»។

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

ក្រោយការ​ចាប់ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​កាលពី​យប់​ថ្ងៃទី២​ ឈាន​ដល់ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០១៧ ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ជា​សាធារណ​:ក្នុងពេល​ជួប​ជាមួយ​កម្មករ​កម្មការនី​ ដោយ​បង្ហាញ​អំពី​ខ្សែ​អាត់​វីដេអូ ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ២០១៣​ ទាក់ទង​នឹង​ការ​តស៊ូមតិ​ដើម្បី​ឈាន​ទៅ​ដល់​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត។

​លោក​ ហ៊ុន សែន ​បាន​ចាក់​ខ្សែ​អាត់​វីដេអូ​នោះ​បន្តិច​ ហើយ​អធិប្បាយ​បន្ត​ថា ​នេះ​ជា​អំពើ​ក្បត់​ជាតិ ​ដែល​លោក ​ហ៊ុន សែន បាន​ចោទ​ប្រកាន់​ស.រ.អា.​ថា​ប៉ុនប៉ង​ប្រើប្រាស់​លោក​ កឹម សុខា​ ផ្តួល​រំលំ​រដ្ឋាភិបាល ​ដូច​លោក​សេនា​ប្រមុខ ​លន់ នល់ ​ផ្តួល​រំលំ​សម្តេចឳ​កាលពី​ឆ្នាំ​១៩៧០។

«(សម្លេង​ខ្សែអាត់​សម្តី​លោក​ កឹម សុខា គេ​ប្តូរ​បាន​ដោយសារ ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង​ហើយ​គេ​យក​បទពិសោធន៍​ហ្នឹង​មក​ឲ្យខ្ញុំ​ធ្វើនៅ​ស្រុកខ្មែរ)។​ អំពើ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស ​ក្បត់ជាតិ​ខ្លួនឯង។​ អាមេរិកាំង​ធ្វើ​រឿង​នេះ​ជាមួយ​ លន់ នល់ ​ឥឡូវ​អាមេរិកាំង​ក៏​ធ្វើ​រឿង​នេះ​ ជាមួយ​កឹម សុខា។ បងប្អូន​ជនរួម​ជាតិ​មេត្តា​ស្ងប់ស្ងាត់​ ទុក​ឲ្យ​តុលាការ​ចាត់​ការ​រឿងនេះ​តាមផ្លូវ​ច្បាប់‍»។

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ស្រី មួ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ពី​ទង្វើ​ចុងក្រោយ​របស់​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​ជា​ការ​បង្ក្រាប​គណបក្ស​ជំទាស់​មិនឲ្យ​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។

«សេនារីយោ​គឺ​ត្រូវដក​លោក កឹម សុខា ​ចេញ​ពី​ការ​ប្រកួត​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ គេ​បាន​បណ្តេញ​លោក ​សម រង្ស៉ី ​អតីត​ប្រធា​នគណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ ហើយ​ឥឡូវ​នេះ​ ចាប់​លោក ​កឹម សុខា ​ទៀត‍។​ អ្វី​ដែល​គ្រោះថ្នាក់​ពិតប្រាកដ​នោះ​គឺ​ប្រជាធិបតេយ្យ»។

ទោះជា​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក ​កឹម សុខា​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ​ម្ចាស់​ជំនួយ​ធំៗ​ជាពិសេស​ ស.រ.អា.​ ដែល​ព្រួយ​បារម្ភ ​និង​ចោទ​ជា​សំណួរ​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្តី ​តែ​ប្រទេស​ចិន​បាន​គាំទ្រ​ទង្វើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​ចាត់​ទុក​ថា ជា​ការ​ការពារ​ដល់​សន្តិសុខ​ជាតិ។

ពលរដ្ឋខ្មែរ​និង​ក្រុម​អ្នក​គាំទ្រ​លោក​ កឹម សុខា ​មិន​ទាន់​ឃើញ​មាន​ការ​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​ទេ​ ដែល​ទំនង​ជា​តាមអ្វី​ដែល​លោក​ស្រី ​មូរ សុខហួរ ​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រកាន់​មធ្យោបាយ​អហិង្សា​ ដើម្បី​ដោះស្រាយ​បញ្ហា។

ទោះជា​យ៉ាងណា​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដូចជា​ស.រ.អា.​ បាន​អះអាង​ចាប់​ផ្តើម​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ នៅមុន​ពេល​បោះឆ្នោត។ បន្ត​បន្ទាប់​ទៀត​ក៏​នឹង​មាន​បាតុកម្ម​នៅ​ប្រទេស​បារាំង​ អូស្ត្រាលី​ កាណាដា​និង​ប្រទេស​ផ្សេងៗ​ទៀត​ព្រមៗ​គ្នា៕

XS
SM
MD
LG