ការមិនមានលទ្ធភាពបង់ប្រាក់ពិន័យ បណ្ដាលឲ្យការពិន័យកើនឡើង ហើយការណ៍នេះជាធម្មតាបានធ្វើឲ្យសហគមន៍ជនក្រីក្រ ប្រឆាំងនឹងការអនុវត្តច្បាប់។ នៅក្នុងទីក្រុង Ferguson រដ្ឋ Missouri ការបាញ់សម្លាប់យុវជនស្បែកខ្មៅគ្មានអាវុធម្នាក់ កាលពីប្រាំឆ្នាំមុន បានធ្វើឲ្យសហគមន៍ និងប៉ូលិសវាយតម្លៃលើចំណុចនេះ ក៏ដូចជាបានបង្កឲ្យមានការជជែកគ្នាពេញផ្ទៃប្រទេសផងដែរ។
កាលពីមុនទីក្រុង Ferguson ពលរដ្ឋមានជម្លោះជាមួយប៉ូលិស។ ប៉ុន្តែឥឡូវនេះអ្វីៗប្រែមកជាធម្មតា។
ប៉ូលិសនៅតែផាកអ្នកជិះម៉ូតូល្មើសច្បាប់។ ប៉ុន្តែលែងមានទៀតហើយនៅផ្នត់គំនិតមួយដែលថាប៉ូលិសក្រុង Ferguson គិតថាប្រជាពលរដ្ឋស្បែកខ្មៅ ជាប្រភពចំណូលដ៏មានសក្ដានុពល។
អ្នកស្រី LATASHA BROWN ប្រធានសមាគម Ferguson ប៉ែកអាគ្នេយ៍បាននិយាយថា៖ «ជាជាងការផាកពិន័យជាទឹកប្រាក់ ពួកគេព្យាយាមបង្កើតកម្មវិធីដែលជួយដល់ពួកយើង ជាជាងបង្កលក្ខណៈលំបាកដល់សហគមន៍ពួកយើង»។
នៅក្នុង ២០១៤ មន្ត្រីប៉ូលិសស្បែកសបានបាញ់សម្លាប់យុវជនស្បែកខ្មៅ Michael Brown ដែលបង្កឲ្យផ្ទុះការតវ៉ាជាច្រើនសប្ដាហ៍ ដែលការណ៍នេះធ្វើឲ្យការចាប់អារម្មណ៍ទៅលើវិធីដែលទីក្រុង Ferguson និងទីក្រុងផ្សេងៗទៀត ដាក់ទណ្ឌកម្មលើសហគមន៍អ្នកក្រ តាមរយៈការពិន័យហួសហេតុ។
លោក Wesley Bell អតីតសកម្មជនម្នាក់ និងសមាជិកក្រុមប្រឹក្សាប្រចាំទីក្រុង Ferguson ដែលបានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីឆ្នាំទៅ និងបានក្លាយខ្លួនជាប្រធានរដ្ឋអាជ្ញាប្រចាំស្រុក St. Louis ស្បែកខ្មៅដំបូងបំផុត។
លោកប្រធានរដ្ឋអាជ្ញារូបនេះបាននិយាយថា៖ «នៅពេលដែលលោកអ្នកសម្លឹងមើលរឿងនេះក្នុងទ្រង់ទ្រាយធំ ទីក្រុង Ferguson មិនមានជាទីក្រុងមួយដែលប្រព្រឹត្តិបទឧក្រិដ្ឋអាក្រក់បំផុតនោះទេ។ នៅទីក្រុង Ferguson នៅពេលដែលអ្នកធ្វើអ្វីមួយអវិជ្ជមាន ឬវិជ្ជមាន រឿងត្រូវបានគេសម្គាល់ទុកជារឿងរបស់ទីក្រុង ប៉ុន្តែជាធម្មតាវាត្រូវបានគេសម្គាល់ថាជារឿងរបស់ប្រទេសជាតិទាំងមូល។ ដូច្នេះខ្ញុំគិតថា វាជាឱកាសមួយ ដើម្បីអនុវត្តការផ្លាស់ប្ដូរនេះ និងធ្វើកំណែទម្រង់ ដែលអាចឆ្លុះបញ្ចាំងទូទាំងប្រទេស»។
រដ្ឋនានាត្រូវបានគេកត់សម្គាល់ទូទាំងប្រទេស។ ចំនួនទឹកប្រាក់ផាកពិន័យត្រូវបានដាក់កំណត់មិនឲ្យលើសពី ២០% នៃប្រាក់ចំណូលនៃទីក្រុងនីមួយៗ ក្នុងរដ្ឋ Missouri។ រដ្ឋ Texas បានចេញច្បាប់មួយ ដែលតម្រូវឲ្យចៅក្រម វាយតម្លៃទៅលើលទ្ធភាពបង់ប្រាក់ផាកពិន័យ នៅពេលកាត់ទោស។
អ្នកស្រី Lisa Foster សហប្រធានមជ្ឈមណ្ឌលយុត្តិធម៌នៃការផាកពិន័យនិងទឹកប្រាក់ផាកពិន័យ បាននិយាយថា៖ «យើងបានមើលឃើញកំណែទម្រង់។ វានឹងមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយើងដំណើរការទៅមុខ»។
ក្នុងចំណោមអ្វីដែលកំពុងដំណើរទៅមុខនេះរួមមាន៖ «តុលាការឈប់ចាប់ពលរដ្ឋដាក់ពន្ធនាគារដោយសារមិនបានបង់ប្រាក់ពិន័យ»។
ហើយរដ្ឋ ៦ ផ្សេងទៀតបានបញ្ឈប់ការព្យួរប័ណ្ណបើកបរដោយសារការមិនបានបង់ប្រាក់ពិន័យ។ នៅក្នុងខែ កញ្ញា មនុស្សជិតមួយលាននាក់នៅក្នុងរដ្ឋ Texas នឹងទទួលបានប័ណ្ណបើកបររបស់ពួកគេមកវិញ។
នៅក្នុងទីក្រុង Ferguson បញ្ហាឧក្រិដ្ឋកម្មព្រហ្មទណ្ឌដែលបានបង្ហាញដោយការស្លាប់របស់យុវជន Brown មិនទាន់ត្រូវបានគេបំភ្លេចឡើយ។ របាយការណ៍មួយបានចេញផ្សាយក្នុងពេលថ្មីៗនេះថា រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋ Missouri បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ វិសមភាពនៃការផាកពិន័យជនជាតិស្បែកស និងស្បែកខ្មៅមានការកើនឡើងក្នុងទីក្រុង Ferguson និងទូទាំងរដ្ឋ Missouri ទាំងមូល។
លោក Michael John Voss អ្នកការពារក្ដីប្រចាំទីក្រុង Arch បាននិយាយថា៖ «លោកអាចទៅទីនោះបានយប់នេះ ហើយអ្នកនឹងឃើញភាគច្រើនជាជនជាតិស្បែកតម្រង់ជួរចេញពីតុលាការ។ ទោះបីជាពួកគេមានចំនួនត្រឹម ៦៧% នៃចំនួនប្រជាជនសរុប ប៉ុន្តែ ៩៨% នៃពលរដ្ឋស្បែកខ្មៅទាំងនោះមានរឿងក្ដីក្ដាំក្នុងតុលាការ»។
ពលរដ្ឋនៅក្នុងទីក្រុង Ferguson និយាយថា ពួកគេប្ដេជ្ញាចិត្តដោះស្រាយបញ្ហានេះ ទោះបីជាទីក្រុងកំពុងតស៊ូអនុវត្តតាមកំណែទម្រង់របស់ក្រសួងយុត្តិធម៌៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា