ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​សហជីព​ថា​ EBA ​នៅ​តែ​សំខាន់​សម្រាប់​កម្ពុជា​ ទោះ​ត្រូវ​ឡើង​ទៅ​ជា​ប្រទេស​​មាន​ចំណូល​មធ្យម


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ក្រោយ​ពី​បិទ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​របស់​ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភាព​ជាដៃគូ​អន្តរជាតិ អ្នកស្រី Jutta Urpilainen បាន​លើក​ឡើង​ថា កម្ពុជា​ទំនង​នឹង​មិន​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខទំនិញ លើកលែង​សព្វាវុធ» EBA បន្ត​ទៀត​នោះ​ទេ ដោយ​សារ​តែ​កម្ពុជា​ត្រៀម​នឹង​ចាកចេញ​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម។

ទោះ​ជា​យ៉ាងណា​ក្តី ក្រុម​មេដឹកនាំ​សហជីព​មើល​ឃើញ​ថា កម្ពុជា​នៅ​តែ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៀត ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ការងារ​ក្នុង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ និង​ទ្រទ្រង់​ដល់​សិទ្ធិ​កម្មករ​និយោជិត។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី​ យ៉ាង សុភ័ណ្ឌ លើក​ឡើង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​សម្រាល​បន្ទុក​ជាច្រើន​សម្រាប់​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​កម្មករ។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ក្រឡេក​មើល​ថា​ ប្រសិន​បើ​ស្រុក​យើង​អត់​មាន​ប្រព័ន្ធ​នៅ​ក្នុង​ការ​អនុគ្រោះ​ពន្ធ​ទេ ខ្ញុំ​គិត​ថា​ជា​ផ្នែក​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ចំពោះ​បញ្ហា​ស្ថានភាព​នៃ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត និង​ស្ថានភាព​នៃ​ការងារ ព្រោះ​ខ្ញុំ​គិត​ថា ​យើង​អត់​ទាន់​អាច​មាន​អី​ទៅ​ប្រកួតប្រជែង​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក៏​ដូចជា​បណ្តា​ប្រទេស​អី​ផ្សេងៗ​ទេ យើង​នៅ​ពឹង​ទៅ​លើ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​ការ​ជួយ​ទៅ​លើ​កត្តា​នៃ​ការងារ​ហ្នឹង»។

ក្រោយដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Jutta Urpilainen នៅ​កម្ពុជា​ មេដឹកនាំ​សហជីព​ដែល​វីអូអេ​បាន​សម្ភាស​រំពឹង​ថា​ ការ​វាយ​តម្លៃ​របស់​អ្នក​ស្រី​លើ​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ឱ្យ​មាន​លទ្ធផល​វិជ្ជមាន​ នៅ​ក្នុងការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ក៏​ដូចជា​បន្ត​កិច្ច​សហប្រត្តិបត្តិការ​ជាមួយ​កម្ពុជា​ផង​ដែរ។

គណៈប្រតិភូរបស់សហភាពអឺរ៉ុប​ថតរូប​ជាមួយ​ជាមួយមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Facebook/European Union in Cambodia)
គណៈប្រតិភូរបស់សហភាពអឺរ៉ុប​ថតរូប​ជាមួយ​ជាមួយមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Facebook/European Union in Cambodia)

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ C-CAWDU លោក គង់ អាទិត្យ​ បន្ត​មើល​ឃើញ​ពី​សារៈសំខាន់​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBAក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ដែល​កម្រិត​ចំណូល​របស់​កម្មករ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ទាប។ ប៉ុន្តែ​លោក​ថា សហភាព​អឺរ៉ុប​អាច​សម្លឹង​មើល​ជម្រើស​ផ្សេង​ដែល​អាច​ជួយ​ទ្រទ្រង់​កម្មករ​កម្ពុជា​ឱ្យ​បាន​រស់​នៅសមរម្យ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗរបស់​កម្មករ​ នៅ​ពេល​ប្រទេស​នេះ​ ចាក​ចេញ​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច។ ​

លោក​ថ្លែង​ថា៖ «យើង​បាន​ព្យាយាម​ដោះស្រាយ​កន្លង​មក​ហើយ​វា​អត់​មាន ហើយ​ប្រសិន​បើ​យើង​នៅ​បន្ត​ប្រើ​យន្តការ​ដាក់​សម្ពាធ​ត​ទៅ​មុខ​ទៀត​ខ្ញុំ​គិត​ថា​វា​នៅ​តែ​ដដែល។ អ៊ីចឹង​សម្រាប់​អ្វី​ដែល​យើង​ចង់​ធ្វើ​ឱ្យ​ល្អ​ដូចជា​យើង​រក​ចក្រ​ណា​ដើម្បី​បើក​ចក្រ​មួយ​ឱ្យ​មាន​ការ​រីកចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​ចរចា​ក្នុង​កម្រិតៗ​រហូត​ទៅ​ដល់​ភាគី​ទាំង​សង​ខាង​អាច​ចរចា​គ្នា​អាច​ទុកចិត្ត​គ្នា​បាន»។

យ៉ាងណាមិញ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​អ្នកស្រី​ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភាព​ជាដៃគូ​អន្តរជាតិ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​ផ្លាស់​រដ្ឋាភិបាល​ថ្មី​បាន​ជាង​៦ខែ ដោយ​វត្តមាន​របស់​អ្នកស្រី Jutta Urpilainen បាន​ផ្តោត​សំខាន់​លើ​ការ​បន្ត​កិច្ច​សហការ​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ អ្នកស្រី ​Urpilainen បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ និង​យូរ​អង្វែង​ជាមួយ​នឹង​សហភាព​អឺរ៉ុប​បានអភិវឌ្ឍ​ខ្លួន​ឱ្យ​ចាកចេញ​ពី​ភាព​ក្រីក្រ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​សហភាព​អឺរ៉ុប​ពិត​ជា​អបអរ​ចំពោះ​វឌ្ឍនភាព​នេះ។

អ្នកស្រី​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ក្រឡេក​មើល​ទាំងអស់​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង ២០ ឆ្នាំ​កន្លង​មក​នេះ យើង​បាន​គាំទ្រ​ជាពិសេស​ដល់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ដែល​ពួក​យើង​បាន​ផ្តល់​ជាង ២០០ លាន​អឺរ៉ូ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​ជា​ចម្បង»។

អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី​១២ ខែមីនា​ ហើយ​នៅ​ក្នុង​ជំនួប​នោះ​អ្នកស្រី និង​លោក​នាយករដ្ឋមន្រ្តី​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​រួមមាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បញ្ហា​នយោបាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់​ថា កម្ពុជា​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម ​ដូច្នេះ​កម្ពុជា​អាច​នឹង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី​មួយ​ទៀត​ហៅ​ថា GSP Plus ​ប៉ុន្តែ​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ និង​លក្ខខណ្ឌ​ការងារ​អន្តរជាតិ​ជា​មុន​សិន។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

អ្នកស្រី​ថ្លែង​ថា៖ «នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់ ហើយ​យើង​ក៏​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ផង​ដែរ​ក្នុង​អំឡុង​ពេល​អន្តរកាល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យើង​អាច​ផ្តល់​ជំនួយ​បច្ចេកទេស​ផង​ដែរ​ប្រសិន​បើ​ត្រូវការ ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​យល់ និង​ចាំបាច់​ត្រូវ​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ជាក់លាក់​មួយ ប្រសិន​បើ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ចង់​ទទួល​បាន​អត្ថប្រយោជន៍​ពី GSP Plus»។

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP Plus តម្រូវ​ឱ្យប្រទេស​ដែល​ស្នើសុំ​ គោរព​ទៅ​តាម​លក្ខខណ្ឌ​គោល​៤ ពាក់ព័ន្ធ​រួមមាន សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​ បរិស្ថាន និង​អភិបាលកិច្ច​ល្អ។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​៨​ដែល​កំពុង​ទទួល​បាន​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដែល​មាន​ដូច​ជា​ប៉ាគីស្ថាន​ ស្រីលង្កា និង​ហ្វីលីពីន​ជាដើម។ នេះ​បើ​តាម​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប។ ​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​នយោបាយ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP Plus។

លោក​ថ្លែង​ថា៖ «ខណៈ​ពេល​ដែល​យើង​កំពុង​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ត្រួត​ពិនិត្យ​នូវ​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​នៅ​ពេល​កន្លង​មក ហើយ​យើង​កំពុង​តែ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ទទួល​នូវ​លក្ខខណ្ឌ​ថ្មី​មួយ​បន្ថែម​ទៀត​នោះ ខ្ញុំ​គិត​ថា ​ប្រសិន​ជា​លក្ខខណ្ឌ​ចាស់​នៅ​ក្នុង​ឋានានុក្រាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មិន​ទាន់​បាន​ធ្វើ​ប្រសើរ​ឡើង អ៊ីចឹង​ពិបាក​សម្រាប់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​ឱកាស​ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP Plus របស់​សហភាព​អឺរ៉ុប»។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ប្រាប់​វីអូអេ​ថា ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្វាគមន៍​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មិន​ថា ​ក្នុង​តំបន់ និង​បណ្តា​ប្រទេស​ផ្សេង​ក៏ដោយ។

លោក​បន្ត​ថា ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៣២​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ១.២ពាន់​លាន​ដុល្លារ ហើយ​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​មករា ឆ្នាំ​២០២៤ ដែល​មាន​រយៈពេល​៦ខែ កម្ពុជា​បាន​អនុម័ត​គម្រោង​ជាង​៤ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចេញ​ផលិត​ផល​វាយនភ័ណ្ឌ​ប្រមាណ ១.៦ ពាន់​លាន​ដុលា្លរ​ក្នុង​រយៈពេល​២ខែ​ក្នុង​២០២៤​នេះ។

បើ​តាម​កំណើន​នៃ​ គម្រោង​វិនិយោគ និង​ការ​នាំ​ចេញ​នេះ លោក​យល់​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០២៤ បើ​ទោះ​បី​ជា​កម្ពុជា​រង​ការ​កាត់​បន្ថយ​២០%​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ក៏​ដោយ។

លោក​ថ្លែង​ថា៖ «បើ​យើង​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ឃើញ​ថា​កម្ពុជា​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ​ជាងគេ ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​វាយ​តម្លៃ​ជារួម​ថា​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​កើន​ឡើង​ជាង​៦% ហើយ​កម្ពុជា​នឹង​ក្លាយ​ជា​ដែល​មាន​ចំណូល​កម្រិត​មធ្យម​នា​ពេល​ខាង​មុខ ដូច្នេះ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ស្រេច​ហើយ​ទោះ​បី​ជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA យ៉ាង​ណា​ក៏ដោយ»។

សហភាព​អឺរ៉ុប​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ វិស័យ​ឧស្សាហកម្ម វិស័យ​អប់រំ​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិស័យ​សុខាភិបាល​ផង​ដែរ។ នេះ​បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អំឡុង​ពេល​ដែលអ្នកស្រី​ស្នងការ Jutta Urpilainenមាន​វត្តមាន​នៅ​កម្ពុជា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ និង​សហភាព​អឺរ៉ុប​ ក៏​បាន​ចាប់​ផ្តើម​យុទ្ធនាការ​នៃ​គំនិត​ផ្តួចផ្តើម​ក្រុម​អឺរ៉ុប​ចំនួន​ពីរ​សម្រាប់​កម្ពុជា ដោយ​មួយ​ផ្នែក​ផ្តោត​លើ​ «កសិពាណិជ្ជកម្ម​បៃតង​ និង​ការងារ​សមរម្យ» ដែល​មាន​ទឹក​ប្រាក់​ប៉ាន់​ស្មាន​ប្រមាណ ​១,១ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​មួយ​ផ្នែក​ទៀត​ផ្តោត​លើ​«រោងចក្រ​បៃតង​ និង​ការងារ​សមរម្យ»​ ដែល​មាន​ទឹក​ប្រាក់​ប៉ាន់ស្មាន​ប្រមាណ ​៤៣០​ លាន​ដុល្លារ​អាមេរិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG