ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាហ្វកានីស្ថាន៖ «ការ​អធិប្បាយ​អវិជ្ជមាន» ឬ​​ជា​បញ្ហា​ពិត​?


មន្ទីរបញ្ចកោណ​ឲ្យដឹង​ថា​ សេចក្តី​រាយការណ៍​ស្តី​ពី​អំពើ​ហឹង្សា អំពើ​ពុក​រលួយ កង​កម្លាំង​សន្តិសុខមូលដ្ឋាន​មាន​គុណភាព​អន់​ខ្សោយ​ និង​ការ​រីក​ចម្រើន​ដ៏​យឺត​យ៉ាវ​ជាង​ការរំពឹងទុក​នៅ​ភាគ​ខាង​ត្បូង​ ប្រទេស​អាហ្វកានីស្ថាន​ កំពុង​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដែល​មាន​ភាពអវិជ្ជមានច្រើន​ហួស​ហេតុ​ទៅ​លើ​ប្រទេស​នេះ​ទាំងមូល​។ ប៉ុន្តែ​មន្រ្តី​មួយ​ចំនួនបាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៅ​ក្នុងប្រទេសមាន​ស្ថេរភាពបង្គួរ​ ឬមានការ​រីក​ចម្រើនយឺតៗ​ឆ្ពោះ​ទៅ​រកស្ថេរភាព។

នៅ​ឯ​សវនាការ​មួយ​របស់​ព្រឹទ្ធ​សភា​កាល​ពី​សប្តាហ៍​មុន​ លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិសហរដ្ឋ​អាមេរិក​ រ៉ូប៊ឺត ហ្គេតស៍ (Robert Gates) បានសម្តែង​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែលលោក​យល់​ឃើញ​ថា​ ជា​ការ​បង្ហាញ​មិន​ត្រឹម​ត្រូវ​ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា​ ការ​អធិប្បាយ​កាល​ពី​សប្តាហ៍​មុនៗ ហើយ​មើល​ទៅប្រហែល​ជាដោយ​សារ​តែ​មាន​មហន្តរាយ​ច្រើន​ជាង​មុន​ ព្រម​ទាំងកត្តា​ផ្សេងៗ​ទៀត​ មាន​ភាព​អវិជ្ជមាន​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា​ យើង​មានការ​ផ្តួចផ្តើម​ឡើង​វិញ​ហើយ។​ ខ្ញុំ​គិត​ថា​ យើង​កំពុង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ»។

ក្រោយមក​លោក​ ហ្គេតស៍ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ម្នាក់​របស់ព័ត៌មាន ហ្វក់ស៍ (Fox News) ថា​ ​ព័ត៌មាន​ចេញ​មក​ពី​ប្រទេស​អាហ្វកានីស្ថាន​ គឺ «មិន​ពេញ​លេញ »ទេ​ និង​ជា​ផ្នែក​មួយ​នៃ​អ្វី ដែល​លោកហៅ​ថាជា « ការ​ប្រញាប់​ធ្វើ​ការ​វិនិច្ឆ័យ» មុន​ពេល​ដែល​កងកម្លាំងបន្ថែម​ទាំងអស់បាន​ទៅ​ដល់ និងយុទ្ធសាស្ត្រថ្មីត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការទាំង​ស្រុង។ លោក​សុំ​ទុក​ពេល​វេលា ដើម្បី ឲ្យ​យុទ្ធសាស្រ្ត​នេះ​ដំណើរ​ការ ហើយ​លោក​បាន​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា​នឹង​ទទួល​បាន​ភស្តុតាង​ច្បាស់​លាស់​ស្តី​ពី​រឿង​នេះនៅ​ត្រឹមដំណាច់​ឆ្នាំ​នេះ។

លោក​ចេហ្វ ម៉ូរ៉េល (Geoff Morrell) មន្រ្តី​ព័ត៌មាន​របស់​មន្ទីរ​បញ្ចកោណនិយាយថា លោក​ហ្គេតស៍ មិនបន្ទោស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយទេ។ លោក​បន្ត​ថា៖

« ខ្ញុំមិន​ដឹង​ថា គាត់​ស្តី​បន្ទោស​នរណា​ម្នាក់​ជា​ពិសេស​នោះ​ទេ។ វា​ហាក់​ដូច​ជា​រឿង​ធំ​ដុំ​ គឺមិនត្រឹម​តែមានភាព​មន្ទិល​សង្ស័យ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​ភាព​ចំអក​ឡកឡឺយច្រើន​ផង​ដែរ ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើងទាក់​ទង​នឹងប្រតិបត្តិការ​របស់​យើង​នៅទីនោះ​ និង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​វិនិច្ឆ័យ​ទុក​មុន​ចំពោះ​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​នេះ»។

អ្នក​យក​ព័ត៌មាន​មួយ​ចំនួនបាន​ចាត់​ទុក​ការអធិប្បាយ​របស់​លោករដ្ឋមន្រ្តី​ ថា​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ការ​ងារ​របស់​ពួក​គេ។

«តាមពិត ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ»។

លោក​ស្រី ដាហ្វនេ បិនណ័ត (Daphne Benoit) ជា​អ្នកយកព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ អាហ្សង់ ហ្រ្វង់​ប្រេស (Agence France Presse) ទើប​តែ​បាន​ចំណាយ​ពេលពីរ​សប្តាហ៍ ដើម្បី​ធ្វើ​សេចក្តី​រាយ​ការណ៍​ស្តីពី​កង​កម្លាំង​សហរដ្ឋអាមេរិក​ និង​អង្គការ​ណេតូនៅ​ក្នុង​ទី​ក្រុងកាន់ដាហារ (Kandahar) ដែល​ជាទីក្រុង​សំខាន់​ភាគ​ខាងត្បូងរបស់​អាហ្វកានីស្ថាន​។ លោក​ស្រី​និយាយ​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រមាថ​មើល​ងាយ​បន្តិច​ដែរ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ ដោយ​សារ​តែ​យើង​បាន​ប្រថុយជីវិតចូល​ទៅ​កាន់​កន្លែង​មួយ​ដ៏គ្រោះថ្នាក់​បំផុត​ ដើម្បី​ព្យាយាមរាយការណ៍​ឲ្យ​បាន​ច្បាស់​លាស់​បំផុត​តាម​ដែល​អាច​ធ្វើទៅបានចំពោះ​អ្វី​ដែល​កំពុង​កើតមាន​ឡើង​ក្នុង​អំឡុង​សង្រ្គាម​នេះ​ ហើយ​រាយការណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បាន អំពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ទៅ​លើ​បុរស និង​ស្ត្រី​ក្នុង​ឯកសណ្ឋាន​ និងចំពោះ​ភាព​រីក​ចម្រើន​នានា ដែល​ត្រូវ​បាន​ធ្វើ​ឡើងដែរ​ឬ​យ៉ាងណា។ ដូច្នេះ ខ្ញុំ​គិត​ថា​នោះ​ជា​ការ​វិនិច្ឆ័យ​មិន​យុត្តិធម៌ចំពោះ​ពួក​យើង»។

អ្នក​យក​ព័ត៌មាន​ដែល «បង្កប់​ខ្លួន» នៅ​ក្នុង​អង្គភាព​យោធា​ មាន​ឱកាស​ផ្តល់​រឿង​រ៉ាវ​លម្អិតទាំង​ឡាយអំពី ការ​ប្រឈម​មុខ​របស់ កងទ័ព និង​ការ​រីក​ចម្រើន​ ដែល​ពួក​គេ​បាន​ធ្វើឡើងខាង​វិស័យ​សន្តិសុខ ការ​បង្ហាត់​កង​កម្លាំង​អាហ្វកានី​ស្ថាន​ និង​បេសកកម្ម​សំខាន់​ជាច្រើន​ទៀត។ ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​ទទួល​ស្គាល់​ថា នៅ​ពេល​រស់​នៅ​តាម​មូលដ្ឋាន​តូចៗ​នៅ​កាន់ដាហារ ឬ​នៅ​តាម​ប៉ុស្តិ៍​នៅ​លើវាល​ខ្សាច់​ក្នុង​តំបន់​ដាច់​ស្រយាល សេចក្តីរាយការណ៍​របស់​ពួក​គេ​ប្រហែល​ជា​មិន​មាន​ព័ត៌មាន​ទូលំ​ទូលាយ ពី​ទីបញ្ជាការ​ថ្នាក់​តំបន់​ ឬ​ថ្នាក់ជាតិឡើយ។

ប៉ុន្តែ​លោកស្រី បិន​ណ័ត និយាយ​ថា​ ការ​ទៅ​កាន់​កន្លែង​ដែល​មានសកម្មភាព​ដូចនៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វកានីស្ថាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺមិន​គ្រាន់​តែស្របច្បាប់ប៉ុណ្ណោះទេ​ ប៉ុន្តែវាសំខាន់ណាស់។

« ខេត្ត​នេះ​ជា​ខេត្តគន្លឹះចំពោះ​ប្រទេស​អាហ្វកានីស្ថាន។ ដូច្នេះ ខ្ញុំ​គិត​ថា វាមិន​មែន​ជា​ការ​បកស្រាយ​ខុស​ពី​ការ​ពិតក្នុង​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ខេត្ត​មួយ​នេះ​នោះ​ទេ។ ហើយ​នៅ​ក្នុង​ខេត្ត​នេះ​ ជាពិសេស មាន​បញ្ហា​សន្តិសុខ​កើត​ឡើងច្រើន។ ប្រជា​ពលរដ្ឋ​មិន​មាន​អារម្មណ៍ ថា​មាន​សុវត្ថិភាព​ទេ​នៅ​ក្នុង​ទីក្រុង​នេះ ។ អភិបាល​ក្រុងត្រូវ​បានសម្លាប់។ ក្នុង​សប្តាហ៍​ដែល​ខ្ញុំ​នៅ​ទី​នោះ​ ទាហាន​៣០​នាក់​របស់​អង្គការណេតូ​ត្រូវ​បាន​សម្លាប់។ នេះ​ជា​ការ​ពិត​របស់​សង្រ្គាមនេះ​ ហើយ​អ្នក​ត្រូវ​តែ​រាយការណ៍​អំពី​រឿង​រ៉ាវ​ទាំង​នេះ»។

លោកចេហ្វ ម៉ូរ៉េល យល់​ស្រប​ថា​ វា​ជា​ការ​សំខាន់​ក្នុង​ការ​យក​ព័ត៌មាន​នៅ​ទីក្រុង​កាន់ដាហារ​ និង​ខេត្ត​ហេលម៉ានដ៍ (Helmand)​ដែល​នៅ​ក្បែរ​នោះ​ ដែល​ជា​ទីតាំង​រឹង​មាំ​របស់​ពួក​តាលីបាន។

«ខ្ញុំ​មិន​មែន​មាន​ន័យ​ថា​មិន​ឲ្យ​មាន​អ្នក​ណា ទៅ​យក​ព័ត៌មាន​ពី​កន្លែង​ទាំង​ពីរនេះទេ។ នោះ​ជា​ទី​កន្លែង​ដែលយើងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។ នោះ​ជា​កន្លែងដែល​កង​កម្លាំង​របស់​យើង​ភាគ​ច្រើនកំពុង​ត្រូវ​បាន​បញ្ជូន​ទៅ។ ហើយកង​កម្លាំង​ទាំង​នេះសំខាន់ ណាស់​សម្រាប់​លទ្ធផល​នៃ​ជម្លោះ​នេះ។​ អ្នក​ដឹង​ទេថា​ ជួន​កាល​ខ្ញុំ​មិន​គ្រាន់​តែ ស្វែង​រកបរិបទ​ធំ​ធេងនោះ​ទេ»។

លោក​រដ្ឋមន្រ្តី ហ្គេតស៍ បាន​ប្រដូច​សភាពការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន​ ទៅ​នឹង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​បីឆ្នាំ​មុន​ នៅ​ពេល​ចាប់​ផ្តើម​យុទ្ធសាស្រ្ត​ថ្មី​នៅ​ទី​នោះ​ ដែល​ជា​យុទ្ធសាស្រ្ត​មួយ​ ដែល​ក្រោយ​មកបាន​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យលឿន​ជាងខែ​កន្លង​មក ។ ប៉ុន្តែ​អ្នក​ដទៃ​ទៀតនិយាយថា​ ប្រទេស​អាហ្វកានីស្ថាន​សព្វថ្ងៃ​ គឺ​ដូច​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​បួន​ឆ្នាំ​មុន​ ​នៅ​ពេល​ដែលមន្ត្រី​មួយ​ចំនួន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​កន្លែងភាគ​ច្រើននៃ​ប្រទេស ខណៈ​ដែល​ទី​ក្រុង​និង​តំបន់​សំខាន់ផ្សេង​ទៀត​ត្រូវ​បាន​យាយី​ដោយ​អំពើ​ហិង្សា។

«ឥឡូវ​នេះ ខ្ញុំ​ខ្លួន​ឯង​មិន​ដឹង​ថា​តើ​ត្រូវ​ដាក់​ប្រទេស​អាហ្វកានីស្ថាន​នៅ​ក្នុង​ទស្សនៈ​ណា​មួយឲ្យ​ពិត​ប្រាកដ​នោះ​ទេ»។

នេះ​គឺ​លោក​ម៉ៃខល អូហានឡុន (Michael O'Hanlon) នៃវិទ្យាស្ថានប្រ៊ុកឃីង (Brookings Institution)។ លោក​ថ្លែង​ថា៖

«ជារឿយៗ​ យើង​ពិត​ជា​បានឮ​ថា អ្នក​នៅក្នុង​និតិ​ប្រតិបត្តិ​អាច​ធ្វើ​ឲ្យប្រសើរ​បំផុត​នៅក្នុង សភាពការណ៍ដ៏លំបាក។ ហើយ​មនុស្ស​មួយ​ចំនួនអាច​ចោទ​ប្រកាន់​ពួក​គេ​ថា ​និយាយ​កុហក ឬបំភ្លៃ​ការពិត។ ខ្ញុំ​គិត​ថា​ វា​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរបំផុត​នៅ​ក្នុង សភាពការណ៍​ដ៏​លំបាក​នេះ ​ដោយ​ព្យាយាម​ស្វែង​រកសេចក្តីសង្ឃឹមចំពេល​ដែលមានសញ្ញាណ​នៃ​បញ្ហា »។

លោក អូហានឡុន ដែល​បាន​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​អាហ្វកានីស្ថានដើម្បី​វាយ​តម្លៃសភាពការណ៍ ដោយខ្លួន​ឯង​បាន​ឲ្យ​ដឹង​ថា​ គាត់​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេដែល​ថា​ នៅ​ក្នុងសង្គ្រាម​បែប​នេះ​ មាន​ព័ត៌មាន​ល្អសម្រាប់​រាយការណ៍​ពី​កន្លែង​ខ្លះ​ និងព័ត៌មាន​មិន​ល្អពីកន្លែងផ្សេង​ៗ​ទៀត៕

ប្រែសម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG