កាលពីថ្ងៃសៅរ៍សភានៃប្រទេសអាហ្វហ្គានីស្ថាន បានបោះឆ្នោតពន្យារពេលអណត្តិរបស់ខ្លួនហួសពីការអនុញ្ញាតដោយរដ្ឋធម្មនុញ្ញដែលមានកម្រិត៥ឆ្នាំ។ សកម្មភាពនេះបានទទួលការគាំទ្រពីលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ដែលចង់បញ្ចៀសកុំឲ្យមានភាពចន្លោះខាងផ្លូវច្បាប់ដោយសារការគ្មានការបោះឆ្នោតជាថ្មី។
ការិយាល័យរបស់លោកបាននិយាយថា ការសម្រេចចិត្តនេះបានត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយសាខាតុលាការ សាខានីតិបញ្ញត្តិនិងសាខានីតិប្រតិបត្តិរបស់រដ្ឋាភិបាល។
សមាជិកខ្លះនៃសភា និងក្រុមអ្នកជំនាញការខាងច្បាប់ខ្លះនៅតែមានការសង្ស័យអំពីនីត្យានុកូលភាពនៃសកម្មភាពនេះ។
លោក Abdul Qader Zazai សមាជិកសភាបានបន្ទោសការប្រយុទ្ធគ្នាផ្ទៃក្នុងរវាងប្រធានាធិបតី Ghani និងលោក Abdullah Abdullah ប្រធានប្រតិបត្តិថា បណ្តាលឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញនេះ។
លោក Zazai បាននិយាយថា «អស់លោកទាំងពីរនាក់នេះមិនអាចធ្វើឲ្យមានកំណែទម្រង់ពិតប្រាកដអំពីការបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកក្រោយនៃ Wolesi Jirga»។
លោក Zazai បាននិយាយយោងដល់ការសន្យាអំពីការធ្វើកំណែទម្រង់ការបោះឆ្នោតដោយលោក Ghani និងលោក Abdullah បន្ទាប់ពីការបោះឆ្នោតកាលពីលើកមុនរបស់អស់លោកមានបញ្ហាដោយសារការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោត។
ចាប់តាំងពីពេលនោះមកមានការជឿនលឿនតែបន្តិចបន្តូច ពីព្រោះអស់លោកទាំងពីរនាក់មិនអាចយល់ស្របគ្នាអំពីនរណាដែលដឹកនាំគណៈកម្មការកែទម្រង់នេះ។ ហើយទស្សនៈអំពីបញ្ហានេះក៏មានការខ្វែងគំនិតគ្នាដែរនៅតាមផ្លូវ ក៏ដូចជានៅក្នុងអាគាររបស់ក្រុមអ្នកកាន់អំណាច៕