ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករស់នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កេនយ៉ា​ថា រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​ដើម្បី​បណ្តេញ​ពួកគេ​ចេញ


រូបឯកសារ៖ អ្នកដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​បាន​សង់​ផ្ទះ​នៅ​ខាង​ក្រៅ​ព្រៃ​អភិរក្ស​ Maasai Mau នៅ​ប្រទេស​កេនយ៉ា។

អង្គការ​ការពារ​សិទិ្ធ​មនុស្ស ​Human Rights Watch ​បាន​ឲ្យ​ដឹង​ថា​ ភ្នាក់ងារ​សន្តិសុខ​របស់​ប្រទេស​កេនយ៉ា​បាន​បំពាន​និង​បណ្តេញ​ប្រជាជន​នៅ​ក្នុង​ព្រៃ​ Mau ​ដោយ​ខុស​ច្បាប់។

​ក្រុម​សិទិ្ធ​មនុស្ស​បាន​និយាយ​ថា​ មនុស្ស ៩ នាក់ បាន​ស្លាប់ រួម​ទាំង​កុមារ ២ នាក់​ផង​ដែរ​នៅ​ក្នុង​ដំណើរ​ការ​បណ្តេញ​ចេញ​ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​ ២០១៨។ រដ្ឋាភិបាល ​នៅ​តែ​បន្ត​ការ​បណ្តេញ​ចេញ​នេះ​ដោយ​លើក​ឡើង​ថា ការ​បណ្តេញ​ចេញ​នេះ​គឺ​ដើម្បី​យក​ព្រៃ​នេះ​មក​វិញ។

អង្គការ​ការពារ​សិទិ្ធ​មនុស្ស ​Human Rights Watch ​បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ​២០១៨ មក ​សេវាកម្មការពារ​សត្វ​ព្រៃ ​ប៉ូលិស​ និង​បុគ្គលិក​សន្តិសុខ​ក្នុង​តំបន់ ​បាន​បណ្តេញ​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ព្រៃ ​Mau ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជ្រលងភ្នំ ​Rift Valley​ នៃ​ប្រទេស​កេនយ៉ា។

អង្គការ​ការពារ​សិទិ្ធ​មនុស្ស​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ខ្លះ​ ត្រូវ​បាន​វាយ​ដំ និង​បាត់​បង់​ជីវិត​នៅ​ក្នុង​ដំណើរ​ការ​បណ្តេញ​ចេញ​នេះ។

លោក ​Otsieno Namwaya ​គឺជា​អ្នកស្រាវ​ជ្រាវ​នៃ​អង្គការ​ការពារ​សិទិ្ធ​មនុស្ស​ Human Rights Watch នេះ នៅ​ប្រទេស​កេនយ៉ា។

លោក​បាន​ថ្លែង​ថា៖ «យើង​កំពុង​និយាយ​អំពី​ការ​ស្លាប់​របស់​មនុស្ស​ចំនួន​ប្រាំបួន​នាក់ ដែល​ពួក​គេ​បាន​ស្លាប់​មិន​មែន​តាម​រយៈ​ការ​បាញ់​ប្រហារ​ទេ គឺ​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ ពីព្រោះ​អ្នក​ខ្លះ​ត្រូវ​បាន​គេវាយ​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវបាន​គេ​វាយ​ដោយ​បំពង់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ហើយ​អ្នក​ខ្លះ​ទៀត​បាន​ដួល​ពេល​កំពុង​រត់​គេច និង​បាក់ជើង​ បាក់​ឆ្អឹង​ជំនីរ​ហើយ​ក្រោយមក​បាន​ស្លាប់។ ក្មេង​តូចៗ​យ៉ាង​តិច​ណាស់ ២ នាក់ ​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ដំណើរ​ការ​បណ្តេញ​ចេញ​នេះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើការ​ពិនិត្យ​មើល មិនមែន​ព្រងើយ​កន្តើយ​នោះ​ទេ»។

ការចោទ​ប្រកាន់​នេះ​ កើត​មាន​ឡើង​មួយ​ខែ​បន្ទាប់​ពី​អាជ្ញាធរ​កេនយ៉ា​ប្រកាស​ផែនការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​ប្រមាណ ៦ ម៉ឺន​នាក់​ចេញ​ដើម្បី​ការពារ​ព្រៃ​នេះ។

រដ្ឋាភិបាល​បដិសេធ​ថា មិន​បាន​ប្រើ​កម្លាំង​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ព្រៃ​នេះ​ទេ។ លោក Cyrus Ogunda ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​មិន​ធ្លាប់​បណ្តេញ​ប្រជាជន​ចេញពី​ព្រៃ Mau ម្តង​ណា​ឡើយ។ រដ្ឋាភិបាល​មិន​ដែល​ប្រើ​កម្លាំង​ដើម្បី​បណ្តេញ​អ្នកណា​ម្នាក់​ចេញ​ពី​ព្រៃ Mau ទេ។ អ្វី​ដែល​កំពុង​កើតឡើង​នៅព្រៃ Mau គឺ​ជា​ការស្ម័គ្រចិត្ត។ ប្រជាជន​ដែល​ផ្លាស់​ចេញ​ពីព្រៃ Mau ពួកគេ​ចេញ​ទៅ​ដោយ​ស្ម័គ្រចិត្ត។ ដូច្នេះ នៅ​ពេល​ដែល​អ្នក​និយាយ​ថា មាន​មនុស្ស​ត្រូវ​បាន​សម្លាប់​នៅ​ព្រៃ Mau គឺ​មិនមែន​ជា​ការពិត​នោះ​ទេ»។

រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ធុង​ទឹក​ដើរ​ក្បែរ​ផ្ទះ​បាក់​បែក​នៅ​ព្រៃ​ Mau។ អាជ្ញាធរ​កេនយ៉ា​និយាយ​ថា ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ព្រៃ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​នោះ បាន​ទន្ទ្រាន​យក​ព្រៃ​អភិរក្ស​នេះ។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ធុង​ទឹក​ដើរ​ក្បែរ​ផ្ទះ​បាក់​បែក​នៅ​ព្រៃ​ Mau។ អាជ្ញាធរ​កេនយ៉ា​និយាយ​ថា ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ព្រៃ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​នោះ បាន​ទន្ទ្រាន​យក​ព្រៃ​អភិរក្ស​នេះ។

លោក Bernad Sang គឺជា​មេដឹកនាំ​នៃ​ក្រុមជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ឆ្នាំ ២០១៨។ លោក Sang បាន​និយាយ​ថា លោក​នៅ​ចាំ​ថ្ងៃ​ដែល​កងសន្តិសុខ​បាន​មក​ តំបន់​ព្រៃ​ដែល​ផ្ទះ​របស់​លោក​មាន​ទីតាំង​នៅ​ក្នុង​នោះ។

លោក Bernad Sang ថ្លែង​ថា៖ «កងសន្តិសុខ មក​នៅ​ថ្ងៃ​បណ្តេញ​ចេញ​នោះ​យ៉ាង​រហ័ស នៅ​ថ្ងៃ​ទី៦ និង​ទី៧ ហើយ​ចាប់ផ្តើម​បណ្តេញ​ពួក​យើង​ចេញ​នៅ​ថ្ងៃ​នោះ។ ពួក​យើង​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ត្រៀម​ខ្លួន​ទាល់​តែ​សោះ។ ពួក​យើង​មួយ​ចំនួន​ត្រូវ​បាន​គេ​វាយ​ អ្នក​ខ្លះ​ទៀត​បាន​រង​របួស ហើយ​ផ្ទះ​មួយ​ចំនួន​ត្រូវ​បាន​គេដុត។ អ្នកខ្លះ បាន​រងរបួស​ជើង។

លោក Bernad Sang ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ម៉ឺន​នាក់ ដែល​គេ​ថា​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ព្រៃ Mau។

កាលពី​ខែសីហា រដ្ឋ​នេះ បាន​ផ្តល់​ឲ្យ​សហគមន៍​ដែល​នៅ​សេសសល់​រយៈពេល ៦០ថ្ងៃ ដើម្បី​ចាកចេញ។

លោក Bernad Sang បាន​ថ្លែង​ថា ថ្វីបើ​ពួកគេ​បាន​ទទួល​រយៈពេល ៦០​ថ្ងៃ ដើម្បី​ចាកចេញ​ក៏​ពិតមែន ក៏​នៅ​តែមាន​ន័យ​ថា ពួកគេ ត្រូវបាន​បង្ខំឲ្យ​ចាក​ចេញ​ពី​តំបន់​ព្រៃ Mau។

លោក ​Bernad Sang ​ថ្លែង​ថា៖ «រដ្ឋាភិបាល​នេះ​មាន​ភាព​ប្រាកដ​ប្រជា​ណាស់។ ឥឡូវ​នេះ ​ពួកគេ​បណ្តេញ​ប្រជា​ពលរដ្ឋ។ ពួកគេ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ។ សូម្បីតែ​រយៈ​ពេល​៦០​ថ្ងៃ​ដែល​ពួកគេ​ផ្តល់​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មិនទាន់​ដល់​ពេល​កំណត់​ផង ពួកគេ​ចាប់ផ្តើម​វាយ​ធ្វើបាប​ប្រជា​ពលរដ្ឋ និង​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួកគេ​ទៅ​ហើយ»។

តំបន់​ព្រៃ Mau មាន​ទំហំ​៤សែន​ហិកតា។ រដ្ឋាភិបាល​កេនយ៉ា បាន​ព្យាយាម​បណ្តេញ​អ្នកតាំង​ទីលំនៅ​ទាំងអស់​ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ​នោះ។ អ្នកការពារ​បរិដ្ឋាន​មួយ​ចំនួន ជឿ​ថា ការវាតទី​របស់​មនុស្ស​ចូល​ក្នុង​តំបន់​ព្រៃ​នេះ មាន​ចំណែក​ក្នុង​ការធ្វើ​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​នៅ​ក្នុង​ប្រទេស​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG