ក្រុមសកម្មជនសិទ្ធិមនុស្ស បានរិះគន់ប្រទេសចិន ក្រោយពីមានរបាយការណ៍មួយចំនួន ដែលថា រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនទាំងបង្ខំនូវជនជាតិកូរ៉េខាងជើងដែលបានរត់ចោលមាតុភូមិជាង ៥០០ នាក់ ទៅប្រទេសកំណើតរបស់គេវិញ។
ផ្អែកលើក្រុមសិទ្ធិមនុស្សកូរ៉េខាងត្បូងជាច្រើន ដែលបានធ្វើការជាមួយក្រុមជនភៀសខ្លួនកូរ៉េខាងជើងបានឱ្យដឹងថា ក្រុមអ្នករត់ភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងទាំងនេះ ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ តាមរយៈច្រកព្រំដែនចិននិងកូរ៉េខាងជើងកាលពីដើមសប្តាហ៍នេះ គឺរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៣ ក្នុងទីក្រុង Hangzhou ប្រទេសចិន បានបិទបញ្ចប់។
សេចក្តីរាយការណ៍ពីការធ្វើមាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើងក្នុងទ្រង់ទ្រាយធំនេះ គឺជាលើកទី ១ ហើយរបស់ចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួនដោយសារជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មុនអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ចិនក៏បានបញ្ជូនជនជាតិកូរ៉េខាងជើងជាច្រើននាក់ជាទៀងទាត់ទៅប្រទេសកំណើតរបស់គេវិញ ដោយនៅទីនោះ ពួកគេប្រឈមនឹងទណ្ឌកម្មមួយចំនួន ដូចជាការបង្ខំឱ្យធ្វើការជាទម្ងន់ ការជាប់ពន្ធនាគារ ការទទួលរងទណ្ឌកម្ម និងការប្រហារជីវិតជាដើម។
ក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីការធ្វើមាតុភូមិនិវត្តន៍នោះឡើយ ប៉ុន្តែបានការពារ ការអនុវត្តរបស់ចិនទៅលើជនជាតិកូរ៉េខាងជើងទាំងនេះ ដែលខ្លួនចាត់ទុកថាជាជនចំណាកស្រុកសេដ្ឋកិច្ចខុសច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា៖ «មិនមានអ្នកភៀសខ្លួនពីប្រទេសដូចការហៅនោះឡើយ» នៅក្នុងប្រទេសចិន។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានឲ្យដឹងផងដែរពីសេចក្តីរាយការណ៍នានាជុំវិញការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខិតបង្ខំនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប៕